កាតព្វកិច្ច​របស់​ឪពុក​ល្អ​ ដែល​សម​ប្រកប​ដោយ​ព្រហ្មវិហារ​ធម៌​

បើ​និយាយ​ពី​ជីវិត​សង្គម​នៃ​ក្រុម​គ្រួសារ​ បុរស​គឺ​ជា​ស្វាមី​ ជា​ឪពុក​ និង​ស្ថាបនិក​មួយ​រូប​ ដែល​រួម​ដៃ​គ្នា​ជា​មួយ​ភរិយា​ បង្កើត​បាន​ជា​គ្រួសារ​មួយ​ ដោយ​មាន​បុត្រ​ធីតា​ រួមរស់​នឹង​គ្នា​ដោយ​សុភមង្គល​។ ប៉ុន្តែ​បុរស​មួយ​ចំនួន​ ក៏​នៅ​ខ្វះ​នូវ​លក្ខណ​សម្បត្តិ​ ក៏​ដូចជា​ទំនួល​ខុស​ត្រូវ​ចំពោះ​ក្រុម​គ្រួសារ​ផង​ដែរ​ ដោយ​បច្ចុប្បន្ន​នៅ​ក្នុង​សង្គម​ខ្មែរ​ មាន​បុរស​មួយ​ចំនួន​និយម​ ដើរ​លេង​សើច​សប្បាយ​ ឈ្លក់​វង្វេង​និង​ភ្លើតភ្លើន​ ជាមួយ​នឹង​ល្បែង​ពាលា​ ភ្លេច​ប្រពន្ធ​កូន​។
បុរស​អាច​ក្លាយ​ជា​ឪពុក​ តែ​ឪពុក​គ្រប់​រូប​ មិន​ប្រាកដ​ថា​ល្អ​ទាំងអស់​នោះ​ទេ​ ដូច្នេះ​ហើយ​គេហទំព័រ​ KQUBE.Net  សូម​ចូលរួម​ចំណែក​ នៃ​ការ​ចែក​រំលែក​គំនិត​មួយ​ចំនួន​ ក្នុង​កាតព្វកិច្ច​ដ៏​ធំ​ក្នុង​រង្វង់​គ្រួសារ​ ក្នុង​មាន​ជា​បុរស​ និង​ជា​ឪពុក​។
បុរស​ជា​ឪពុក​ល្អ
គ្រប់​បុរស​ទាំងអស់​នៅ​ពេល​ពេញ​វ័យ​រៀបការ​ ក្លាយ​ជា​ស្វាមី​ហើយ​នោះ​ គឺ​មាន​ន័យ​ថា​បាន​សម្រេច​គោល​ដៅ​ជីវិត​គ្រួសារ​ មួយ​ភាគ​បួន​ក្នុង​ដំណាក់កាល​ដំបូង​ រួច​ហើយ​ការ​បង្កើត​បុត្រ​ធីតា​ គឺ​បាន​បំពេញ​បន្ថែម​មួយ​ភាគ​បួន​ទៀត​ នៃ​ដំណាក់កាល​ទី​២​ ចំណែក​ការ​ចិញ្ចឹម​កូន​ប្រកប​ដោយ​គុណធម៌​ និង​ទំនួល​ខុសត្រូវ​ខ្ពស់​ ដើម្បី​អនាគត​ភ្លឺ​ស្វាង​របស់​ពួកគេ​នោះ​ គឺ​អ្នក​បាន​សម្រេច​ជោគជ័យ​ដល់​គោលដៅ​១០០​ភាគរយ​ ចំពោះ​សេចក្ដី​សុខ​និង​សុភមង្គល​នៃ​ក្រុម​គ្រួសារ​ទាំង​មូល​។
ដូចនេះ​ដើម្បី​ក្លាយ​ជា​ស្វាមី​ និង​ជា​ឪពុក​ល្អ​បាន​ ចូរ​មិត្ត​អ្នក​អាន​ ជា​ពិសេស​បុរស​គ្រប់រូប​ គួរ​ប្រតិបត្តិ​នូវ​ចំណុច​ទាំង​៤​ដូច​ខាងក្រោម​ ដែល​សុទ្ធ​សឹង​ជា​ឥរិយាបថ​ និង​កាតព្វកិច្ច​របស់​ឪពុក​ ក្នុង​សង្គម​គ្រួសារ​កម្ពុជា​ ត្រូវ​រ៉ាប់រង​និង​ទទួល​ខុសត្រូវ​។
សិល្បៈ​នៃ​ការ​ធ្វើជា​ឪពុក​ល្អ
ជា​ធម្មតា​នៃ​ប្រពៃណី​ទំនៀម​ទម្លាប់​របស់​ខ្មែរ​ បុរស​គឺ​ជា​មេ​គ្រួសារ​ ហើយ​ក៏​ជា​បង្គោល​ជំហរ​របស់​គ្រួសារ​ ដែល​ត្រូវ​មាន​ភារកិច្ច​ចេញ​ទៅ​ប្រកប​របរ​រកស៊ី​ ផ្គត់ផ្គង់​ជីវភាព​ប្រពន្ធ​កូន​ រីឯ​ភរិយា​មាន​តួនាទី​រៀបចំ​ទុកដាក់​កិច្ចការ​ផ្ទះ​ និង​អប់រំ​ប្រៀនប្រដៅ​កូនចៅ​។ ហើយ​លើស​ពី​នេះ​ទៅ​ទៀត​ឪពុក​ម្ដាយ​ ជា​តួអង្គ​ដ៏​សំខាន់​ ក្នុង​ការ​ចិញ្ចឹម​បីបាច់​ថែរក្សា​កូនចៅ​ ឲ្យ​មាន​ជីវិត​និង​អនាគត​ត្រចះត្រចង់​ សាង​អនាគត​នៃ​ក្រុម​គ្រួសារ​របស់​គេ​ផ្ទាល់​ក្នុង​សង្គម​ ដោយ​ប្រកប​មុខរបរ​ ឬ​មាន​អាជីព​ត្រឹមត្រូវ​។
១. ឪពុក​ធ្វើជា​មេ​ដឹកនាំ​ ៖ ឪពុក​ជា​អ្នក​ដែលគេ​ឱ្យ​តម្លៃ​ខ្ពស់​ខ្លាំង​ទៅលើ​ការ​ដឹកនាំ​គ្រួសារ​ និង​កូន​ៗ។ ឪពុក​ជា​អ្នក​ដែល​ត្រូវ​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​ការ​ដឹកនាំ​ប្រៀន​ប្រដៅ​កូន​ៗ ហើយ​ជា​អ្នក​កំណត់​នូវ​អនាគត​របស់​កូន​។ ឪពុក​ត្រូវ​ធ្វើ​ជា​គំរូ​របស់​កូន​នៅ​គ្រប់​ សកម្ម​ភាព​ទាំង​អស់​ទាំង​ពាក្យ​សម្ដី​ត្រូវតែ​មាន​ភាព​ម៉ឺងម៉ាត់​។ លោក​ឪពុក​ជា​អ្នក​ផ្ដល់​ឱ្យ​កូន​ក្នុង​ភាពជា​អ្នក​មាំទាំ ហើយ​កូន​ៗ​របស់ លោក​ភាគច្រើន​គឺជា​អ្នក​ប្រកប​ធម៌ និង​ចេះ​ស្ដាប់​ដំបូន្មាន​ល្អ​ៗ។ ប៉ុន្តែ​ប្រសិន​បើ​លោក​ឪពុក​ជា​អ្នក​ ដែល​មិនបាន​ហេតុ​ផល​គ្រប់គ្រាន់​ ក៏​ដូចជា​គំនិត​ឯកច្ឆន្ទ​ក្នុង​ការ​សម្រេច​ចិត្ដ​ធ្វើ​ការងារ​អ្វីមួយ​ ដោយ​មិន​បាន​គិតគូរ​ឱ្យ​បាន​ហ្មត់ចត់​នោះ​ អាច​ធ្វើ​ឱ្យ​រូប​លោក​បាត់បង់​នូវ​តម្លៃ​ របស់​ខ្លួន​បាន​។
២.  ឪពុក​ជា​អ្នក​ការពារ​៖  ឪពុក​គឺជា​អ្នក​ដែល​មើល​ការ​ថែទាំ អ្នក​ការពារ និង​អ្នក​គិតគូរ​យ៉ាង​ច្រើន​ទៅ​លើ​អនាគត​របស់​កូន​ៗ​។ ជា​ពិសេស​ទៅ​ទៀត លោកអ្នក​ត្រូវ​ឆ្លៀត​យក​ពេល​វេលា​ច្រើន​សម្រាប់​ការ​អប់រំ​ទូន្មាន​ប្រៀន​ប្រដៅ ដើម្បី​តម្រង់​នូវ​អនាគត​កូន​ៗ។ ក្រៅពី​នេះ​លោក​ឪពុក​ក៏​ជា​អ្នក​ទទួល​ស្គាល់​នូវ​ហេតុផល​នានា​ផង​ដែរ​ ទើប​ធ្វើការ​សម្រេច​ចិត្ត​។
៣. ឪពុក​ជាទី​ប្រឹក្សា​៖ លោក​ឪពុក​ជាទី​ប្រឹក្សា ជា​អ្នក​ជួយ​ស្វែង​រក​ដំណោះ​ស្រាយ ហើយក៏​ជា​អ្នក​មាន​ភាព​ស្និទ្ធស្នាល​ថែមទៀត​ដល់​កូន។ លោក​ឪពុក​នៅ​ពេល​នេះ​ជា​អ្នក​ ដែល​អាច​ដឹង​សុខ​ទុក្ខ​ និង​បញ្ហា​ផ្ទាល់​ជាច្រើន​របស់​កូន​ៗ និង​ជា​អ្នក​យល់ដឹង​ពី​ចិត្តសាស្ត្រ​ និង​តម្រូវ​ការ​របស់​កូន​ៗ​។
៤.  ឪពុក​ជា​មិត្ត​ស្និទ្ធស្នាល​៖ លោក​ឪពុក​ដែល​ជា​មិត្ត​ស្និទ្ធស្នាល គឺជា​អ្នក​ដែល​ជំរុញ និង​បង្ក​នូវ​បរិយាកាស​រីករាយ​មួយ​សម្រាប់​គ្រួសារ​។ អាកប្ប​កិរិយា​របស់​លោក​ បាន​ផ្ដល់​នូវ​ភាព​កក់ក្ដៅ​ដល់​រូប​កូន​ៗ​ណា​ ដែល​ចេះ​ស្ដាប់​ដំបូន្មាន​ រស់នៅ​ក្នុង​ភាព​សម្បូរ​សប្បាយ​ បង្កើត​ជា​មោទនភាព​ដ៏​អស្ចារ្យ​មួយ​។ ប៉ុន្តែ​បើ​ភាព​ស្និទ្ធស្នាល​របស់​លោក​ មាន​កម្រិត​ខ្លាំង​ពេក​ចំពោះ​កូន​ កម្រិត​នោះ​អាច​ធ្វើ ឱ្យ​លោក​បង្ហាញ​អស់​នូវ​ចំណុច​ខ្សោយ​ ដែល​បណ្ដាល​ឱ្យ​កូន​ៗ​អាច​នឹង​ខិលខូច​ ហើយ​អាច​បង្ក​ជា​បញ្ហា​សម្រាប់​គ្រួសារ​បាន​ ដូច​ដែល​ពាក្យ​ថា​ “ស្រឡាញ់​កូន​រហូត​ទាល់តែ​ស្គាល់​ចិត្ត​”។
ចំណុច​ទាំង​៤​ខាងលើ​ដែល​លើក​មក​ជម្រាប​ជូន​លោកអ្នក​ខាងលើ​ ទោះបី​ជា​មិន​បាន​ពេញ​លេញ​ល្អ​ក៏​អាច​ក្លាយ​ជា​ចំណែក​មួយ​ នៃ​ការ​ប្រតិបត្តិ​របស់​លោកអ្នក​ ក្នុង​ភារៈ​ជា​ឪពុក​នេះ​។ ក្រៅពី​នេះ​លោក​ឪពុក​ទាំងអស់​អាច​ថ្លឹងថ្លែង​ រក​ចំណុច​រួម​មួយ​នៃ​តួនាទី​ និង​ការ​សម្រប​សម្រួល​​នៅ​ក្នុង​គ្រួសារ​ សម្រាប់​ជំរុញ​គ្រួសារ​ឱ្យ​ប្រាសចាក​ភាព​សៅហ្មង​ទាំង​ឡាយ​៕
ប្រភព៖ kqube
  • កាតព្វកិច្ច​របស់​ឪពុក​ល្អ​ ដែល​សម​ប្រកប​ដោយ​ព្រហ្មវិហារ​ធម៌​已关闭评论
  • 56 views
  • Hide Sidebar
    A+
Publish on:2016/03/30  Category:ចំនេះដឹង
Tags: