លោក​អូបាម៉ា​នឹង​ពិភាក្សា​បញ្ហា​នុយក្លេអ៊ែរ​របស់​​កូរ៉េខាងជើង​ជាមួយ​នឹង​ក្រុម​មេដឹកនាំ​អាស៊ី

លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់​ អូបាម៉ា ​នឹង​បើក​កិច្ចប្រជុំ​ជាមួយ​នឹង​ដៃគូ​របស់​លោក​មក​ពី​ប្រទេស​ចិន ​ជប៉ុន ​និង​កូរ៉េខាង​ត្បូង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ក្នុង​សប្តាហ៍​នេះ ដើម្បី​ពិភាក្សា​អំពី​ការ​តបត​កាន់​តែ​ខ្លាំង​ឡើង​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។

លោក Obama​ នឹង​បើក​កិច្ចប្រជុំ​ដែល​មាន​រយៈពេល​៣​ថ្ងៃ​ជាមួយ​នឹង​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន Shinzo Abe និងលោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង Park Geun-hye​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ស្តី​ពី​សន្តិសុខ​នុយក្លេអ៊ែរ​ជា​សាកល​ និង​បើក​កិច្ច​ពិភាក្សា​ដាច់ដោយឡែក​មួយជាមួយ​នឹង​លោក​ប្រធានាធិបតី​ចិន​ ស៊ី ជីនពីង ​ដែល​ជា​ដៃគូ​ការទូត​និង​ពាណិជ្ជកម្មដ៏​ធំ​របស់​កូរ៉េខាងជើង។ ​

កូរ៉េខាងជើង​មាន​អំនួត​លើដំណើរ​វិវឌ្ឍន៍​នៃ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​និង​គ្រាប់​មីស៊ីល​របស់​ខ្លួន ដែល​រួមមាន​ទាំង​ការអះអាង​អំពី​ការសាក​ល្បង​ដោយ​ជោគជ័យ​ទៅ​លើ​ការបាញ់​គ្រាប់​រ៉ុកែតនិង​គ្រាប់​មីស៊ីល​ផង​ដែរ។ អំនួត​នេះ​គឺ​ជា​ការឆ្លើយ​តប​ទៅ​នឹង​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ដែល​ធ្ងន់ធ្ងរ​របស់​អង្គការ​សហប្រជាជាតិ​ទៅ​លើ​រដ្ឋាភិបាល​ក្រុង ​ព្យុងយ៉ាង​ ជុំវិញ​ការសាកល្បង​នុយក្លេអ៊ែរ​និង​ការបាញ់គ្រាប់​មីស៊ីល និង​សមយុទ្ធ​ប្រចាំ​ឆ្នាំ​រវាង​សហរដ្ឋអាមេរិក​និងកូរ៉េខាងត្បូង​កាល​ពី​ពេល​ថ្មីៗ​នេះ។

សហរដ្ឋអាមេរិក​ ចិន​ កូរ៉េខាងត្បូង​ រុស្សី ​ជប៉ុន និង​កូរ៉េខាងជើង​គឺ​ជា​សមាជិក​ទាំង​៦​នៃ​កិច្ចប្រជុំ​ដែល​មាន​៦​ភាគី ដែល​មាន​គោល​បំណង​ទប់ទល់​នឹង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។ ប៉ុន្តែ​កិច្ចប្រជុំ​នេះ​បាន​បញ្ចប់​ដោយ​បរាជ័យកាល​ពី​ឆ្នាំ​២០០៨៕

លោក​អូបាម៉ា​នឹង​ពិភាក្សា​បញ្ហា​នុយក្លេអ៊ែរ​របស់​​កូរ៉េខាងជើង​ជាមួយ​នឹង​ក្រុម​មេដឹកនាំ​អាស៊ី

លោក​ អូបាម៉ា និង​លោក ស៊ី ជីនពីង ​ក្នុង​អំឡុង​កិច្ច​ប្រជុំ​ស្តី​ពី​បម្រែ​បម្រួល​អាកាសធាតុ​សាកល​ នៅ​ទីក្រុង​ប៉ារីស​ កាល​ពី​ខែ​វិច្ឆិការ​ ឆ្នាំ២០១៥។

ប្រភពៈ VOA