ហ្វូង​ដំរីព្រៃ​រាតត្បាត​នៅ​ស្រុក​កំពង់​សិលា

ហ្វូង​ដំរីព្រៃ​រាតត្បាត​នៅ​ស្រុក​កំពង់​សិលា



ខេត្ត​ព្រះ​សីហ​នុ ៖ បង្គោល​ខ្សែភ្លើង និង​បង្គោល​តង់ស្យុង​ខ្ពស់​ចេញពី​វា​រី​អគ្គិសនី​គិរី​រម្យ​ទី​៣ កាត់​តាម​តំបន់​ស្ទឹង​ច្រាល ស្រុក​កំពង់​សិលា ត្រូវ​ហ្វូង​ដំរីព្រៃ ដែល​អ្នកស្រុក​មិនដឹង​ថា​មាន​ចំនួន​ប៉ុន្មាន​នោះ ធ្វើ​ឲ្យ​បាក់​អស់​ចំនួន​៦​ដើម ក្នុង​នោះ​បង្គោល​តង់ស្យុង​ខ្ពស់​៥​ដើម ។

មន្ត្រី​អគ្គិសនី​កម្ពុជា​ឱ្យ​ដឹង​ថា ហ្វូង​ដំរីព្រៃ​បាន​ដើរ​ពឹត និង​កៀរ​បង្គោល​ភ្លើងអគ្គិសនី​បាក់​អស់​៦​ដើម ដោយ​បាន​កើតឡើង​រយៈពេល​ពីរ​បី​ថ្ងៃ​មក​ហើយ ។ ពេល​នេះ​ក្រុម​អ្នកបច្ចេកទេស​កំពុង​ជួសជុល​បង្គោល​ភ្លើង​ទាំងនោះ​ឡើង​វិញ ។

ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ឲ្យ​ដឹង​ថា​បង្គោល​ភ្លើង​ធ្វើ​ពី​ដែក​ទាំងនោះ ត្រូវ​ហ្វូង​ដំរីព្រៃ​ដែល​រកស៊ី​ចំណី​ដើរ​ពឹត​ធ្វើ​ឱ្យ​ដួល ដោយ​ពី​ដំបូង​បាក់​តែ​១​ទៅ​២​ដើម​ប៉ុណ្ណោះ លុះ​ថ្ងៃ​បន្តបន្ទាប់​ក៏​បាក់​បន្ថែម​ទៀត ។

អ្នកស្រុក​និយាយ​ថា​បច្ចុប្បន្ន​ពួក​គាត់​ឧស្សាហ៍​ឃើញ​ហ្វូង​ដំរីព្រៃ​ដើរ​រកស៊ី​ចំណី​ណាស់ ពេល​ខ្លះ​ពួក​វា​ស៊ី​ដំណាំ​របស់​ពួក​គាត់​ទាំង​ថ្ងៃ តែ​មិន​ហ៊ាន​ដេញ​ទេ​ខ្លាច​ពួក​វា​យាយី​ផ្ទះសម្បែង ៕