​គ្រូ​​​គីរីវង់​​ប្រាប់​លក្ខខ័ណ្ឌ​​​រើស​​​កីឡាករ​​​ពី​ពាន​ សុខ​ អាន​ មក​​លេង​លីគ​ឆ្នាំ​ក្រោយ

​លោក ផាន់ ចាន់​ផាត​ គ្រូ​​បង្វឹក​ក្លឹប​គីរីវង់​សុខ​សែន​ជ័យ​​​ប្រាប់​​លក្ខខ័ណ្ឌ​សម្រាប់​ការ​ជ្រើស​រើស​​យក​កីឡាករ​​​ ដែល​កំពុង​​​លេង​នៅ​ពាន​រង្វាន់​បណ្ឌិត​​សភា​ចារ្យ​ សុខ អាន​ ​ក្រោម​អាយុ​ ១៩​ឆ្នាំ​មក​លេង​នៅ​លីគ​កំពូល​កម្ពុជា​នា​ឆ្នាំ​ក្រោយ។

 

​គ្រូ​​​គីរីវង់​​ប្រាប់​លក្ខខ័ណ្ឌ​​​រើស​​​កីឡាករ​​​ពី​ពាន​ សុខ​ អាន​ មក​​លេង​លីគ​ឆ្នាំ​ក្រោយលោក ផាន់ ចាន់​ផាត​

 

​លោក ផាន់ ចាន់​ផាត បាន​ឲ្យ​ដឹង​ថា ​កាយសម្បទា​គ្រប់​គ្រាន់ ​​កម្ពស់​ចាប់​ពី​១.៧០ ឡើង​ ​កម្លាំង ​និង​​​បច្ចេកទេស​លេង ​ជា​ចំណុច​ចាប់​ផ្ដើម​មើល​មុន​គេ។ ចំណុច​បន្ទាប់​ពាក់ព័ន្ធ​ពី​របៀប​លេង​​ចេះ​ស្ដាប់​បង្គាប់​​​​គ្រូ​បង្វឹក​ពេល​ពួក​គេ​​កំពុង​ប្រកួត​នៅ​លើ​ទីលាន ហើយ​ក៏​ទាមទារ​ឲ្យ​​​មាន​​ការ​ស្រលាញ់​បាល់ទាត់​​ផង​ដែរ។

 

​អតីត​​កីឡាករ​ក្នុង​ក្លឹប​គីរីវង់​​រូប​នេះ​បន្ត​ថា ​ក្រោយ​ពេល​កម្មវិធី​ប្រកួត​​ពាន​រង្វាន់​​​​ឯក​ឧត្ដម​បណ្ឌិត​សភា​ចារ្យ​ សុខ អាន​ ក្រោម​អាយុ​ ១៩​ឆ្នាំ​ចប់​ ក្លឹប​​នឹង​រៀប​ចំ​កម្មវិធី​ប្រមូល​ផ្ដុំ​កីឡាករ​​ ដែល​កំពុង​តាម​ដាន​រាល់​សកម្មភាព​របស់​ពួក​គេ​មក​ហ្វឹកហាត់​ចំនួន២០​នាក់។ ​កីឡាករ​ទាំង ២០​នាក់​ ដែល​គ្រោង​កោះ​ហៅ​មក​ហ្វឹកហាត់​ជា​មួយ​ក្លឹប​នោះ​ លោក​បាន​ចុច​ឈ្មោះ​រួចរាល់​ហើយ។

 

​​​ជា​មួយ​គ្នា​នោះ​លោក ​ឌុក វាសនា ​ប្រធាន​ក្លឹប​គីរីវង់​ក៏​បាន​លើក​ឡើង​ដែរ​ថា ​បើ​តាម​គោលការណ៍​របស់​​​ឯក​ឧត្ដម​សុខ​អាន ​ក្លឹប​គីរីវង់​គ្រោង​​កាត់​បន្ថយ​​កីឡាករ​បរទេស ដើម្បី​ទុក​ឱកាស​ឲ្យ​យុវជន​​កម្ពុជា​បាន​បង្ហាញ​សមត្ថភាព​។ ធ្វើ​បែប​នេះ​ក្នុង​គោល​បំណង​​បណ្ដុះ​ក្មេងៗ ត្រៀម​សម្រាប់​​ស៊ីហ្គេម​​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

 

​ក្លឹប​គីរីវង់​បាន​​បោះបង់​​ការ​​ចូល​រួម​ប្រកួត​ពាន​​ Hun Sen Cup 2016 និង​លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០១៦ ​​ព្រោះ​ហេតុ​ផល​​​ថា ការ​ចូល​រួម​លេង​​​របស់​ពួក​គេ​មិន​អាច​ទទួល​​បាន​លទ្ធផល​ល្អ៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​​​