ឯកឧត្តម សម រង្ស៊ី៖លោក ឱម យ៉ិនទៀងធ្វើការងារមិនស្គាល់ពីតួនាទីរបស់ខ្លួន

ប្រធានគណបក្សសង្គ្រោះជាតិ ឯកឧត្តម សម រង្ស៊ី បានចេញមុខរិះគន់ ចំពោះអង្គភាពប្រឆាំងអំពើពុករលួយ ដែលដឹកនាំដោយ លោក ឱម យ៉ិនទៀង លើករណី លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងថា ជារឿងគ្មានប្រយោជន៍ដល់សាធារណៈ ព្រមទាំងធ្វើការងារមិនស្គាល់ពីតួនាទីរបស់ខ្លួន។

បើតាមឯកឧត្តម សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុករបស់ឯកឧត្តមថា «មានតែមន្ត្រីគណបក្សកាន់អំណាច (CPP)ទេ ដែលអាចប្រព្រឹត្តអំពើពុករលួយបែបនេះបាន ពីព្រោះវាជាការប្រើអំណាចរបស់រដ្ឋ ដោយខុសច្បាប់ ដើម្បីបំផ្លិចបំផ្លាញផលប្រយោជន៍សាធារណៈ។ មន្ត្រីគណបក្សប្រឆាំង (CNRP) មិនមានអំណាចអ្វី ជាតំណាងរដ្ឋ ឬ តំណាងរដ្ឋាភិបាល ដើម្បីប្រព្រឹត្តអំពើពុករលួយ ដូចមានចែងខាងលើនេះទេ»។

ឯកឧត្តម សម រង្ស៊ី៖លោក ឱម យ៉ិនទៀងធ្វើការងារមិនស្គាល់ពីតួនាទីរបស់ខ្លួន

ឯកឧត្តម សម រង្ស៊ី បានលើកឡើងថា «ជនណាដែលមិនមានអំណាចក្នុងដៃ យកទៅប្រើប្រាស់ក្នុងនាមរដ្ឋ ឬក្នុងនាមរដ្ឋាភិបាល មិនអាចត្រូវនរណាចោទថា ជាអ្នកប្រព្រឹត្តអំពើពុករលួយ ដែលអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ត្រូវតាមដាន និងស៊ើបអង្កេតនោះទេ។ រឿងដែលគេកំពុងតែនិយាយសព្វថ្ងៃ គឺជារឿងឯកជនទេ ពីព្រោះវាគ្មានប៉ះពាល់ដល់ផលប្រយោជន៍ជាតិ ឬផលប្រយោជន៍សាធារណៈ អ្វីទាល់តែសោះ ។ ធនធាន និងលុយកាក់ ដែលឯកជន គេចាយវាយ ហើយដែលមិនបានមកពីការលួចកិបកេងទ្រព្យសម្បត្តិជាតិ ទ្រព្យសម្បត្តិរាស្ត្រ និងទ្រព្យសម្បត្តិរដ្ឋ គឺជារឿងឯកជនសុទ្ធសាធ ដែលអង្គភាពប្រឆាំងអំពើពុករលួយ មិនត្រូវរវីរវល់ទេ»។

យ៉ាងណាក្តី លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចាត់ទុកការលើកឡើងរបស់ ឯកឧត្តម សម រង្ស៊ីពេលនេះថា ជាមនុស្សអន់ផ្នែកច្បាប់បំផុត ហើយកំពុងគំរាមដល់ស្មារតីស៊ើបអង្កេតរបស់ ACU លើករណីពុករលួយរបស់លោក កឹម សុខា។

លោក ឱម យ៉ិនទៀង បានប្រាប់ Fresh News ឱ្យដឹងនៅព្រឹកថ្ងៃនេះថា លោក កឹម សុខា គឺជាតំណាងរាស្ត្រ និងជាបុគ្គលសាធារណៈ ហើយច្បាប់ប្រឆាំងអំពើពុករលួយ ក៏តម្រូវឱ្យអនុវត្តចំពោះបុគ្គលប្រភេទនោះដែរ ក្រៅពីមន្ត្រីរាជរដ្ឋាភិបាល។

គួរកត់សម្គាល់ថា នេះជាលើកដំបូងហើយដែលប្រធានគណបក្សសង្គ្រោះជាតិ ឯកឧត្តម សម រង្ស៊ី បានចេញមុខរិះគន់ចំៗ ចំពោះអង្គភាពប្រឆាំងអំពើពុករលួយ ដែលដឹកនាំដោយ លោក ឱម យ៉ិនទៀង លើករណី លោក កឹម សុខា លោក កឹម សុខា ។

លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវបានក្រុមនិស្សិត និងយុវជន ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដែលគេសង្ស័យលើលោក កឹម សុខា បានផ្តល់លុយទៅឱ្យនារីកំណាន់ជាច្រើន ដើម្បីធ្វើការទិញផ្ទះ និងសម្ភារៈទំនើបៗ។ កាលពីថ្ងៃទី២៤ខែមីនា ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានប្រកាសទទួលយកបណ្ដឹងរបស់ក្រុមយុវជនដែលបានប្ដឹងលោក កឹម សុខាថា បានផ្ដល់លុយឲ្យស្រីស្នេហ៍ទិញផ្ទះនិងដី ហើយអាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ៕
(ដោយ៖គួន សំបូរ)

ប្រភពៈ វាយោ