ទឹក​ប្រាក់​ចំនួន​៦​លាន​រៀល​ ​ត្រូវ​បាន​ផ្ដល់​ជូន​ក្រុម​គ្រួសារ​សព​​​លោក តិច ហេង

ទឹក​ប្រាក់​ចំនួន​៦​លាន​រៀល​ ​ត្រូវ​បាន​ផ្ដល់​ជូន​ក្រុម​គ្រួសារ​សព​​​លោក តិច ហេង



កំពង់ធំ​ ៖​ លោក​ធី​វ វណ្ណ​ធីរ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ និង​ជា​ប្រធាន​គណៈកម្មការ​ ស ប ក ​សាខា​ខេត្ត​កំពង់ធំ បាន​ទទួល​ភារកិច្ច ​ដឹកនាំ​ក្រុមការងារ​នាំ​យក​ប្រាក់​វិភាគទាន​សហគមន៍​មិត្ត​បុគ្គលិក កសិកម្ម​កម្ពុជា​ជូន​គ្រួសារ​សព​១​គ្រួសារ​ចំនួន​៦​លាន​រៀល ​ដល់​លំនៅឋាន​ក្នុង​ភូមិ ទី​៤ សង្កាត់​កំពង់ធំ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៦។

ពិធី​ប្រគល់​ប្រាក់​វិភាគទាន​នេះ ត្រូវ​បាន​ប្រគល់​ដល់​គ្រួសារ​សព​លោក តិច ហេង ចំនួន ៦​លាន​រៀល ក្នុង​នោះ​ដែរ​លោក​លោក​ធី​វ វណ្ណ​ធីរ ប្រធាន​គណៈកម្មការ បាន​មានប្រសាសន៍​សំណេះសំណាល​សួរសុខទុក្ខ ដល់​ក្រុម​គ្រួសារ សព​ដោយមាន​ខ្លឹមសារ​ថា ការបាត់បង់​ធនធានមនុស្ស​របស់​មន្ទីរ​កសិកម្ម​ដំណាក់កាល​ដំបូង ​គឺ​មន្ត្រី​ចូលនិវត្តន៍​បាន​ទទួល​មរណភាព​ធ្វើ​ឲ្យ​យើងខ្ញុំ មានការ​ចូលរួម​សោកស្ដាយ យ៉ាង​ក្រៃលែង និង​បាន​ជម្រាប​ពី​លក្ខន្តិកៈ​ ក៏ដូចជា​គោលការណ៍​ផ្ដល់ជូន​សហព័ន្ធ ប្ដី​ប្រពន្ធ ដែល​មិនមែនជា​សមាជិក ដែល​ទទួល​មរណភាព​មុន ត្រូវបាន​ទទួល​ការ​ឧបត្ថម្ភ​ចំនួន ៣​លាន​រៀល ក្នុង​១​នាក់។ ចំពោះ​សមាជិក​សហគមន៍ ទទួលបាន ៦​លាន​រៀល។ បន្ទាប់មក​បាន​ហែក​ស្រោមសំបុត្រ​បណ្ដាំ មរតក ដើម្បី​អាន​ខ្លឹមសារ​ឲ្យ​តំណាង​ក្រុមគ្រួសារ​ស្ដាប់ មើល និង​ប្រគល់​ជូន ព្រមទាំង​បាន​អាន​នូវ​សារ​រំលែក​ទុក្ខ របស់ លោក​ បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ​បាន ស្ដាប់ មើល និង​ប្រគល់​ជូន​តាម​ឈ្មោះ​ដែល​ត្រូវ​បាន​ទទួល​តាម​បណ្ដាំ​មរតក​នេះ ដោយ​បាន​បញ្ជាក់​ថា ប្រពន្ធ ឈ្មោះ អាំង ប៉ូ​គីម ជា​អ្នកទទួល​មរតក​នេះ។

ក្នុង​ន័យ​នេះដែរ​បាន​ឆ្លុះបញ្ចាំង​ពី​ទឹក​ចិ​ត្ត លោក​បណ្ឌិត អ៊ុក​រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ដែល​បាន​យកចិត្តទុកដាក់​និង គិតគូរ​ខ្ពស់​ចំពោះ​ក្រុម​គ្រួសារ​មន្ត្រី​កសិកម្ម​ ដែល​បាន​ចូលនិវត្តន៍ ឬ​អ្នក​ដែល​ទទួល​មរណភាព តែងតែ​ប្រឈមមុខ​ចំពោះ​ការ​ខ្វះខាត​ក្នុង​ជីវភាព​គ្រួសារ ជាប្រចាំ ដូច្នេះ​ថ្វីត្បិតតែ​មន្ត្រី​យើង​ចូលនិវត្តន៍​ហើយ​ក្ដី ក៏​លោក​បណ្ឌិត​ និង​មន្ត្រី​កសិកម្ម​ទាំងអស់​មិន​បោះបង់​បងប្អូន​ចោល​នោះ​ឡើយ។

ចុងក្រោយ តំណាង​ក្រុម​គ្រួសារ​នៃ​សព បាន​សម្ដែង​នូវ​ការ​គោរព​ដឹងគុណ​ជា​អនេកប្បការ​ចំពោះ​ថ្នាក់ដឹកនាំ​របស់​ក្រសួង និង​មន្ទីរ កសិកម្ម​ខេត្ត​ ដែល​បាន​ពាំនាំ​យក​ថវិកា​​ទាំងនេះ​មក​ជូន​ក្រុម​គ្រួសារ​សព​យើងខ្ញុំ ដែល​កំពុងតែ​ខ្វះខាត ក្នុង​ជីវភាព​គ្រួសារ។ ទី​បញ្ចប់ លោក​ប្រធាន គណៈកម្មការ​លោក ធី​វ វណ្ណ​ធី បាន​ផ្ដាំផ្ញើ​ដល់​ក្រុមគ្រួសារ សព​ដែល​ទទួល​បាន​ប្រាក់​វិភាគទាន​នេះ​រួចហើយ យក​ទៅ​ប្រើប្រាស់​ឲ្យ​សមប្រកប​មាន​ប្រយោជន៍ តាម​គោលការណ៍​របស់ខ្លួន​ប្រកបដោយ​សុវត្ថិភាព៕
ទឹក​ប្រាក់​ចំនួន​៦​លាន​រៀល​ ​ត្រូវ​បាន​ផ្ដល់​ជូន​ក្រុម​គ្រួសារ​សព​​​លោក តិច ហេង