សេចក្តីថ្លែងការណ៍​របស់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ជុំវិញ​ការ​ប៉ុនប៉ង​មនុស្សឃាត​លើ​សកម្មជន

រាជធានី​ភ្នំពេញ ៖ សេចក្ដីថ្លែងការណ៍​ស្ដី​ពី​ព្រឹត្ដិការណ៍​ប៉ុនប៉ង​មនុស្សឃាត​មក​លើ​សកម្មជន​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ខែមីនា ដោយ​ទាមទារ​ឱ្យ​មានការ​ចាប់ខ្លួន​ជនល្មើស​ដែល​ប៉ុនប៉ង​ធ្វើ​មនុស្សឃាត​មក​លើ​សកម្មជន​របស់​ខ្លួន ។

សេចក្ដីថ្លែងការណ៍​បាន​សរសេរ​ថា បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​យើងខ្ញុំ ជា​បណ្ដាញ​អ្នក​ស្ម័គ្រចិត្ត​ជនជាតិភាគតិច​កួយ ដែល​ចូលរួម​ការពារ​ព្រៃ​ឡង់​អស់​រយៈពេល​ជាង​១៦​ឆ្នាំ​មក​ហើយ ។ បណ្ដាញ​យើងខ្ញុំ​មក​ពី​បួន​ខេត្ត​រួម​មាន ក្រចេះ ស្ទឹង​ត្រែង ព្រះ​វិហារ និង​កំពង់ធំ ។

នៅ​ថ្ងៃ​ទី​២៣​ដល់​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៦​នេះ បណ្ដាញ​សហគមន៍​ទាំង​បួន​ខេត្ត​បាន​ចុះ​ល្បាត ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឡង់ ។ នៅ​ក្នុង​រយៈពេល​៥​ថ្ងៃ​នៃ​សកម្មភាព​នេះ យើងខ្ញុំ​បាន​រក​ឃើញ​ឈើ​ជា​ច្រើន​ម៉ែត្រគូប និង​រឹបអូស​ម៉ា​ស៊ី​នរណារ​យន្ដ​ពី​ជនល្មើស​ទាំង​បួន​ខេត្ត​សរុប​ចំនួន​៣៥​គ្រឿង និង​ឧបករណ៍​សម្រួល​ដល់​ការ​អារឈើ​ជា​ច្រើន​ទៀត ។ នៅ​រយៈពេល​ជាង​២​ខែ​ដើមឆ្នាំ​២០១៦​នេះ យើងខ្ញុំ​បាន​រឹបអូស​ម៉ា​ស៊ីនរណារ​យន្ដ​សរុប​៨៥​គ្រឿង និង​ឈើ​ជា​ច្រើន​ម៉េ​ត្រ​គូប ។

នៅ​ថ្ងៃ​ទី​២៦ ខែមីនា បន្ទាប់​ពី​ល្បាត​ពេញ​មួយ​ថ្ងៃ យើងខ្ញុំ​បាន​បោះជំរំ​សម្រាក​នៅ​ចំណុច​អូរ​តា​ជើ​ល ក្នុង​ព្រៃ​ឡង់ ដែល​ស្ថិត​នៅ​ក្នុង​ទឹកដី​ភូមិសាស្ដ្រ​ឃុំ​បឹង​ចារ យើង​បាន​បោះជំរំ​បាន​សម្រាក​នៅ​ទីតាំង​ខាងលើ ។ នៅ​វេលា​ម៉ោង​១​និង​៣០​នាទី រហូត​ដល់​ម៉ោង​១​និង​៤០​នាទី ថ្ងៃ​ទី​២៧ ខែមីនា មាន​ជនល្មើស​មួយ​ក្រុម​មិន​ស្គាល់​អត្ដសញ្ញាណ​និង​ចំនួន បាន​លប​កាប់​ប៉ុនប៉ង​មនុស្សឃាត​មក​លើ​យើង ដែល​បណ្ដាល​ឱ្យ​កញ្ញា ផ​ន សុភា​ក់ ជា​សកម្មជន និង​ជា​បេ​ក្ខ​នារី​តំណាង​ឱ្យ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត ដែល​បាន​ទៅ​ទទួល​ពានរង្វាន់​អេក្វាទ័រ​ប្រាយ ២០១៥ នៅ​ទីក្រុង​ប៉ា​រី​ស ប្រទេស​បារាំង កាលពី​ចុងឆ្នាំ​២០១៥ កន្លង​ទៅ​នេះ ។ កញ្ញា ផ​ន សុភា​ក់ ត្រូវ​ជនល្មើស​កាប់​ត្រូវ​ពីរ​ពូថៅ​ចំ​ជើង​ខាងឆ្វេង​ជា​ទម្ងន់ ។

មក​ទល់​ពេល​នេះ កញ្ញា ផ​ន សុភា​ក់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ឯកជន​ទីរួមខេត្ត​ក្រចេះ​។ នាង​បាន​រួច​ផុត​ពី​សេចក្តីស្លាប់ ប៉ុន្ដែ​មាន​របួស​ជា​ទម្ងន់​នៅ​លើ​ប្រអប់ជើង​ឆ្វេង ។

កញ្ញា ផ​ន សុភា​ក់ ជា​ជន​រង​គ្រោះ​ម្នាក់​ដែល​ទទួល​រង​គ្រោះ​ដោយសារ​ការ​ចូល​រួមការ​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ ខណៈ​ដែល​សកម្មជន​ការពារ​បរិស្ថាន​ពីរ​នាក់​នៅ​ប្រទេស​ហុង​ឌូ​រ៉ា​ស ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ខែមីនា ឆ្នាំ​២០១៦​នេះ ។

យើងខ្ញុំ​ទាំងអស់​គ្នា​ជា​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ មាន​ក្ដី​រន្ធត់ និង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ស្ថានភាព​គំរាមកំហែង​គ្រប់​រូបភាព​ដល់​អាយុជីវិត​របស់​យើងខ្ញុំ ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​ជន​ដែល​ប្រព្រឹត្ដ​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ ។ ស្ថានភាព​ការ​កាប់​បំផ្លាញ​ព្រៃឈើ​មាន​សភាព​ធ្ងន់ធ្ងរ​បំផុត ក្នុង​រយៈពេល​ជាង​ពីរ​ខែ​នា​ដើមឆ្នាំ​២០១៦​នេះ ។

ស្ថានភាព​នៃ​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដ៏​ខ្លាំងក្លា​ទាំងនេះ ជា​កង្វល់​ដែល​យើងខ្ញុំ​ទាំងអស់​គ្នា មានការ​ព្រួយបារម្ភ​បំផុត បើ​គ្មាន​កិច្ច​អន្ដរាគមន៍​ពី​រាជរដ្ឋាភិបាល​ទេ​នោះ ព្រៃ​ឡង់​នឹង​បាត់បង់ ហើយ​មុខរបរ​របស់​យើងខ្ញុំ​ដែល​ពឹងផ្អែក​លើ​ផល អនុ​ផល​ព្រៃឈើ​នឹង​ត្រូវ​បាត់បង់​ជាក់​ជា​មិន​ខាន ។

យើងខ្ញុំ​ទាំងអស់​គ្នា សូម​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ដូច​ខាងក្រោម ៖
១-​សូម​ឱ្យ​មានការ​សើ​ុ​ប​អង្កេត និង​ចាប់ខ្លួន​ជនល្មើស នៅ​តំបន់​កើតហេតុ​យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់ ។
២-​សូម​រាជរដ្ឋាភិបាល​បិទ​រាល់​ការ​ទិញ លក់ ឈើ​ទាំង​ស្របច្បាប់ និង​ខុសច្បាប់​នៅ​ជុំវិញ​ព្រៃ​ឡង់ ។
៣-​សូម​ឱ្យ​រាជរដ្ឋាភិបាល​បញ្ចប់​រាល់​សកម្មភាព​បទល្មើស​ផ្សេង​ៗ​នៅ​ក្នុង​ព្រៃ​ឡង់ ។
៤-​សូម​រាជរដ្ឋាភិបាល ធ្វើការ​សើ​ុ​ប​អង្កេត​អ្នក​ដែល​នៅ​ពីក្រោយ​ខ្នង​បទល្មើស​ទាំងនោះ ។
៥-​សូម​ឱ្យ​រាជរដ្ឋាភិបាល​ចាត់វិធានការ និង​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សកម្មជន​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ដែល​បាន​បង្កើត​តាំងពី​ឆ្នាំ​១៩៩៩​មក​ម្ល៉េះ ៕