នាយករដ្ឋមន្រ្តីសន្យា​ជួប​ជាមួយ​​អ្នកសារព័ត៌មានជារៀងរាល់ឆ្នាំ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចឲ្យមានជំនួបរវាងនាយករដ្ឋមន្ត្រីនិងអ្នកសារព័ត៌មានក្នុងមួយឆ្នាំម្តង ទៅតាមសំណូមពររបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយថាដើម្បីឲ្យមានភាពជិតស្និទ្ធរវាងថ្នាក់ដឹកនាំរដ្ឋាភិបាលនិងអ្នកសារព័ត៌មានជាតិ។

ក្នុងពិធីប្រគល់ពានរង្វាន់សន្តិភាពនិងការអភិវឌ្ឍដល់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅវិមានសន្តិភាព នារសៀលនេះ លោកនាយករដ្ឋមន្ត្រីថ្លែងថាលោកយល់ព្រមឲ្យមានជំនួបរវាងប្រមុខរដ្ឋាភិបាលជាមួយ អ្នកសារព័ត៌មានទាំងអស់នៅកម្ពុជាមួយឆ្នាំម្តង។ លោកបន្តថារដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ជាអ្នកលើកសំណូមពរនេះ។ ទោះយ៉ាងណា លោកថាសូមកុំឲ្យមនុស្សមួយចំនួនយល់ថាជំនួបនេះជាការទិញទឹកចិត្តអ្នកសារព័ត៌មាន។

លោកមានប្រសាសន៍ថាឥឡូវនេះសំណូមពររបស់ឯកឧត្តមខៀវ កាញារីទ្ធ ថាសុំឲ្យមានការជួបគ្នាម្តង ជួបជុំរវាងនាយករដ្ឋមន្ត្រីនិងអ្នកសារប័ត៌មាន១ឆ្នាំម្តង ដើម្បីចងភ្ជាប់ស្ពាននៃអ្នកសារព័ត៌មាននិងថ្នាក់ដឹកនាំរដ្ឋាភិបាលឲ្យបានស្និទ្ធ ខ្ញុំសូមទទួលយកដោយរីករាយបំផុត

នាយករដ្ឋមន្រ្តីសន្យា​ជួប​ជាមួយ​​អ្នកសារព័ត៌មានជារៀងរាល់ឆ្នាំ​

លោកនាយករដ្ឋមន្ត្រីក៏ឆ្លៀតណែនាំឲ្យអ្នកសារព័ត៌មានសរសេរអ្វីដែលជាការពិត ដោយលោកថាកន្លងមកធ្លាប់មានអ្នកសារព័ត៌មានខ្លះរាយការណ៍ខុសការពិតឬពីអ្វីដែលលោកបាននិយាយ។ លោកបន្តថា៖ ទាំងសារព័ត៌មានក្នុងស្រុង ទាំងសារព័ត៌មានបរទេស បើចង់ឲ្យគេជឿលើសារព័ត៌មានរបស់ខ្លួន ត្រូវនិយាយរឿងពិត ខ្ញុំកំពុងនិយាយអ៊ីចឹងស្រាប់មានសារព័ត៌មានសរសេរខុសពីការពិតយកទៅចុះផ្សាយបាត់ តែដល់​ពេល​គេយកទៅចាក់ ហ៊ុន សែន និយាយអញ្ចេះតើ ចុះអាសារព័ត៌មានមួយនោះម៉េចវាសរសេរអញ្ចុះ នេះហើយជាការបាត់បង់ជំនឿ បាត់បង់អតិថិជន

កាលពីថ្ងៃទី១៦ខែមីនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាកម្ពុជាពិតនិងកម្ពុជាលើបណ្តាញសារព័ត៌មានខុសគ្នា ដោយលោកបានរិះគន់សារព័ត៌មាននិងអ្នកនយោបាយមួយចំនួនថាសរសេរនិងនិយាយធ្វើឲ្យខូចកេរ្តិ៍ឈ្មោះកម្ពុជា។  លោកមានប្រសាសន៍ថា៖ ប៉ុន្តែនេះដោយសារវាជាកម្ពុជាពិត ទើបខ្ញុំនិយាយលេងសើច។ បើសិនជាកម្ពុជាលើទំព័រលើសារព័ត៌មាន គឺយើងគ្មានឱកាសនឹងលេងសើចទេ ព្រោះវាជាឋាននរកលោកិយរបស់អ្នកនយោបាយខ្លះដែលដើរសំអុយកេរ្តិ៍ឈ្មោះកម្ពុជា ស្របនឹងសារព័ត៌មានដែលមិនសុចរិតភាព តែហ្នឹងជាសិទ្ធិបញ្ចេញមតិរបស់គេទេ

នៅរសៀលនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានទទួលពានរង្វាន់សន្តិភាពនិងអភិវឌ្ឍន៍ពីសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន ដោយសហព័ន្ធនេះថាលោកនាយករដ្ឋមន្ត្រីជាអ្នកនាំមកនូវសន្តិភាពនិងការអភិវឌ្ឍនៅកម្ពុជា។

បើតាមលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន(UMA)ត្រូវបានបង្កើតឡើងនៅក្នុងខែតុលាឆ្នាំ២០១០ ក្នុងខេត្តសុរិន្ទ ប្រទេសថៃ ដែលមានប្រសមាជិកដំបូង២០០នាក់។ ប្រទេសជាសមាជិករបស់UMA មានប្រទេសកម្ពុជា វៀតណាម ថៃ ភូមានិងឡាវ៕

ប្រភពៈ VOD