ជប៉ុន៖​ច្បាប់ថ្មី​ស្តីពី​វិស័យ​ការពារជាតិ​ដ៏​ចម្រូងចម្រាស​បាន​ចូល​ជា​ធរមាន

នៅ​ក្នុង​ប្រទេស​ជប៉ុន បន្ទាប់​ពី​សភា​បាន​បោះឆ្នោត​ក្នុង​ខែ​កញ្ញា ឆ្នាំ ២០១៥ មក ច្បាប់​ថ្មី​ស្តីពី​វិស័យ​ការពារជាតិ​បាន​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃ​អង្គារ ទី២៩ មីនា​នេះ។ ជា​ផ្លូវការ ច្បាប់​ការពារជាតិ​ថ្មី​នេះ​នឹង​អនុញ្ញាត​ឲ្យ​ជប៉ុន​អាច​បញ្ជូន​ទាហាន​របស់​ខ្លួន​ទៅ​ជួយ​កម្លាំងសម្ព័ន្ធមិត្ត និង​ក៏​អនុញ្ញាត​ឲ្យ​ជប៉ុន​អាច​ពង្រីក​បេសកកម្ម​របស់​ខ្លួន​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ។ តែ​នៅ​ចំពោះ​មុខ ច្បាប់​ថ្មី​មួយ​នេះ​បាន និង​កំពុង​បន្ត​ទទួល​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ជប៉ុន ពិសេស​ពី​សំណាក់​ប្រជាជន​ជប៉ុន។

ការ​ប្រឆាំង​នឹង​ច្បាប់​ថ្មី​​ស្តីពី​វិស័យ​ការពារជាតិ​បាន​កើត​មាន​ឡើង​តាំង​ពី​រដូវ​ក្តៅ​ឆ្នាំ ២០១៥ ហើយ​នៅ​ចុង​សប្តាហ៍​កន្លង​ទៅ និង​នា​យប់​ថ្ងៃ​អង្គារ ទី២៩ មីនា​នេះ ក្រុម​គណបក្សប្រឆាំង និង​អ្នក​សន្តិភាពនិយម​ក៏​បាន​ចុះ​ផ្លូវ​ប្រឆាំង​នឹង​ច្បាប់​នេះ។ តែ​សម្លេង​ប្រឆាំង​នៅ​មិន​អាច​កាត់បំបាក់​ឆន្ទៈ​របស់​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​ស្ហ៊ីនហ្សូ អាបេ​បាន​ឡើយ ហើយ​ជា​ថ្មី​ម្តង​ទៀត​ក្នុង​ថ្ងៃ​នេះ លោក​អាបេ​បាន​ចេញ​មុខ​ធ្វើ​សន្និសីទកាសែត​ដើម្បី​បញ្ជាក់​ពី​ហេតុលផល​ការពារជាតិ​ដែល​លោក​បាន​បង្កើត​ឲ្យ​មាន​ច្បាប់​នេះ​ឡើង។

ជប៉ុន៖​ច្បាប់ថ្មី​ស្តីពី​វិស័យ​ការពារជាតិ​ដ៏​ចម្រូងចម្រាស​បាន​ចូល​ជា​ធរមានលោក​នាយករដ្ឋមន្រ្តី​ជប៉ុន​ស្ហ៊ីនហ្សូ អាបេ

សូម​ជម្រាប​ជូន​ថា តាំង​ពី​បាន​ឡើង​កាន់​តំណែង​នាយករដ្ឋមន្រ្តី​ជា​ថ្មី​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០១២ មក លោក​អាបេ​ដែល​គេ​ស្គាល់​ថា​ជា​អ្នកជាតិនិយម​ម្នាក់​បាន​បង្ហាញ​ពី​បំណង​របស់​លោក​ក្នុង​ការ​កែប្រែ​ច្បាប់រដ្ឋធម្មនុញ្ញ​សន្តិភាពនិយម​របស់​ជប៉ុន​ដែល​បាន​អនុម័ត​តាំង​ពី​ក្រោយ​សម័យ​សង្រ្គាមលោក​លើកទី២ កាល​ពី ៧០ឆ្នាំ​មុខ។ លោក​អាបេ​ធ្លាប់​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ក្នុង​សារជូនពរ​ឆ្នាំ​ថ្មី​ឆ្នាំ ២០១៤ ពី​គម្រោង​ធ្វើ​វិសោតនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញសន្តិភាពនិយម​របស់​ប្រទេស​ឲ្យ​បាន​មុន​ឆ្នាំ ២០២០។

លោក​អាបេ​បាន​យល់​ឃើញ​ថា ស្ថានការណ៍​ពិភពលោក​សព្វថ្ងៃ​មាន​ការ​ផ្លាស់ប្តូរ​ច្រើន បើ​ធៀប​នឹង ៧០ឆ្នាំ​មុន ហើយ​រដ្ឋធម្មនុញ្ញ​របស់​​ជប៉ុន​សព្វថ្ងៃ​មិន​បាន​ឆ្លើយតប​នឹង​ការ​វិវត្តន៍​របស់​ពិភពលោក​ទេ។ ក៏​ប៉ុន្តែ ការ​ចង់​បាន​របស់​លោក​អាបេ​កំពុង​ធ្វើ​ឲ្យ​មាន​មតិ​ពីរ​ខ្វែង​គ្នា នៅ​ម្ខាង អ្នក​ចង់​ឲ្យ​ជប៉ុន​បន្ត​រក្សា​រដ្ឋធម្មនុញ្ញសន្តិភាព​និយម​ដោយ​ពួក​គេ​មិន​ចង់​ឃើញ​ជប៉ុន​ធ្លាក់​ក្នុង​សង្រ្គាម​ជូរ​ចត់​ជា​ថ្មី និង​នៅ​ម្ខាង​ទៀត​យល់​ថា រដ្ឋធម្មនុញ្ញ​សន្តិភាពនិយម​សព្វថ្ងៃ​ជា​អន្ទាក់​ទាក់ ក ជប៉ុន​ខ្លួន​ឯង។

វិសោតនកម្ម​រដ្ឋធម្មនុញ្ញ​នៅ​ជា​ការ​ចង់​បាន​របស់​លោក​អាបេ

ច្បាប់​ថ្មី​ស្តីពី​វិស័យ​ការពារជាតិ​ដែល​ចូល​ជា​ធរមាន​ថ្ងៃ​នេះ​មិនមែន​ជា​ការ​ធ្វើ​វិសោតនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​លោក​នាយករដ្ឋមន្រ្តី​អាបេ​ចង់​បាន​ទេ តែ​ជា​ច្បាប់​មួយ​បំពេញ​បន្ថែម​លើ​ច្បាប់​ការពារជាតិ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​សព្វថ្ងៃ។ ច្បាប់​ការពារជាតិ​​ថ្មី​នេះ​បាន​ចែង​ថា ទី១ កងទ័ព​ជប៉ុន​អាច​ទៅ​ជួយ​សង្រ្គោះ​សម្ព័ន្ធមិត្ត ពិសេស​អាមេរិក​ដែល​កំពុង​ជួប​ការ​លំបាក​ក្នុង​បេសកម្ម​នៅ​បរទេស ទី២ ជប៉ុន​មាន​លទ្ធភាព​ពង្រីក​កម្លាំង​យោធា​របស់​ខ្លួន​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ និង​ទី៣ ជប៉ុន​អាច​បញ្ជូន​ទាហាន​របស់​ខ្លួន​ទៅ​ជួយ​សង្រ្គោះ​ជនស៊ីវិលជប៉ុន​ដែល​កំពុង​ជួប​គ្រោះថ្នាក់​នៅ​បរទេស។

បើ​គេ​មើល​មួយ​ភ្លែត​ទៅ ច្បាប់​ការពារជាតិ​ថ្មី​របស់​ជប៉ុន​នេះ​មិន​មាន​អ្វី​ធំដុំ​ដែល​គ្រប់​គ្នា​គួរ​បារម្ភ​ខ្លាច​ជប៉ុន​ផ្តើម​វិល​ទៅ​រក​មហិច្ឆតា​យោធានិយម​ដូច​អតីតកាល​ទេ។ តែ​នេះ​គ្រាន់​ជា​ដំណាក់​កាល​ទី១ ប៉ុណ្ណោះ ព្រោះ​ចង់ ឬ​មិន​ចង់ គោលដៅ​សំខាន់​របស់​ក្រុង​តូក្យូ គឺ​ដើម្បី​ប្រឈម​ទប់​នឹង​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់ ពិសេស​នៅ​ក្នុង​ជម្លោះ​ដណ្តើម​កោះ​សេនកាគុ ព្រម​ទាំង​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​ពី​កូរ៉េខាងជើង។ នៅ​ក្នុង​សន្និសីទកាសែត​ថ្ងៃ​នេះ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​មិន​បាន​និយាយ​ចំៗ​ប្រទេស​ណា​មួយ​ទេ តែ​គ្រាន់​បញ្ជាក់​ថា ច្បាប់​ថ្មី​នេះ​គឺ​សំខាន់ និង​ចាំបាច់​ដើម្បី​ការពារ​សន្តិសុខ និង​រក្សា​សន្តិភាព​ចំ​ពេល​ដែល​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​នៅ​ជុំវិញ​ជប៉ុន។

ពឹង​លើ​កម្លាំងខ្លួន​ឯង គឺ​ងាយស្រួល​ជាង​ពឹង​លើ​កម្លាំង​អ្នក​ដទៃ

ដើមចម​ដែល​បាន​ធ្វើ​ឲ្យ​ជប៉ុន​មាន​រដ្ឋធម្មនុញសន្តិភាពនិយម គឺ​ផ្តើម​ចេញ​ពី​រឿងរ៉ាវ​អតីតកាល​​ពី ៧០ឆ្នាំ​មុន ពោល​តាំង​ពី​ជប៉ុន​បាន​ចាញ់​សង្រ្គាម​លោកលើកទី២ ទល់​នឹង​អាមេរិក។ អាមេរិក​ដែល​ជា​អ្នក​ឈ្នះ​សង្រ្គាម​បាន​បង្ខំ​ជប៉ុន​ឲ្យ​បង្កើត​រដ្ឋធម្មនុញ្ញ​មួយ​ដាក់​កំហិត​ឲ្យ​ជប៉ុន​មាន​កម្លាំង​ទ័ព​សម្រាប់​តែ​ការពារ​ខ្លួន ពោល​មិន​ឲ្យ​ចូលរួម​ជាមួយ​កម្លំាងទ័ព​អន្តរជាតិ​នៅ​ក្នុង​តំបន់ ឬ​មួយ​នៅ​ក្នុង​ពិភពលោក។ គោលដៅ​របស់​អាមេរិក​កាល​ណោះ គឺ​រារំាង ទប់ស្កាត់​ជប៉ុន​កុំ​ឲ្យ​អភិវឌ្ឍន៍​កម្លំាង​យោធា​ឆ្ពោះ​ទៅ​រក​នយោបាយ​យោធានិយម និង​នយោបាយ​វាតទីនិយម​ជា​ថ្មី។

តែ ៧០ឆ្នាំ​ក្រោយ​មក ជប៉ុន​របស់​លោក​អាបេ​បាន​ផ្តើម​រើបំរះ​ដោយ​មិន​ចង់​ទុក​ធម្មនុញ្ញ​សន្តិភាពនិយម និង​បន្ត​ស្ថិត​ក្រោម​ការ​ការពារ​ពី​អ្នក​ដទៃ​ដូច​សព្វថ្ងៃ។ ចូល​កុំ​ភ្លេច​ថា ជា​ថ្នូរ​នឹង​ធម្មនុញ្ញ​សន្តិភាពនិយម​កាល​ពី ៧០ឆ្នាំ​មុន អាមេរិក​បាន​ចេញ​មុន​ជា​អ្នក​ការពារ​ជប៉ុន​ប្រឈម​នឹង​សត្រូវ​ពី​ក្រៅ។ តែ​សម្រាប់​លោក​អាបេ ពឹងពាក់​លើ​អ្នកដទៃ វា​មិន​ងាយ​ស្រួល​ដូច​ពឹង​លើ​ខ្លួន​ឯង​ទេ៕

ប្រភពៈ RFI