សហព័ន្ធ​ចំនួន​៩ ទទួលបាន​សិទ្ធិ​រៀបចំ​កីឡា​មហាជន​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​

​ការប្រកួត​កីឡា​មហាជន​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៦ និង​ល្បែង​កីឡា​ទាំង​១៤​ប្រភេទ ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា បានបង្ហាញ​ពេលវេលា ទីតាំង នៃ​ការប្រកួត និង​អង្គភាព​ទទួលបន្ទុក​រៀ​ប​ចំ​រួចរាល់​ហើយ កាលពី​ថ្ងៃទី​២៥ ខែមីនា ខណៈ​កីឡា​៩​ប្រភេទ​ជា​បន្ទុក​របស់​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា រួមជាមួយ​សហព័ន្ធ​ជាតិ​។

​សហព័ន្ធ​ជាតិ​ចំនួន​៩ និង​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​(​អ​.​យ​.​ក​) ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា​ផ្តល់​សិទ្ធិ​ឲ្យ​រៀបចំ​ការប្រកួត​កីឡា​មហាជន​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៦ លើ​ប្រភេទ​កីឡា​ចំនួន​៩​ប្រភេទ ក្នុងនោះ​មាន កីឡា​សី​ប៉ាក់​តា​ក្រ​, វូ​ស៊ូ​, សូ​ហ្វ​តិ​នី​ស​, យូ​ដូ​, វូ​វី​ណា​ម​, តុង​ហ្គី​ល​ម៉ូ​ដូ​, កា​រ៉ា​តេ​ដូ​, តេ​ក្វាន់​ដូ​I.T.F, និង​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ និង​កា​នូ​កា​យ៉ាក់​។ នេះ​បើ​យោងតាម​របាយការណ៍​ប្រកួត​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា កាលពី​ថ្ងៃទី​២៥ ខែមីនា​។​

​កីឡា​ទាំង​៩​ប្រភេទ​នេះ​នឹងធ្វើ​ការប្រកួត​ទៅតាម​ពេលវេលា និង​ទីតាំង​ផ្សេងៗ​គ្នា ក្នុងនោះ​កីឡា​សី​ប៉ា​ក់តា​ក្រ នឹងធ្វើ​ការប្រកួត​ចាប់ពី​ថ្ងៃទី​២០ ដល់ទី​២៥ ខែមេសា ឬ​ឯ​កីឡា​វូ​ស៊ូ ប្រកួត​ចាប់ពី​ថ្ងៃទី​២៦ ដល់ទី​៣០ ខែមេសា ខណៈ​កីឡា​សូ​ហ្វ​តិ​នី​ស ប្រកួត​ចាប់ពី​ថ្ងៃទី​៤ ដល់ទី​៨ ខែឧសភា ចំណែក​កីឡា​យូ​ដូ ប្រកួត​ចាប់ពី​ថ្ងៃទី​១៨ ដល់ទី​២២ ខែឧសភា​។

​ទន្ទឹមនឹងនេះ​កីឡា​វ៉ូ​វី​ណា​ម នឹងធ្វើ​ការប្រកួត​ចាប់ពី​ថ្ងៃទី​៧ ដល់ទី​១០ ខែមិថុនា ស្របពេល​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ ប្រកួត​ចាប់ពី​ថ្ងៃទី​២១ ដល់ទី​២៤ ខែកក្កដា ខណៈ​កីឡា​កា​រ៉ា​តេ​ដូ ប្រកួត​ចាប់ពី​ថ្ងៃទី​២៧ ដល់ទី​៣១ ខែកក្កដា ឬ​ឯ​កីឡា​តេ​ក្វាន់​ដូ I.T.F ប្រកួត​ចាប់ពី​ថ្ងៃទី​៨ ដល់ទី​១២ ខែកញ្ញា និង​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ និង​កា​នូ កា​យ៉ាក់ នឹងធ្វើ​ការប្រកួត​ចាប់ពី​ថ្ងៃទី​២២ ដល់ទី​២៨ ខែកញ្ញា​។ គួរ​បញ្ជាក់ថា សម្រាប់​ទីតាំង​នៃ​ការប្រកួត​ក្នុងចំណោម​កីឡា​ទាំង​៩ មាន​កីឡា​៨​ប្រភេទ​ប្រកួត​នៅ​រាជធានី​ភ្នំពេញ លើកលែង​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​ប្រកួត​នៅ​ទីក្រុង​តាខ្មៅ​។​

​ជាមួយគ្នានេះ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍ ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៩ ផងដែរ​។ ហើយ​ក្រៅពីនោះ​ក៏មាន​ការប្រកួត​កីឡា​ដើម្បី​យើងទាំងអស់គ្នា ក្នុង​ខែតុលា និង​វិច្ឆិកា ជាពិសេស​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​រាជធានី​-​ខេត្ត ដែល​នឹងធ្វើ​ការប្រកួត​ចាប់ពី​ថ្ងៃទី​១ មេសា ដល់​ថ្ងៃទី​៣១ ខែសីហា​។​

​ដោយឡែក ការប្រកួត​ល្បែង​កីឡា​ជាតិ​(National Games)​ទាំង​១៤​ប្រភេទ រួមមាន កីឡាអត្តពលកម្ម​, វាយ​សី​, ហែល​ទឹក​, បាល់បោះ​, ប្រដាល់​, បាល់ទាត់​, ចំបាប់​, វាយ​កូនឃ្លី​លើ​តុ​, តេ​ក្វាន់​ដូ​WTF, បាល់ទះ​, វាយ​កូន​បាល់​, ប៉េតង់​, ល្បុក្កតោ​, និង​កីឡា​កាយសម្ព័ន្ធ នឹងធ្វើ​ការប្រកួត​ចាប់ពី​ថ្ងៃទី​២៦ ខែតុលា ដល់​ថ្ងៃទី​៥ ខែវិច្ឆិកា​៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​