ដើម្បី​​ល្បី​ត្រូវ​តែ​លេច​លើ​លេច​ក្រោម​ ឬ​យ៉ាង​ណា?

នៅ​ក្នុង​មួយ​រយ​:​ពេល​ចុង​ក្រោយ​​នេះ មានការ​ពិភាក្សា​ជា​ច្រើន ​អំពី​ភាព​សិច​ស៊ី​របស់​សិ​ល្បៈការិនី​មួយ​ចំនួន ​ដែល​កំពុង​ចង់​​ល្បី​នៅ​ក្នុង​ពិភព​​សិ​ល្បៈ ​។

ដោយសារ​តែ​សិ​ល្បៈ​ការិនី​មួយ​ចំនួន​​ចង់​ល្បីឈ្មោះ​​នោះ ពួក​គេ​បាន​រិះរក​វិធី​ផ្សេង​ៗ ​ដើម្បី​ទាក់ទាញ​ការ​ចាប់អារម្មណ៍​​របស់​មហាជន​។ អ្នក​ខ្លះ​បាន​ថតរូប​​យ៉ាង​ក្តៅ​សាច់​ ដោយ​សឹង​បង្ហាញ​​ទាំងអស់​ ​ល្វែង​ខាងលើ​ និង​ល្វែង​ខាងក្រោម​ ។

ចរន្ត​នេះ​ ក៏​នាំ​ឱ្យ​​មានការ​ព្រួយបារម្ភ​ពី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិ​ល្បៈ ​ដោយ​អំពាវនាវឱ្យ​​ពួក​គេ​កុំ​ហួសហេតុ​ពេក​ នៅ​ក្នុង​ការ​បញ្ចេញ​សាច់​ ។

ដើម្បី​ភាព​ល្បីល្បាញ​​នោះ ការ​ថត​សិច​ស៊ី​ មិន​គួរ​ត្រូវ​​បានជា​ជម្រើស​ដ៏​ល្អ​នោះ​​ឡើយ នៅ​ក្នុង​បរិបទ​​នៃ​ប្រទេស​កម្ពុជា ​។ គេ​អាច​ជ្រើស​រើស​យក​វិធី​​ដែល​ល្អ​ជាង​នេះ ​ដើម្បី​ឆ្ពោះទៅ​រក​ភាព​ល្បី ​ឬ​ក៏​ដើម្បី​រក្សា​ប្រជាប្រិយភាព​​ កុំឱ្យ​​ធ្លាក់​​ចុះ​​វិញ ​។

ជំនួសឱ្យ​ការ​ថត​ចេញ​លើ​ចេញ​​ក្រោម​​ហួសហេតុ​ពេក​​នោះ សិ​ល្បៈ​ការិនី​កម្ពុជា​​ អាច​មាន​វិធី​ផ្សេង​ៗ​​ដែល​ល្អ​ជាង​នេះ​ ដើម្បី​កសាង​កេ​រ្តិ៍​​ឈ្មោះ​​ឱ្យ​​ល្បី​ ។ ពួក​គេ​ត្រូវ​ពង្រឹង​សមត្ថភាព​សម្តែង​របស់​ពួក​គេ ​។ ក្រៅពី​នេះ ការ​ចូលរួម​សកម្មភាព​សង្គម ​ដូច​ជា​ការ​ចូល​រួមការ​សម្តែង​​ ដើម្បី​រក​មូលនិធិ​ជួយ​អ្នក​ក្រីក្រ ការ​ចូលរួម​សម្តែង ​ដើម្បី​យុ​ទ្ធ​នា​ការ​​លើកកម្ពស់​ការ​យល់​ដឹង​ផ្សេង​ៗ ​ដូច​ជា​បញ្ហា​ការ​ឆ្លង​មេ​រោគ​អេ​ដស៍​ជាដើម នឹង​អាច​កសាង​កេ​រ្តិ៍​ឈ្មោះរបស់​ពួក​គេ​ ។ វិធី​ទាំងនេះ​ ក៏​អាច​ទាក់ទាញ​ការ​ចាប់អារម្មណ៍​របស់​ប្រ​ព័​ន្ធ​​ផ្សព្វផ្សាយ​ដើម្បីផ្សព្វផ្សាយ​​បន្ត​​ផង​​ដែរ ​។

ក្រៅពី​នេះ ពួក​គេ​អាច​រៀបចំ​យុ​ទ្ធសាស្ត្រ​ទំនាក់ទំនង​មួយ ​ដែល​មាន​ប្រ​សិទ្ធ​ភាព ​ឬ​ក៏​អាច​មាន​​ទីប្រឹក្សា​ ឬ​ក៏​ជំនួយ​ការ​ផ្នែក​ព័ត៌មាន​ដែល​អាច​ផ្តួចផ្តើម​គំនិតល្អ​ៗ​ នៅ​ក្នុង​ការ​ធ្វើ​ទំនាក់​ទំនាក់ទំនង​ជាមួយ​មហាជន​ និង​សារព័ត៌មាន​ ។ នេះ​ជា​អ្វី​ដែល​ពួក​តារា​ល្បី​ៗ​នៅ​លើ​ពិភពលោក​ បាន​ធ្វើ​ដើម្បី​បង្កើន​ភាព​ល្បីល្បាញ​ ឬ​ក៏​ដើម្បី​ចៀសវាង​ការ​ធ្លាក់​ចុះ​នៃ​ប្រជាប្រិយភាព​។

តារា​នៅ​ស្រុក​ខ្មែរ​ស្ទើរ​ទាំងអស់​ មិន​ទាន់​បាន​គិតដល់​បញ្ហា​នេះ​​ឡើយ​ ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​ស្អប់​សារព័ត៌មាន​​ទៅ​វិញ ​ដោយ​មិន​អាច​​ទំនាក់ទំនង​សារព័ត៌​មាន​​ប្រកបដោយ​ប្រ​សិ​ទ្ធ​ភាព ​។

យុ​ទ្ធ​សាស្ត្រ​៣​ព្រម​គ្នា ​គឺ​ពង្រឹង​សមត្ថភាព​​សម្តែង ចូលរួម​​សកម្មភាព​​សង្គមឱ្យ​​ច្រើន និង​មាន​ផែនការ​យុ​ទ្ធ​​សាស្ត្រ​ទំនាក់ទំនង​ប្រកប​ដោយ​ប្រ​សិ​ទ្ឋ​ភាព​​នឹង​អាច​ជួយ​ដល់​តារា​ខ្មែរឱ្យ​​នៅ​រះ​ភ្លឺ​ចិញ្ចាច​ ក្នុង​ពិភព​សិ​ល្បះ​ ។