ឧទ្យាន​ជាតិ​រាម ទីឋាន​ធម្មជាតិ​បវរ

ធ្វើដំណើរ​ទៅកាន់​ទិស​បូព៌ា​ចម្ងាយ​ប្រមាណ​ជា ១៨គីឡូម៉ែត្រ ពី​ក្រុងព្រះសីហនុ គេ​នឹង​ទៅដល់​តំបន់​អភិរក្ស​មួយ​កន្លែង មាន​ឈ្មោះថា «ឧទ្យាន​ជាតិ​រាម»។ ឧទ្យាន​ជាតិ​រាម ស្ថិតនៅ​រវាង​កោះ​ថ្មី និង​ក្រុងព្រះសីហនុ ​ដែល​មាន​ផ្ទៃដី​សរុប ២១,០០០ ហិកតា ក្នុង​នោះ​ផ្ទៃដី​ទំហំ ១៥,០០០ ហិកតា ជា​ដីគោក​ស្ថិត​តាម​ឆ្នេរសមុទ្រ និង​ផ្ទៃដី​ទំហំ ៦,០០០ ហិកតា ជា​ផ្ទៃ​ទឹកសមុទ្រ។

 

ឧទ្យាន​ជាតិ​រាម ត្រូវបាន​ប្រកាស​ជា​តំបន់​អភិរក្ស​នៅ​ឆ្នាំ​ ១៩៩៣ ដោយ​ព្រះរាជក្រឹត្យ ដោយសារតែ​តម្លៃ​ជាតិ វិទ្យាសាស្ត្រ អប់រំ និង​​កម្សាន្ត។

 
ឧទ្យាន​ជាតិ​រាម ទីឋាន​ធម្មជាតិ​បវរ

 

ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​លាតសន្ធឹង​ដាច់​កន្ទុយភ្នែក​នៅ​ឧទ្យាន​ជាតិ​រាម បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​ទី​ជិត​ឆ្ងាយ​មក​ទស្សនា ​និង​សម្រាក​កម្សាន្ត​ជាមួយ​ក្រុម​គ្រួសារ ​និង​មិត្តភ័ក្ដិ។ ជាមួយគ្នា​ដែរ​មាន​ឆ្នេរ​សំខាន់ៗ​នៅ​ទីនោះ​រួមមាន​ឆ្នេរ​ចម្ការ​ដូង​ ឆ្នេរ​បរិស្ថាន ​ឆ្នេរ​ថ្មដុះ ​និង​ឆ្នេរ​ព្រែក​ចាក​ ជាដើម។

 

ចំពោះ​ឆ្នេរ​ថ្មដុះ​ជា​ឆ្នេរ​ដែលមាន​សម្រស់​ស្រស់​ស្អាត​មួយ​ក្នុងចំណោម​ឆ្នេរ​ដ៏​ស្អាត​ជាច្រើន​ទៀត​ក្នុង​ឧទ្យាន​ជាតិ​រាម។ ថ្មដុះ​នៅ​ជិត​សមុទ្រ​រដិបរដុប​បង្ក​ទៅជា​កន្លែង​អង្គុយ​កម្សាន្ត​លេង​ និង​ស្រូបយក​ខ្យល់អាកាស​សម្រាប់​ភ្ញៀវ​ទេសចរ។ ប្រជាជន​នៅក្នុង​តំបន់​នោះបាន​ហៅ​ឆ្នេរ​ថ្មដុះ​ថា​ ឆ្នេរ​ញី​-ឈ្មោល​ដោយសារ​នៅ​លើ​ឆ្នេរ​នោះ​មាន​ដុំ​ថ្ម​ពីរ​ដុំ​នៅ​ទន្ទឹមគ្នា​ហាក់បីដូចជា​សត្វ​សមុទ្រ​ញី​ឈ្មោល​ដែល​កំពុង​អង្គុយ​លំហែ​នៅ​លើ​ឆ្នេរ។ នៅលើ​ឆ្នេរ​ថ្មដុះ​គេ​អាច​មើលឃើញ​កោះ​តា​គៀវ ​និង​កោះ​ស្រមោច​យ៉ាង​ច្បាស់​ជាង​កោះ​នានា។ ជាងនេះ​ទៅទៀត​ភ្ញៀវ​ទេសចរ​អាច​ធ្វើ​ដំណើរ​ពី​ឆ្នេរ​ថ្មដុះ​ទៅកាន់​កោះ​តា​គៀវ​ និង​កោះ​ឫស្សី​តាមរយៈ​ទូក​ឯកជន​​បាន​ផងដែរ។

 

រីឯ​ឆ្នេរ​បរិស្ថាន​វិញ​ក៏​រូបឆោម​ផូរផង់​មិន​ចាញ់​ឆ្នេរ​ដ៏ទៃទៀត​ដែរ។ ឆ្នេរ​នេះ​មាន​បរិស្ថាន​ល្អ​ជាងគេ​ទើបត្រូវ​បាន​គេ​ដាក់​ឈ្មោះថា​ឆ្នេរ​បរិស្ថាន។ នៅ​ទីនោះ​មាន​កន្លែង​កម្សាន្ត​រួម​ជាមួយ​ការ​ផ្ដល់​សេវាកម្ម​ម្ហូបអាហារ​ និង​ទូក​សម្រាប់​អ្នកដំណើរ​ដែល​មាន​បំណង​ទៅកាន់​កោះ​ផ្សេងៗ​ទៀត​ដែល​នៅ​ជិត​នោះ។

 

ឧទ្យាន​ជាតិ​រាម ទីឋាន​ធម្មជាតិ​បវរ
 

ឧទ្យាន​ជាតិ​រាម ទីឋាន​ធម្មជាតិ​បវរ
 

ឧទ្យាន​ជាតិ​រាម ទីឋាន​ធម្មជាតិ​បវរ
 

ឧទ្យាន​ជាតិ​រាម ទីឋាន​ធម្មជាតិ​បវរ
 

ឧទ្យាន​ជាតិ​រាម ទីឋាន​ធម្មជាតិ​បវរ
 

ឧទ្យាន​ជាតិ​រាម ទីឋាន​ធម្មជាតិ​បវរ

 
 

អត្ថបទ៖ កើត ចន្ទ្រា