បើ​នៅ​តែ​បែប​នេះ គ្មាន​ទេ​ពាក្យ​ថា «​តំបន់​ទេសចរណ៍​រំដួល​៣​ទង​»​នោះ

ខេត្តសៀមរាប ៖ រថយន្ត​ដឹក​ដី​មួយ​​គ្រឿង​ មាន​​ស្លាក​លេខ​សៀមរាប​១០៧៥ S.R 3 ដោយសារមានទម្ងន់​ធ្ងន់​​ពេក បាន​បង្ក​ឱ្យ​ស្រុត​ផ្លូវ និង​បាក់​លូ​នៅ​ក្នុង​តំបន់​ទីក្រុង​ទេសចរណ៍​ នៃ​ខេត្តសៀមរាប ។ តែ​ករណី​នេះ ​មិន​ត្រូវ​បាន​ខាង​សមត្ថកិច្ច ឬ​មន្ត្រី​ជំនាញ អាជ្ញាធរ​ពាក់​ព័ន្ធមាន​ចំណាត់ការ​ទៅ​លើ​រថយន្ត​នោះ​​ឡើយ ដោយ​ត្រូវ​គេ​សង្ស័យ​ថា អាច​សង្ស័យ​ត្រូវ​ថ្នាំ​សណ្តំ ដែលហេតុការណ៍​​កើតឡើង​ខាង​លើ​ កាល​ពី​ថ្ងៃ​ទី​២៩ មីនា ២០១៦ ស្ថិត​នៅ​ក្នុងភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

តាម​ប្រភព​ពី​សមត្ថកិច្ច​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ថា មាន​រថយន្ត​ដឹក​ដី​និង​ខ្សាច់ ដែល​កំពុង​ចរាចរណ៍​នៅ​តាម​ដងផ្លូវ​ជាតិ និង​តាម​ផ្លូវ​នានា​ក្នុង​ក្រុង​សៀមរាប ព្រមទាំង​មិន​បាន​គ្រប​កៅស៊ូ​ពីលើ​ថែម​ទៀត ។ ប្រភព​បន្ត​ថា ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មីនា រថយន្ត​ដឹក​ដី​ជា​ច្រើន​គ្រឿង បាន​ដឹក​យក​មក​លក់​នៅ​ម្តុំ​ភូមិ​ស្ទឹង​ថ្មី ក្នុង​សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ហើយ​បាន​ធ្វើ​ឱ្យ​ស្រុត​ផ្លូវ​កៅស៊ូ​ជម្រៅ​ប្រមាណ​ជាង​កន្លះ​ម៉ែត្រ ហើយ​ក្នុង​ហេតុការណ៍​នោះ បណ្តាល​ឱ្យ​ពលរដ្ឋ​នាំ​គ្នា​និយាយ​យ៉ាង​ខ្លាំង​ៗ​ថា អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​ពាក់​ព័ន្ធ ជា​ពិសេស​អាជ្ញាធរ​ខេត្ត មិន​អើពើ​ទៅ​នឹង​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​ពលរដ្ឋ ដោយ​ម្នាក់​ៗ​អង្គុយចាំតែ​ទទួលផល​លាភ​សក្ការៈ​​រៀង​ៗ​ខ្លួន​តែ​ប៉ុណ្ណោះ ។

ប្រភព​ពី​ពលរដ្ឋ​មាន​លំនៅ​ជាប់​ផ្លូវជាតិ​បាន​ប្រាប់​ថា បច្ចុប្បន្ន​នេះ រថយន្ត​ដឹក​ដី​និង​ដឹក​ខ្សាច់ បើក​លឿន​ខ្លាំង​ណាស់ ហើយ​ហុយ​ទ្រលោម​ពេញ​ផ្លូវ ដោយ​គ្មាន​ឃើញ​សមត្ថកិច្ច និង​មន្ត្រី​ពាក់ព័ន្ធ​ណាមួយ​ចេញ​មុខ​ឃាត់ ឬ​យក​មក​ធ្វើការ​អប់រំ​ឡើយ ។ នៅ​ក្នុង​ទឹកដី​ខេត្តសៀមរាប គឺ​សំបូរ​ដោយ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​ពួក​គាត់​ចូល​មក​លេង​នៅ​តំបន់​អង្គរ ខ្លះ​ជិះ​រថយន្ត ខ្លះ​ជិះ​ម៉ូតូ​រ៉ឺ​ម៉ក និង​ខ្លះ​ជួល​ម៉ូតូ កង់​គេ​ជិះ គ្រាន់​បាន​សប្បាយ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ បែរជា​នាំ​គ្នា​ខ្ទប់​មុខ​ទាំងអស់ ។

ប្រភព​បន្ថែម​ថា ក្រុមហ៊ុន​ដែល​កាយ​យក​អាចម៍ដី​លក់​ទាំងនោះ​នៅ​ក្នុង​ក្រុង​សៀមរាប បើ​គិត​ជា​មធ្យម មាន​ជិត​១០០​ក្រុមហ៊ុន ហើយ​ភាគច្រើន​ពួក​គេ​ចូល​ទៅ​កាយ​នៅ​តំបន់​ព្រៃ​លិច​ទឹក​សម្រាប់​ត្រី​ពង ក្នុង​សង្កាត់​សៀមរាប​, សង្កាត់​ជ្រាវ​, សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀម​រាប និង​នៅ​ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​ជាដើម ។

ទាក់ទិន​ករណី​នេះ ខាង​ម្ចាស់​ក្រុមហ៊ុន​ដឹក​ដី​ដែល​មាន​លេខ​ទូរស័ព្ទ​ជាប់​និង​ឡាន​នោះ​បានឱ្យ​ដឹង​នា​ល្ងាច​ថ្ងៃ​ទី​២៩​នេះ​ថា ខាង​ក្រុម​ហ៊ុន​របស់​លោក បាន​សង​សំណង​ដល់​រដ្ឋ​ចំនួន​ជាង​២០០​ដុល្លារ ដែល​ខាង​ជំនាញ​សាធារណការ​ចុះ​មក​ពិន័យ​ផ្ទាល់​តែ​ម្តង ។ លោក​បន្ត​ថា បន្ទាប់​ពី​ផាកពិន័យ​រួច ខាង​ជំនាញ​សាធារណការ​បាន​អនុញ្ញាត​ឱ្យ​លោក​យក​រថយន្ត​មក​ប្រកប​របរ​វិញ​ដោយ​ធម្មតា ។