អណ្តើក និង​ពស់ថ្លាន់​បើ​កុំ​ចាប់​ទាន់​មិនដឹង​ដល់​ណា

អណ្តើក និង​ពស់ថ្លាន់​បើ​កុំ​ចាប់​ទាន់​មិនដឹង​ដល់​ណា



ខេត្តកណ្ដាល ៖ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ស្រុក​កៀនស្វាយ បាន​សហការ​ជាមួយ​ប៉ូលិស​សេ​ដ្ធ​កិច្ច​ខេត្តកណ្តាល និង​កម្លាំង​នគរបាល​ស្រុក​កៀនស្វាយ ស្ទាក់​ចាប់​រថយន្ត​ធុន​ធំ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​មួយ​គ្រឿង ដឹក​ទំនិញ​បន្លែបង្កា បានបង្កប់​សត្វព្រៃ​ដោយ​លួចលាក់ មាន​ពស់ថ្លាន់ និង​អណ្តើក​ជាង​៥០០​គីឡូក្រាម កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៨ មីនា នៅ​ចំណុច​ភូមិ​ព្រែក​ត្រែង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ក្នុង​ទិស​ដៅ​ពី​អ្នក​លឿង​ឆ្លងកាត់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ដែល​គេ​និយាយ​ថា មាន​ទិស​ដៅ​យក​ទៅ​ស្រុក​យួន ។

លោក អ៊ី ​សុ​ភី នាយ​សង្កាត់រ​ដ្ធ​បាល​ព្រៃឈើ​កៀនស្វាយ ដែល​ដឹកនាំ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​រាយការណ៍​ថា មាន​រថយន្ត​ដឹក​ទំនិញ​១​គ្រឿង​ម៉ាក​ហ៊ីយ៉ា​ន់​ដាយ ដោយ​មាន​សណ្តោង​រ៉ឺ​ម៉ក ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3B-8360​មាន​លួច​បង្កប់​សត្វ​អណ្តើក និង​ពស់ថ្លាន់ ឆ្លងកាត់​មូលដ្ឋាន​របស់​លោក​គ្រប់គ្រង ។

រូប​លោក​ក៏​បាន​ដឹកនាំ​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត និង​កម្លាំង​នគរបាល​ស្រុក​ស្ទាក់​ចាប់ តែ​ដោយ​អ្នកបើកបរ​រថយន្ដ​ដឹងខ្លួន​ក៏​ចត​រថយន្ដ​ចោល ហើយ​រត់គេច​ខ្លួន​បាត់​មុន​ពេល​កម្លាំង​ទៅ​ដល់ ។ លោក អ៊ី សុ​ភី បន្ត​ថា នៅ​ពេល​កម្លាំង​ធ្វើការ​ឆែកឆេរ​រើ​ទំនិញ​ទើប​ប្រទះ​ឃើញ​វត្ថុ​តាង សត្វ​អណ្តើក​ចំនួន​១០២​ក្បាល ស្មើ​៤៤៣​គីឡូក្រាម ពស់ថ្លាន់​១៧​ក្បាល ស្មើនឹង​១២៧​គីឡូក្រាម នៅ​លើ​រថយន្ត​បង្កប់​ពីក្រោម​ទំនិញ ។

លោក​បញ្ជាក់​ថា​បន្ទាប់​ពី​រក​ឃើញ​មាន​វត្ថុ​តាង​សត្វព្រៃ​ហើយ ក៏​យក​ទាំង​រថយន្ត​មក​កាន់​ទី​ស្នាក់​ស្រុក​កៀនស្វាយ ដើម្បី​ធ្វើ​កំណត់ហេតុ​ប្រគល់​សត្វព្រៃ​ឲ្យ​អង្គការ (​វ៉ា​យ​អេ​ត​) យក​ទៅ​លែង​ចូល​សួនសត្វ ។ រីឯ​រថយន្ត​រក្សា​ទុក​នៅ​ស្នាក់​ការ​មេព្រៃ​កៀនស្វាយ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្តាល​ចាត់ការ​តាម​នីតិវិធី ។ក្នុង​ករណី​នេះ បើ​កុំ​ស្ទាក់​ចាប់​បាន ម្ល៉េះ​ត្រូវ​ដូរ​ដី​ទៅ​ដល់​ស្រុក​យួន​បាត់​ទៅ​ហើយ ៕​