Ezecom បង្ហាញ​ជោគជ័យ​ការ​អភិវឌ្ឍ​អាជីវកម្ម​អ៊ីនធឺណិត​នៅ​កម្ពុជា

ក្នុង​​គម្រប់​ខួប ៨ ឆ្នាំ ក្រុមហ៊ុន Ezecom បាន​បង្ហាញ​ពី​ជោគជ័យ​ក្នុង​ការ​​ប្រតិបត្តិការ​អាជីវកម្ម​​​ផ្គត់ផ្គង់​​​សេវា​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

 

Ezecom បង្ហាញ​ជោគជ័យ​ការ​អភិវឌ្ឍ​អាជីវកម្ម​អ៊ីនធឺណិត​នៅ​កម្ពុជា

 

លោក ហែម សុវត្ថិ អគ្គនាយករង​ក្រុមហ៊ុន Ezecom បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ការ​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៧ ក្រុមហ៊ុន​បាន​​ដាក់​យុទ្ធសាស្រ្ត​អភិវឌ្ឍ​អាជីវកម្ម ជាមួយ​បេសកកម្ម​ដើម្បី​ក្លាយ​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​ឈាន​មុខ​នៅ​ប្រទេស​កម្ពុជា។

 

លោក​ថា រហូត​ដល់​ពេល​នេះ ក្រុមហ៊ុន​​បាន​តភ្ជាប់​បណ្តាញ​ខ្សែកាប​អុបទិក​ចម្ងាយ​​ ១១ ០០០ នៅ​​ទូទាំង​ប្រទេស​ និង​ការ​ពង្រីក​ការ​តភ្ជាប់​ជាមួយ​ប្រទេស​នៅ​ក្នុង​តំបន់។

 

ក្នុង​ឆ្នាំ ២០១១ ក្រុមហ៊ុន Ezecom បាន​ទិញ​យក​ភាគហ៊ុន​ទាំង​ស្រុង​ពី​​ក្រុមហ៊ុន​ Telcotech ដែល​ជា​សមាជិក​នៃ​បណ្ដាញ​ខ្សែកាប​អុបទិក​ក្រោម​បាត​សមុទ្រ​​អន្តរជាតិ Asia America Gateway ដែល​តភ្ជាប់​សហរដ្ឋ​អាមេរិក​មក​តំបន់​អាស៊ីអាគ្នេយ៍​​ជាមួយ​​អ៊ីនធឺណិត​​ដែល​មាន​ល្បឿន​លឿន។

 

បើ​តាម​អ្នក​គ្រប់គ្រង​រូប​នេះ​បញ្ជាក់​ថា នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​​របស់​ក្រុមហ៊ុន ក្នុង​ការ​ឆ្ពោះ​ទៅ​រក​ការអភិវឌ្ឍន៍​ប្រព័ន្ធ​គមនាគមន៍​​ដើម្បី​ឆ្លើយតប​តម្រូវការកើន​ឡើង​​របស់​បណ្ដាសហគ្រាស អាជីវកម្ម​​នៅ​កម្ពុជា។ តាម​រយៈ​ប្រព័ន្ធ​ខ្សែកាប​ក្រោម​បាត​សមុទ្រ​អន្តរជាតិ​​នេះ នឹង​​នាំ​ប្រយោជន៍​ក្នុង​ការ​​លើក​កម្ពស់​​​និង​ការ​ធ្វើ​សមាហ័រកម្ម​បច្ចេកវិទ្យា​ទូរគមនាគមន៍របស់​​​​ប្រទេស​កម្ពុជា​នៅ​ក្នុង​តំបន់​​និង​នៅ​លើ​ពិភពលោក។ ជាមួយ​គ្នា​នេះ វា​ក៏​​ក៏​នឹង​នាំ​មក​​ឯករាជ្រ​​​របស់​ប្រទេស​កម្ពុជា លើ​ការ​ប្រកួតប្រជែង​នៅ​ក្នុង​វិស័យ​ទូរ​គម​នាម​គម​ន៍។

 

Ezecom បាន​​ក្លាយ​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​តែ​មួយ​គត់​នៅ​កម្ពុជា ដែល​ទទួល​ស្គាល់​គុណភាព​ពី​វិទ្យាស្ថាន​ស្តង់ដា​អន្តរជាតិ ISO និង​ក៏​ត្រូវ​បាន​ជ្រើសរើស​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​ល្អ​បំផុត ដោយ​គណៈកម្មាធិការ​ព័ត៌មានវិទ្យា​និង​ទូរគមនាគមន៍។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា