ល្បី​ថា​ដី​នេះ​មាន​មាស លើកគ្នា​ទៅ​ជីក​យក​រ៉ែ​លី​ទៅ​ផ្ទះ

ល្បី​ថា​ដី​នេះ​មាន​មាស លើកគ្នា​ទៅ​ជីក​យក​រ៉ែ​លី​ទៅ​ផ្ទះ



ខេត្តព្រះវិហារ ៖ រយៈពេល​៥​ថ្ងៃ​កន្លង​មក​ហើយ ប្រជាពលរដ្ឋ​រាប់រយ​នាក់ បាន​ភ្ញាក់ផ្អើល​នាំ​គ្នា​ទៅ​ជីក​យក​អាចម៍ដី​រ៉ែ​មាស ដឹក​ជញ្ជូន​យក​មក​កាន់​លំនៅ​ឋាន និង​អ្នកខ្លះ​រែង​នៅ​កន្លែង​ជីក​តែ​ម្តង នៅ​ចំណុច​ព្រៃ​ទទឹង ស្ថិត​ក្នុងភូមិ​ត្រពាំង​ទន្ទឹម ឃុំ​រមទម ស្រុក​រវៀង ។

អ្នក​ភូមិ​ត្រពាំង​ទន្ទឹម បាន​ឲ្យ​ដឹង​ថា ការ​រែង​ដី​យក​រ៉ែ​មាស ជា​មុខរបរ​តាំងពី​ដូនតា​របស់​ពួក​គេ​យូរ​មក​ហើយ នៅ​តំបន់​ភ្នំ​ដែក ស្រុក​រវៀង​នេះ តែ​ដោយសារ​តែ​មានការ​ផ្អើល​ពី​ប្រជាពលរដ្ឋ មក​ពី​តំបន់​ផ្សេង​ឮ​ត​ៗ​គ្នា​ថា នៅ​ក្រោម​ដី​ចំណុច​នោះ​មាន​រ៉ែ​មាស​ច្រើន ក៏​នាំ​គ្នា​ទៅ​ជីក​យក​មក​រែង​នៅផ្ទះ អ្នកខ្លះ​រែង​នៅ​នឹង​កន្លែង​ជីក​តែ​ម្តង ដោយ​ប្រើ​ឧបករណ៍​ម្យ៉ាង​ហៅ​ថា ដួន ។ ពលរដ្ឋ​ដដែល​បន្ត​ទៀត​ថា ពួក​គាត់​រែង​បាន​មាស​ក្នុង​មួយ​ថ្ងៃ អ្នកខ្លះ​បាន​៥​លី អ្នកខ្លះ​បាន ៥​ហ៊ុន រហូត​ដល់​អ្នក​មានសំណាង​បាន​១​ជី ក៏​មាន រីឯ​អ្នកខ្លះ អត់​បាន​សោះ ក៏​មាន​ដែរ ។

លោក ប្រាក់ ថន មេឃុំ​រមទម នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មីនា បាន​ឲ្យ​ដឹង​ថា ការ​ភ្ញាក់ផ្អើល​របស់​ប្រជាពលរដ្ឋ រហូត​ឈាន​ដល់​ការ​លើកគ្នា មក​ជីក​យក​ដី​រែង​មាស យ៉ាង​គគ្រឹកគគ្រេង​នេះ នៅ​លើ​ដី​របស់​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ដែល​ជា​ម្ចាស់​កម្មសិទ្ធិ ។ លោក​មេឃុំ​បន្ត​ទៀត​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ ដោយសារ​តែ ដំបូង​ឡើយ​ម្ចាស់​ដី​បាន​សាកល្បង​ជីក​យក​អាចម៍ដី​របស់​ខ្លួន ដើម្បី​រែង​មើល ក៏​ឃើញ​មាន​មាស​ពិតមែន ទើប​ធ្វើ​ឲ្យ​ព័ត៌មាន​លេចឮ​ត​ៗ​គ្នា ដល់​ប្រជាពលរដ្ឋ​ទូទៅ​តែ​ម្តង​ទៅ ។  លោក​មេឃុំ ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​នាម​លោក ជា​អាជ្ញាធរ​មូលដ្ឋាន ក្រោយ​ពេល​ឮដំណឹង​ខាងលើ​នេះ​ភ្លាម លោក​ក៏​បាន​សំណូមពរ ឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ការ​ជីក​កកាយ​បន្ត​ទៀត បើ​ទោះបីជា​ដី​នោះ មានការ​កាន់កាប់ ដោយ​បុគ្គល​ណា​ក៏​ដោយ តែ​ដូច​ជា​ធនធាន​រ៉ែ​នៅ​ក្រោម​ដី ជា​សម្បត្តិ​របស់​ជាតិ ត្រូវ​ថែរក្សា ការពារ​ដោយ​រដ្ឋ មិន​មាន​អ្នក​ណា​មក​ធ្វើ​អ្វី​ដោយ​គ្មាន​ការ​អនុញ្ញាត​ណាមួយ​ឡើយ ។

សូម​បញ្ជាក់​ផង​ដែរ មក​ដល់​ពេល​នេះ បើ​តាម​ការ​អះអាង​របស់​លោក​មេឃុំ​រមទម​ថា ពេល​នេះ​ប្រជាពលរដ្ឋ​ខ្លះ ក៏​បាន​ត្រឡប់​ទៅ​កាន់​មូលដ្ឋាន​រៀង​ៗ​ខ្លួន​វិញ រីឯ​ខ្លះ​ទៀត នៅ​តែ​បន្ត​ជីក​កកាយ​នៅឡើយ បើ​ទោះបីជា​អាជ្ញាធរ​ឃុំ​ហាម​យ៉ាងណា​ក៏​ដោយ ។

គួរ​រំឭក​ផង​ដែរ​ថា កាលពី​ឆ្នាំ​២០០៩ នៅ​លើ​ភ្នំ ចំណុច​បុស្ស​តា​ថោ​ង ស្ថិត​ក្នុងភូមិ​ភ្នំ​ដែក ឃុំ​រមណីយ៍ ស្រុក​រវៀង ក៏​មានការ​ភ្ញាក់ផ្អើល ដោយ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន មក​ពី​ខេត្ត​មួយ​ចំនួន មក​ជីករែង​យក​រ៉ែ​មាស​ដូច​ករណី​ខាងលើ​នេះ​ផង​ដែរ ។

ចំណែក​នៅ​ខេត្ត​មណ្ឌល​គី​រី​សកម្មភាព​ជីក​រក​រ៉ែ​មាស ដោយ​ប្រើ​រំសេវ​បំផ្ទុះ កំពុង​កើត​មាន​យ៉ាង​អនាធិបតេយ្យ ហើយ​ថែម​ទាំង​បង្ក​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ការ​រស់នៅ និង​សុខភាព​របស់​ប្រជាពលរដ្ឋ ។ ការ​ជីក​រក​រ៉ែ​ទាំង​អស់នេះ ត្រូវ​បាន​ក្រុម​មន្ត្រី​អះអាង​ថា ពុំ​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ ពី​អាជ្ញាធរ​ពាក់ព័ន្ធ​នោះ​ឡើយ​។

ប្រជាពលរដ្ឋ គណៈកម្មការ​អាចារ្យវត្ត និង​ព្រះសង្ឃ​គង់នៅ​វត្ត​ព្រៃ​មាស ភូមិ​អូរ​ក្ល ឃុំ​ង​ផ្លាស់ ស្រុក​កែវ​សីមា បាន​បង្ហើប​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ជា​រៀងរាល់ថ្ងៃ​សកម្មភាព​ជីក​រក​រ៉ែ​មាស ដែល​នៅ​ជាប់​បរិវេណ​វត្ត បាន​កើត​មាន​យ៉ាង​គគ្រឹកគគ្រេង ហើយ​ការ​ជីក​រក​រ៉ែ​នេះ ក្រុម​ឈ្មួញ​នាំ​គ្នា​ប្រើ​គ្រាប់រំសេវ​បំផ្ទុះ​រណ្តៅ​ដី​លាន់​ទ្រហឹង​អឹងកង ។ ក្រៅពី​ការ​ប្រើ​រំសេវ​បំផ្ទុះ​បំបែក​ថ្ម និង​ដី​ហើយ​នោះ ក្រុម​អ្នក​ជីក​រក​រ៉ែ​មាស​បាន​នាំ​គ្នា​ប្រើ​ម្ស៉ៅ​គីមី ចម្រាញ់​យក​មាស​ថែម​ទៀត ។

ពលរដ្ឋ​ក៏​ដូច​ជា​ព្រះសង្ឃ បាន​សម្តែង​ការ​ធុញទ្រាន់ និង​សកម្មភាព​ជីក​យក​រ៉ែ​អនាធិបតេយ្យ​នេះ ព្រោះ​វា​បាន​រំខាន​យ៉ាង​ខ្លាំង​ដល់​ការ​រស់នៅ ជា​ពិសេស​ការ​ប្រើ​ម្ស៉ៅ​គីមី កំពុង​បង្ក​គ្រោះថ្នាក់ ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ និង​សត្វ​ចិញ្ចឹម​របស់​ពួក​គាត់ ។ លើស​ពី​នេះ​ម្ចាស់​រណ្តៅ​រ៉ែ​មាស​ទាំង​អស់នោះ បាន​ដើរ​អួត​ក្អេងក្អាង​ថា ពួក​គេ​ជា​ក្មួយ​មន្ត្រី​ធំ​ៗ ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា ទៀត​ផង ។ ដោយសារ​អំនួត​នេះ ពួក​គេ​មិន​ខ្លាចរអា​អាជ្ញាធរ​ណា មក​បង្ក្រាប​សកម្មភាព របស់​ពួក​គេ​ឡើយ ។

ក្រុម​អាងខ្នង សែស្រឡាយ​ជា​អ្នកធំ​ធ្វើ​សកម្មភាព​បំផ្លាញ​រ៉ែ​ធម្មជាតិ​ទ្រង់ទ្រាយ​ធំ ក្នុង​ខេត្តមណ្ឌលគិរី​នេះ ត្រូវ​បាន​គេ​អះអាង​ថា មានឈ្មោះ ឈុំ មូ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត ឈ្មោះ ឆាន់ ទៀង ឈ្មោះ តែ គឹ​ម​សាន​ឈ្មោះ លឹ​ម និង ម្នាក់​ទៀត ឈ្មោះ លាង ។ ដោយឡែក​មេឃុំ​ចុង​ផ្លាស់ បាន​ទទួលស្គាល់​ថា ពិតជា​មាន​សកម្មភាព​បំផ្ទុះ​រំសេវ​រក​រ៉ែ​មាស​យ៉ាង​អនាធិបតេយ្យ ក្នុង​តំបន់​ខាងលើ​នោះ​មែន ហើយ​កន្លង​មក​សមត្ថកិច្ច​ធ្លាប់​បាន​បង្ក្រាប​និង​ដកហូត​វត្ថុ​តាង ដូច​ជា​ជី​បំផ្ទុះ​ចំនួន ៦​បាវ គ្រឿង​បំផ្ទុះ​ចំនួន​១៣​ដុំ​និង​សម្ភារៈ​មួយ​ចំនួន​ធំ​ទៀត ព្រមទាំង​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៣​នាក់​ផង​ដែរ ។

លោក សាន់ ដា​រិ​ទ្ធ ប្រធាន​មន្ទីរ​រ៉ែ​ន​ង​ថាមពល​ខេត្ត អ្នក​យក​ព័ត៌មាន​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ព្រោះ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ហើយ​មិន​មាន​អ្នកឆ្លើយ​តប ។ ចំណែក​លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ព្រោះ​លោក​ជាប់​ប្រជុំ ។ ប្រភព​ក្រៅផ្លូវការ​បាន​បង្ហើប​ឲ្យ​ដឹង​ថា កន្លង​មក​នៅ​ក្រោយ​ពេល​លោក ស្វាយ សំ​អ៊ា​ង បាន​ឡើង​កាន់​តំណែង​ជា​អភិបាលខេត្ត គេ​ឃើញ​មាន​មន្ត្រី​ជំនាញ​រ៉ែ​និង​ថាមពល​ខេត្ត ចុះ​នៅ​ហាមឃាត់​សកម្មភាព​ជីក​យក​រ៉ែ​មាស​ខុសច្បាប់​ទាំងនោះ ម្តង​ដែរ ។ តែ​មិនដឹង​ថា មានរឿង​អ្វី​បាន​កើតឡើង​ខ្លះ​នោះ​ទេ ព្រោះ​សកម្មភាព​បញ្ឈប់​ការ​ជីក​យក​រ៉ែ​មាស​ឈប់​បាន​មួយ​ដង្ហើម​ច​ង្រឹ​ត​ប៉ុណ្ណោះ ក៏​បើក​ឲ្យ​មានដំណើរ​ការ​វិញ​ដដែល ដោយ​ប្រើ​ឧបករណ៍​ពាក់កណ្តាល​ទំនើប ៕