ចង់​ដឹង​ទៀត​អត់​! ប៉ូលិស​បាញ់​ប៉ូលិស​ នៅ​វត្ត​ភ្នំ ​ម៉េច​ទៅ​ហើយ?

រាជធានី​ភ្នំពេញ ៖ រយៈពេល​៥​ថ្ងៃ​មក​ហើយ ប្រធាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​វត្ត​ភ្នំ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ធ្វើការ​សង្គ្រោះ​ឱ្យ​រួច​ផុត​ពី​សេចក្តីស្លាប់ បន្ទាប់​ពី​ត្រូវ​ជន​ដៃដល់​ដែល​គេ​ស្គាល់​ថា ជា​មន្ត្រី​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាញ់ប្រហារ​កាលពី​យប់​កន្លង​ទៅ ។

ចំណែកឯ​ជន​ដៃដល់ ក៏​រួច​ផុត​ពី​ស្លាប់​ដែរ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ក្រោម​ការ​យាមកាម​ពី​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ និង​រង់ចាំ​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃ​.​ស ។

លោក​អនុសេនីយ៍ឯក ឃួ​ន ងួ​ន អធិការរង​នគរបាល​ខណ្ឌដូនពេញ ទទួល​ផែន​យុត្តិធម៌​បានឱ្យ​ដឹង​ថា ពេល​នេះ លោក​អ៊ុំ សំអាត ប្រធាន​នគរបាល​ប៉ុស្តិ៍​វត្ត​ភ្នំ មាន​សភាព​ធូរស្រាល​បន្តិច​ហើយ ហើយ​ត្រូវ​ក្រុម​គ្រូពេទ្យ​បញ្ជូន​ចេញពី​បន្ទប់សង្គ្រោះបន្ទាន់ ឱ្យមក​សម្រាក​​នៅ​អគារ​ប្រព័ន្ធ​ប្រាសាទ ។

រីឯ​ជន​ដៃដល់​ឈ្មោះ​សិន សុធា​រិ​ទ្ធ ក៏​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដែរ ដោយ​ជន​នេះ​ត្រូវ​បាន​នគរបាល​ផ្នែក​យុត្តិធម៌​នៃ​អធិ​ការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ចោទ​ពី​បទ «​ប៉ុនប៉ង​មនុស្សឃាត​» ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​រក្សា​សារធាតុ​គ្រឿងញៀន ត្រូវ​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃ​.​ស ក្រោយ​ពី​ព្រះរាជអាជ្ញា​ពិនិត្យ​សំណុំ និង​ស្ថានភាព​មុខរបួស ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត