បង្កើត​អង្គការ​អន្តរជាតិ​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ តាមរយៈ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​

ភ្នំពេញ:
​ក្រសួង​ទេសចរណ៍​បានប្រកាសថា លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​នឹង​កំពុងស្ថិត​ក្នុង​ពិធី​ចុះហត្ថលេខា​អនុម័ត​កិច្ចព្រមព្រៀង​ស្តីពី​ការបង្កើត​អង្គការ​អន្តរជាតិ​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ តាមរយៈ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព (International Sustainable Tourism for Alleviating Poverty-STEP Organization) នៅ​ទីក្រុង​សេ​អ៊ូ​ល នៃ​សាធារណរដ្ឋ​កូរ៉េ​។

​ក្នុង​ពិធី​នេះ មានការ​ចូលរួម​ពី​សំណាក់ លោក Tabeb Rifai អគ្គលេខាធិការ​នៃ​អង្គការ​ទេសចរណ៍​ពិភពលោក រដ្ឋមន្ត្រី​ទេសចរណ៍ កីឡា និង​វប្បធម៌ នៃ​សាធារណរដ្ឋ​កូរ៉េ និង​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​សាធារណៈរដ្ឋ​កូរ៉េ លោកស្រី Dho Young Shim ប្រធាន​មូលនិធិ​កាត់បន្ថយ​ភាពក្រីក្រ​តាមរយៈ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​របស់​អង្គការ​ទេសចរណ៍​ពិភពលោក និង​ថ្នាក់ដឹកនាំ​មកពី​បណ្តា​ប្រទេស ដែលមាន​បំណង​ចូលរួម​ក្នុង​អង្គការ​អន្តរជាតិ​នេះ​សរុប ៣៧ ប្រទេស​។​

​អង្គការ​អន្តរជាតិ​នេះ​នឹងមាន​ស្នាក់ការ​របស់ខ្លួន​នៅ​សាធារណៈរដ្ឋ​កូរ៉េ និង​ជា​អង្គការ​ស្វ័យ​ភាពមិន​ស្វែងរក ប្រាក់ចំណេញ ដែល​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ចំបង​ពង្រឹង​វិស័យ​ទេសចរណ៍ អប់រំ អភិវឌ្ឍ និង​វិទ្យាសាស្ត្រ​។​

​ការរៀបចំ និង​ប្រព្រឹត្តិ​ទៅ​របស់​អង្គការ​អន្តរជាតិ​នេះ ត្រូវបាន​រៀបចំឡើង​ដោយមាន សភា​មួយ ក្រុមប្រឹក្សា​មួយ និង​លេខាធិការដ្ឋាន​មួយ​ជា​សេនាធិការ​របស់ខ្លួន​។ ហើយ​ការិយាល័យ​សាខា ឬ ស្ថាប័ន​ជា​សេនាធិការ អាច​ត្រូវបាន​បង្កើត​ច្រើន​ផ្សេងៗ ទៀត តាម​ការសម្រេច​របស់​សភា​អង្គការ​អន្តរជាតិ​នេះ ប្រសិនបើ​ពិនិត្យឃើញ ថា​មាន​ភាពចាំបាច់​ក្នុងការ​ដំណើរការ​សកម្មភាពរ​បស់​អង្គការ​។ សភា​ជា​ស្ថាប័ន​កំពូល​របស់​អង្គការ​អន្តរជាតិ​នេះ និង​មាន​សមាសភាព​ពី​ប្រទេស​សមាជិក​ទាំងអស់​រប​ស់​អង្គការ​។​

​សម្រាប់​កម្ពុជា​ក៏ដូចជា​ប្រទេស​ដែលជា​សមាជិក និង​ដៃគូ​យុទ្ធសាស្ត្រ​របស់​អង្គការ​អន្តរជាតិ​នេះ នឹង​ទទួលបាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ដូចជា ការគាំទ្រ​ខាង​វិស័យ​សិក្សា​ស្រាវជ្រាវ និង​គម្រោង​អភិវឌ្ឍ​ទេសចរណ៍​ច្នៃប្រឌិត​ផ្សេងៗ និង​គម្រោង​ផ្សេងៗ ទៀត​ដែល​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​កីឡា វប្បធម៌ អប់រំ និង​ការអភិវឌ្ឍ​ធនធានមនុស្ស សំដៅ​លប់បំបាត់​ភាពក្រីក្រ តាមរយៈ​ការគាំទ្រ​លើ​គម្រោង និង​កម្មវិធី​អភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព ការពង្រឹង​ភាពជា​ដៃគូ​រវាង​វិស័យ​រដ្ឋ និង​ឯកជន និង​ចូលរួម​ការការពារ និង​អភិរក្ស​មរតក​វប្ប​ធ​ម៍ និង​ធម្មជាតិ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម តាមរយៈ​ការ​ជម្រុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​អង្គការ​អន្តរជាតិ រដ្ឋាភិបាល និង​អាជ្ញាធរ ពាក់ព័ន្ធ មូលនិធិ ក្រុមហ៊ុន​ឯកជន សមាគម ដែលមាន​គោលដៅ​រួម​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​តាមរយៈ​គម្រោង និង​គំនិត​ផ្តួចផ្តើម​ក្នុងការ​អភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​។​

​គួរកត់សម្គាល់​ផងដែរ​ថា អង្គការ​អន្តរជាតិ​នេះ​ត្រូវបាន​បង្កើត​ឡើងជា​អង្គការ​អន្តររដ្ឋាភិបាល​ឯករាជ្យ​មួយ ដែល​អភិវឌ្ឍ​ខ្លូន​ចេញពី​មូលនិធិ​កាត់បន្ថយ​ភាពក្រីក្រ​តាមរយៈ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព ដែល​បាន​បង្កើតឡើង​ដោយ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ និង​អង្គការ​ទេសចរណ៍​ពិភពលោក​នៅក្នុង​ឆ្នាំ ២០០៤​។​

បង្កើត​អង្គការ​អន្តរជាតិ​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ តាមរយៈ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​

បង្កើត​អង្គការ​អន្តរជាតិ​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ តាមរយៈ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​

បង្កើត​អង្គការ​អន្តរជាតិ​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ តាមរយៈ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​

បង្កើត​អង្គការ​អន្តរជាតិ​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ តាមរយៈ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​