លោក អា​បេ​៖ ច្បាប់​សន្តិសុខ​ថ្មី​នឹង​ជួយ​ពង្រឹង​សម្ព័ន្ធមិត្ត​ជប៉ុន​-​អាមេរិក​

​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ បាន​ថ្លែង​ការពារ​ច្បាប់​សន្តិសុខ​ថ្មី​ដ៏​ចម្រូងចម្រាស់ ដែល​ចូល​ជាធរ​មាននៅ​ថ្ងៃទី​២៩ ខែមីនា​។ លោក អា​បេ និយាយថា ច្បាប់​ថ្មី​នេះ​នឹង​ជួយ​ពង្រឹង​សម្ព័ន្ធភាព​រវាង​ជប៉ុន​និង​អាមេរិក​ឲ្យ​កាន់តែ​រឹងមាំ តាមរយៈ​ការពង្រីក​ព្រំដែន​ប្រតិបត្តិការ​របស់​កងក​ម្លាំ​ង​ស្វ័យការពារ​ជប៉ុន​នៅ​បរទេស​។ យ៉ាងណាមិញ ច្បាប់​ថ្មី​នេះ​ក៏​រង​ការ​រិះគន់ថា ផ្ទុយ​នឹង​ធម្មនុញ្ញ​សន្តិភាព​របស់​ជប៉ុន​ដែ​ល​សរសេរ​ក្រោយ​ចប់​សង្គ្រាមលោកលើកទីពី​រ​។​

​នៅ​ចំពោះមុខ​គណៈកម្មាការ​ស​ភា​ជប៉ុន លោក ស៊ីន​ហ្សូ អា​បេ បាន​និយាយថា ច្បាប់​សន្តិសុខ​ថ្មី​ដែល​ចូល​ធរមាន​នៅ​ថ្ងៃទី​២៩ ខែមីនា នឹង​ពង្រឹង​ទំនាក់​ទំនាក់​ជប៉ុន​និង​អាមេរិក​ឲ្យ​កាន់តែ​ល្អ​ថែមទៀត​។ លោក​ថា ជប៉ុន​និង​អាមេរិក អាចជួយ​គ្នា​ក្នុង​គ្រាអាសន្ន ហើយ​ចំណង​សម្ព័ន្ធភាព​នឹងត្រូវ​បាន​ពង្រឹង​ជាមួយ​ច្បាប់​សន្តិសុខ​នេះ​។​

​ការចូល​ជា​ធរមាន​របស់​ច្បាប់​សន្តិសុខ​នេះ ជា​ជំហាន​ថ្មី​មួយទៀត​របស់​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី អា​បេ នៅក្នុង​ប្រទេស​ដែលមាន​រដ្ឋធម្មនុញ្ញ​សន្តិភាព​និយម​។ ជាមួយ​ច្បាប់​ថ្មី​នេះ កងកម្លាំង​ស្វ័យការពារ​ជប៉ុន​អាច​ចេញ​ប្រតិបត្តិ​ការប្រយុទ្ធ​នៅក្រៅ​ប្រទេស​ជា​លើកដំបូង​ចាប់តាំងពី​សង្គ្រាមលោកលើកទី​ពីរ​មក​។ មួយវិញទៀត ច្បាប់​ក៏​សំដៅ​ដល់​ការការពារ​នឹង​បញ្ហា​ប្រឈម​ដែល​កំពុង​កើនឡើង​ដូចជា អំណាច​យោធា​របស់​ចិន និង​ការ​គំរាម​បាញ់​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ជាដើម​។

​បន្ថែម​លើ​នេះ ច្បាប់​សន្តិសុខ​នេះ​ក៏​អនុញ្ញាត​ឲ្យ​កងកម្លាំង​ស្វ័យការពារ​ចេញ​ប្រតិបត្តិ​ការជួយ​សម្ព័ន្ធមិត្ត​នៅ​បរទេស​ផងដែរ ដែល​អាចជា​អាមេរិក​ឬ​ប្រទេស​ដទៃទៀត​ដែល​រង​ការវាយប្រហារ បើទោះជា​ជប៉ុន​មិន​រង​ការវាយប្រហារ​ក៏ដោយ​។ ជាមួយគ្នា​នោះ កង​ស្វ័យការពារ​ជប៉ុន នឹងមាន​សិទ្ធិ​កាន់តែ​ធំ​បន្ថែមទៀត​ក្នុងការ​ប្រើប្រាស់​អាវុធ​ក្នុង​ប្រតិបត្តិការ​របស់​កងក​ម្លាំ​ង​រក្សា​សន្តិភាព​ពិភពលោក​។ ពួកគេ​ជួយសង្គ្រោះ​កងកម្លាំង​រក្សា​សន្តិភាព​មកពី​ប្រទេស​ដទៃ ឬ​មន្ត្រី​របស់ UN ដែល​រង​ការវាយប្រហារ ទោះជា​មិន​ស្ថិតក្នុង​តំបន់​របស់ខ្លួន​ក៏ដោយ​។ 

​យ៉ាងណាមិញ សារព័ត៌មាន​ជប៉ុន Nikkei ផ្សាយ​ថា ក៏មាន​ការរិះគន់​ផងដែរ​ចំពោះ​ច្បាប់​សន្តិសុខ​នេះ ទាំង​មជ្ឈដ្ឋាន​ក្នុង​និង​ក្រៅប្រទេស ហើយក៏​មានការ​ព្រួយបារម្ភ​ពី​ស្ថានភាព​ដែល​ជប៉ុន​អាច​ប្រើ​ច្បាប់​នេះ​បាន​។ ចំណែក ក្រុម​បក្សប្រឆាំង​របស់​ជប៉ុន​បានទាមទារ​ឲ្យ​លោក អា​បេ ទម្លាក់​ច្បាប់​នេះ​ចោល​ទៀតផង​។ លោក Kiyoshige Maekawa សមាជិកសភា​ប្រឆាំង​និយាយថា វា​មិន​ចាំ​ចាច់​ប្រើ​ច្បាប់​នេះ​ដើម្បី​ការពារ​ខ្លួន​នោះទេ​។

​លើសពីនោះ តួអង្គ​មួយទៀត​ដែល​ព្រួយបារម្ភ​ចំពោះ​ច្បាប់​នេះដែរ​នោះ គឺ​ចិន​ដែលជា​អ្នកជិតខាង​របស់​ជប៉ុន​។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​តែងតែ​បង្ហាញ​ពី​ការព្រួយបារម្ភ​ចំពោះ​ច្បាប់​នេះ ជាពិសេស​លើ​ការបកស្រាយ​ឡើងវិញ​របស់​ធម្មនុញ្ញ​ប៉ាស៊ីហ្វិក​របស់​ជប៉ុន ពី​សំណាក់​រដ្ឋាភិបាល​របស់​នាយករដ្ឋមន្ត្រី អា​បេ ៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​