មិនមាន​ការ​ស៊ើប​អង្កេត​ទាហាន​ដែល​គំរាម​បាញ់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ទេ

មន្ត្រីកង​​​រាជអាវុធ​​​ហត្ថ​​​ម្នាក់​​​បាន​​​និយាយ​​​កាល​​​ពីម្សិលមិញ​​​ថា មិន​​​មាន​​​ផែន​​​ការ​​​សើុប​​​អង្កេត​​​ទាហាន​​​មួយ​​​ក្រុម​​​​​​ដែល​​​បាន​​​គំរាម​​​បាញ់​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​កាល​​​ពី​ថ្ងៃច័ន្ទ​​​​ ដោយ​​​សារ​​​បដិសេធ​​​មិន​​​​​​ព្រម​​​ប្រគល់​​​​រថយន្ត​​​យោធា​​​ដែល​​​​​​ត្រូវ​​​បាន​​​ឃាត់​​​ទុក​​​ព្រោះ​​​មាន​​​​​​ដឹក​​​ឈើ​​​ដែល​​​​គេ​ជឿថា ត្រូវ​បាន​កាប់ដោយ​​​​ខុស​​​ច្បាប់​​​នោះ​​​ឡើយ​​​​​​​។

យោង​​​តាម​​​លោក ខន ខែម​ នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​​​អន្លង់​​​វែង​​​​​​បាន​​​ឱ្យ​ដឹងថា​​​ទាហាន​​​មក​​​ពី​​​កង​​​អនុសេនាតូច​​​លេខ​​​២៤៣​​​នៃ​​​កង​​​យោធពល​​​ខេមរភូមិន្ទ​​​បាន​​​សម្រុក​​​ចូល​​​ការិយាល័យ​​​របស់​​​លោក​​​កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​ច័ន្ទ​​ប្រដាប់​​​ដោយ​​​កាំភ្លើង​​​ទាម​​​ទារ​​​ឲ្យ​​​មន្ត្រី​​​របស់​​​លោក​​​ប្រគល់​​​រថយន្ត​​​ឲ្យ​​​ពួកគេ​វិញ​​​។

លោ​​​បាន​​​ថ្លែង​​​ថា​​​ រថយន្ត​​​នេះ​​​ត្រូវ​​​ចាប់​​​មក​​​​ក្សា​​​ទុក​​​​​​ជា​​​ភ័ស្តុ​​​តាង​​​កាល​​​ពី​​​សប្តាហ៍​​​មុន បន្ទាប់​​​ពី​​​តាម​​​ទាន់ឃើញ​​​​ដឹក​​​ឈើខុស​ច្បាប់​​​​ចំនួន​​​៦​​​ម៉ែត្រ​​​គូប​​​ឆ្លង​​​កាត់​​​ស្រុក​​​នេ​ះ​​​ដោយ​​​គ្មាន​​​ការ​​​អនុញ្ញាត។

កាល​​​ពី​​​ម្សិលមិញ លោក ​​​ងួន ​​​ធារិទ្ធ ​​​មេ​​​បញ្ជាការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ស្រុក​​​ដែល​​​បាន​​​មក​​​ដល់​​​កន្លែង​​​កើត​​​មានការ​ប្រឈម​មុ​ខ​​​ដាក់គ្នានេះ​ មុន​​​ពេល​​​ទាហានទាំងនេះ​​​​ចាក​​​ចេញ​​​ទៅ​​​វិញ​​​ដោយ​ដៃទទេនោះ បាន​​​មាន​​​ប្រសាសន៍​​​ថា មិន​​​មាន​​​​​​ការ​​​សើុប​​​អង្កេត​​​ទេ​​​ពីព្រោះ​​​គ្មាន​​​នរណា​​​ម្នាក់​​​រង​​​របួស​​​ឡើយ ​​​និង​​​ដោយ​​​សារ​​​លោក​​​មិន​​​បាន​​​ឃើញ​​​ក្រុម​​​ទាហាន​​​​​​​​​ទាំង​​​នោះ​​​យក​កាំភ្លើង​ភ្ជង់​​នរណា​​​ម្នាក់​​​។

លោក​​​បានថ្លែង​​​ថា “ពួក​​​គេ​​​យល់​​​ច្រឡំ​​​គ្នា​​​។ ​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​មិន​​​បាន​​​ពន្យល់​​​ប្រាប់​​​ទាហាន​​​ ទាំង​​​នោះ​​​ពី​​​ច្បាប់​​​ព្រៃ​​​ឈើ​​​​​​ទេ ហើយ​​​ទាហាន​​​ទាំង​​​នោះ​​​មាន​​​លិខិត​​​​​​អនុញ្ញាត​​​ពី​​​អាជ្ញធរ​​​ខេត្ត​​​ឧត្តរ​​​មាន​​​ជ័យ​​​ឲ្យ​​​ពួក​​​គេ​​​មក​យក​​​រថយន្ត​​​នេះ​​​ ដូច្នេះ​​​ហើយ​​​ពួក​​​គេ​​​បាន​​​ព្យាយាម​​​យក​​​រថយន្ត​​​ទៅ​​​វិញ”។

លោក ធារិទ្ធ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​លិខិត​​​​​​នេះ​​​ត្រូវ​​​បាន​​​បោះ​​​ត្រា​​​ដោយ​​​ខុទ្ទកាល័យ​​​​​​របស់​​​លោក ស ថាវី អភិបាល​​​ខេត្ត​​​ ប៉ុន្តែ បាន​​​បន្ថែម​​​ថា មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើចាំបាច់​​​​ត្រូវ​​​មាន​ការ​​​អនុញ្ញាត​​​ពី​​​សាលា​​​ដំបូង​​​ខេត្ត​​​ដើម្បី​​​ប្រគល់​​​រថយន្ត​​​នេះ​​​ឲ្យ​​​វិញ​​​ ​​​។

លោក ស ថាវី បាន​បដិសេធមិន​ធ្វើ​អត្ថាធិ​​​ប្បាយ​​​​ទេ​កាលពី​ម្សិលមិញ ដោយ​បង្វែរ​សំណួរ​​​​ទៅ​រដ្ឋបាល​ព្រៃឈើ។

លោក ខន ខែម បាន​មានប្រសាសន៍​ត្រឹម​​​តែថា លោក​មាន​បំណង​បន្ត​ស្វែងរក​ករណី​​​​កាប់​​​ឈើ​ខុស​ច្បាប់​ដំបូង​ និង​​​​ករណី​ដឹក​​​ជញ្ជូន​​​ប្រឆាំង​កង​អនុសេនាតូច​នេះ។

មុនពេល​ដាក់ទូរស័ព្ទអ្នកយក​ព័ត៌មាន​ចុះ លោក​​​បាន​​​ថ្លែង​​​ថា “គ្មាន​​​នរណា​​​ម្នាក់​​​អាច​​​យក​​​រថយន្ត​​​ដែល​​​ដឹក​​​ឈើ​​​ខុស​​​ច្បាប់​​​បាន​​​ទេ​​​ រហូត​​​ដល់​​​នីតិវិធី​​​ផ្លូវ​ច្បាប់​ត្រូវ​បាន​បញ្ចប់​នៅ​តុលាការ​​​​”។

ក្រុម​​​មន្ត្រី​​​នៅ​​​កង​​​ពល​​​ធំលេខ​​​២​​​នៃ​​​កង​​​យោធពល​​​ខេមរភូមិន្ទ​​​ដែល​​​មើល​​​ការ​ខុស​​​ត្រូវ​​​កង​​​អនុសេនាតូច​​​េលខ​​​២៤៣​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​៕ សារុន​

 

The post មិនមាន​ការ​ស៊ើប​អង្កេត​ទាហាន​ដែល​គំរាម​បាញ់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ទេ appeared first on ខេមបូឌា ដេលី.