តើ​មូលដ្ឋានគ្រឹះ​នៃ​​សុភមង្គល​គ្រួសារ​គឺ​ជា​ភាព​ស្មោះត្រង់​ពិត​មែន​ទេ​?

បំណង​ប្រាថ្នា​ដ៏​ធំ​របស់​មនុស្ស​ស្ទើរ​តែ​គ្រប់​រូប​ សុទ្ធ​សឹង​តែ​ចង់​ឃើញ​ក្រុម​គ្រួសារ​របស់​ខ្លួន​ ទទួល​បាន​នូវ​សុភមង្គល​ពេញ​មួយ​ជីវិត​ ប៉ុន្តែ​បំណង​ប្រាថ្នា​មួយ​នេះ​មិនមែន​មនុស្ស​គ្រប់​រូប​អាច​ទទួល​បាន​នោះ​ឡើយ​ ព្រោះ​កត្តា​នៃ​ស្ថានភាព​និង​កាលៈទេសៈ​ជីវិត​រស់នៅ​ ក្នុង​សង្គម​មនុស្ស​គឺ​មាន​បែប​ផែន​ផ្សេង​ៗ​ពី​គ្នា​។
ដោយ​ឡែក​បើ​និយាយ​ពី​ការ​ចាប់​ផ្ដើម​នូវ​ក្ដី​ស្រលាញ់​ ក្នុង​ភាព​ជា​យុវវ័យ​រហូត​ទៅ​ដល់​ការ​ជ្រើសរើស​គូស្រករ​ ឬ​មិត្ត​មួយ​រយ​ឆ្នាំ​វិញ​នោះ​ វា​គ្រាន់​តែ​ជា​ជំហាន​ដំបូង​ ក្នុង​ការ​កសាង​ជីវិត​អាពាហ៍ពិពាហ៍​ប៉ុណ្ណោះ​ ហើយ​អ្វី​ដែល​មនុស្ស​ពីរ​នាក់​បាន​ចាប់​ដៃ​គ្នា​ សាង​នូវ​អនាគត​គ្រួសារ​ដោយ​ខ្លួន​ឯង​ វា​មុខ​នឹង​ជួប​ប្រទះ​ឧបសគ្គ​ ដែល​មិន​អាច​ចៀស​រួច​ និង​មិន​ខុស​អី​ពី​ «ចាន​ក្នុង​រាវ​គង់​នឹង​រណ្ដំ​ព្រោះ​តែ​ទង្គិច​គ្នា​» នោះ​ទេ​។
ដូចនេះ​ហើយ​គូស្នេហ៍​ទាំងឡាយ​ គួរ​តែ​សិក្សា​ស្វែង​យល់​ចិត្ត​គ្នា​ និង​រៀន​អធ្យាស្រ័យ​គ្នា​ទៅវិញ​ទៅមក​ ព្រោះ​ហេតុតែ​កាល​បើ​យើង​បាន​រស់នៅ​ជាមួយ​គ្នា​ជា​រៀងរាល់​ថ្ងៃ​ យើង​នឹង​មើល​ឃើញ​នូវ​បំណាំ​ និង​កំហុស​ឆ្គង​របស់​គ្នា​រៀង​ៗ​ខ្លួន​។ ម៉្យាង​វិញ​ទៀត​នោះ​យើង​ត្រូវ​រៀន​បង្កើត​ភាព​ស្មោះ​ត្រង់​ចំពោះ​គ្នា​ដោយ​ចេះ​កែ​ខ្លួន​ នៅ​ពេល​ដែល​មាន​កំហុស​ឆ្គង​និង​មិន​ត្រូវ​ឲ្យ​មាន​បញ្ហា​ដដែល​ៗ​កើតឡើង​នោះ​ឡើយ​។
ជាពិសេស​ត្រូវ​ស្រលាញ់​ និង​ស្មោះត្រង់​ជានិច្ច​ចំពោះ​ក្រុម​គ្រួសារ​ ដោយ​លោក​អ្នក​អាច​ក្រឡេក​មើល​ និង​ពិចារណា​ទៅ​លើ​គន្លឹះ​ប៉ុន្មាន​​ចំណុច​នេះ​៖
ទី​១​. រស់​នៅ​ប្រកប​ដោយ​ស្នាមញញឹម​
ទី​២​. មិន​ត្រូវ​ប្រើ​ហិង្សា​ក្នុង​ក្រុម​គ្រួសារ​​
ទី​៣​. ត្រូវ​ឲ្យ​តម្លៃ​គ្នា​ទៅវិញ​ទៅមក​
ទី​៤​. ត្រូវ​ចេះ​ពិភាក្សា​និង​ទទួល​យក​គំនិត​គ្នា​
ទី​៥. យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា​មិន​ថា​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​
ទី​៦​.ត្រូវ​ចេះ​ស្រលាញ់​គោរព​គ្រួសារ​ទាំង​សងខាង​
ទី​៧​. ត្រូវ​ចេះ​រាប់​អាន​ញាតិ​ជិត​ខាង​
ទី​៨​. ត្រូវ​ចេះ​សហការ​និង​សាមគ្គី​គ្នា​ក្នុង​ការ​សម្រេច​គោល​បំណង​ទៅ​ថ្ងៃ​អនាគត​។
តើ​មើល​ទៅ​វា​ហាក់​ដូចជា​មាន​បន្ទុក​ច្រើន​ណាស់​មែន​ទេ​ សម្រាប់​លោក​អ្នក​? ទាំង​នេះ​វា​គ្រាន់​តែ​ជា​បន្ទុក​មួយ​ចំនួន​ប៉ុណ្ណោះ​ ដែល​លោក​អ្នក​ត្រូវ​គិតគូរ​ និង​ត្រៀម​ខ្លួន​ទុក​ជាមុន​ សម្រាប់​ជីវិត​ក្រោយ​អាពាហ៍ពិពាហ៍​។ វា​នៅ​មាន​រឿង​ជាច្រើន​ទៀត​ ដែល​អ្នក​ត្រូវ​ប្រឈមមុខ​ ប៉ុន្តែ​ទោះបីជា​មាន​បញ្ហា​ច្រើន​យ៉ាងណា​ដោយ​ លោក​អ្នក​គ្រាន់​តែ​រក្សា​នូវ​ទឹកចិត្ត​ស្មោះត្រង់​ចំពោះ​ក្រុម​គ្រួសារ​ នោះ​វា​គ្រប់​គ្រាន់​ណាស់​ទៅ​ហើយ​ សម្រាប់​លោក​យក​ឈ្នះ​នូវ​ការ​លំបាក​ទាំងឡាយ​ ហើយ​ទី​បំផុត​អ្នក​នឹង​រក​ឃើញ​សុភមង្គល​មួយ​យ៉ាង​ពិត​ប្រាកដ​ នា​ថ្ងៃ​អនាគត​៕
ប្រភព៖ kqube
  • តើ​មូលដ្ឋានគ្រឹះ​នៃ​​សុភមង្គល​គ្រួសារ​គឺ​ជា​ភាព​ស្មោះត្រង់​ពិត​មែន​ទេ​?已关闭评论
  • 27 views
  • Hide Sidebar
    A+
Publish on:2016/03/30  Category:ចំនេះដឹង
Tags: