​អភិវឌ្ឍ​សមត្ថភាព​អគ្គនាយកដ្ឋាន​ពន្ធដារជំហានទី២

រាជ​ធានី​​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​​ពន្ធដារ​​បាន​​បើក​កិច្ច​គ​ណៈ​ក​ម្មា​ធិ​ការ​សម្របសម្រួល​រួម​លើក​ទី​២ ​នៃ​គម្រោង​សម្រាប់​ការ​ភិ​វ​ឌ្ឍ​ន៍​សមត្ថ​ភាព​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​​ជំហាន​ទី​២ ​ដែល​រៀបចំ​ឡើង​​នៅ​សាល​ប្រជុំ​អគ្គនាយកដ្ឋាន​ពន្ធដារ ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ មីនា​ ២០១៦ ​ដែល​មានការ​ចូលរួម​ពី​លោក​វ៉ាន់​ ពុទ្ធិ​ពល អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ, លោក​ហេង សុខ ណា​ង អគ្គនាយករង​នៃ​​អ​គ្គនាយកដ្ឋាន​ពន្ធដារ តំណាង​ស្ថានទូត​ជ​ប៉ុន​ប្រចាំ​នៅ​កម្ពុជា, តំណាង​ភ្នាក់ងារ​ពន្ធដារ​ជាតិ​ជ​ប៉ុន, តំណាង​ទីភ្នាក់ងារ​សហ​ប្រតិ​បត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជ​ប៉ុុន ​និង​អ្នក​ជំនាញការ​ជ​ប៉ុន ។

នៅ​ក្នុង​កិច្ច​នេះ​មាន​គោលបំណង​៣​សំខាន់ ១-ការ​ពិភាក្សា​លើ​កិច្ចព្រមព្រៀង​កែសម្រួល​តារាង​គម្រោង​ម៉ាទ្រី​ស ​ដែល​ចង្អុលបង្ហាញ​លំអិត​ពី​គោលដៅ​និង​ការ​អនុវត្ត​គម្រោង​ជំហាន​ទី​២ ។ ២-ការ​បញ្ជាក់​លើ​ជំហាន​ និង​មធ្យោបាយ​ក្នុង​ការ​អនុវត្ត​គម្រោង​ និង៣-ការ​បញ្ជាក់​​​ពី​ការ​រៀបចំ​ក្រុមការងារ​ស្នូល​ ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ ​ដើម្បី​គាំទ្រ​ និង​ជម្រុញ​ការ​អនុវត្ត​ផែនការ​សកម្មភាព​នីមួយ​ៗ​ ដែល​បាន​ដាក់​ចេញ ។

ការ​កែសម្រួល​លើ​តារាង​គម្រោង​ម៉ាទ្រី​ស ​មិន​ត្រូវ​បាន​ធ្វើ​ឡើង​ ដើម្បី​ផ្លាស់​ប្តូរ​គោលដៅ​ជា​រួម​នៃ​ផែនការ​សកម្មភាព​នោះ​ទេ ប៉ុ​ន្តែ​គឺ​ក្នុង​គោលបំណង​បញ្ជាក់​បន្ថែម​ឱ្យ​​បាន​ច្បាស់លាស់​នូវ​ផែនការ​សកម្មភាព​ក្នុង​តារាង​គម្រោង​ម៉ា​ទ្រី​សនោះ និង​ដើម្បី​ឈាន​ទៅ​អនុវត្ត​គម្រោង​​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ និង​ស្ថានភាព​ជាក់ស្តែង ។