ពេជ្រ សោភា លួច​សរសើរ ព្រាប សុវត្ថិ ក្រោយ​ខ្នង

ពេជ្រ សោភា បាន​និយាយ​ដោយ​ចាត់​ទុក​ថា សមត្ថភាព​និពន្ធ​របស់​នាង​ជា​ចំណែក​តូច​មួយ​ប៉ុណ្ណោះ​ក្នុង​បទ​ចម្រៀង ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​សមត្ថភាព​តារា​ចម្រៀង​ក្នុង​នោះ​ក៏​មាន​លោក ព្រាប សុវត្ថិ ផង​ដែរ។​

 

ពេជ្រ សោភា លួច​សរសើរ ព្រាប សុវត្ថិ ក្រោយ​ខ្នង

 

“ បង សុវត្ថិ គាត់​ធ្វើ​បាន​ល្អ ហើយ​គាត់​ពូកែ និយាយ​ទៅ គាត់​ខ្លាំង ហើយ​ខ្ញុំ​គ្រាន់​តែ​បន្តិចបន្តួច​ទេ​តាម​ពី​ក្រោយ”។ សោភា ថ្លែង​មក​កាន់ Sabay ។ តារា​ចម្រៀង​រូប​នេះ​បន្ត​ថា លោក ព្រាប សុវត្ថិ ជា​មនុស្ស​មាន​សមត្ថភាព និង​សំឡេង​ស្រាប់ ដែល​ធ្វើ​ឱ្យ​ចម្រៀង​ថ្មី​របស់​នាង ដែល​បាន​និពន្ធ​ចេញ​មក​នោះ​កាន់​តែ​មាន​ភាព​ទាក់ទាញ​សម្រាប់​អ្នក​ស្ដាប់​ទូទៅ​ក៏​ថា​បាន។ ជាក់​ស្ដែង​ដូច​ជា​បទ”យក្ស​រាំ​ធុង​បាស”, “សារាវ៉ាន់​វង្វេង​ទិស” និង​បទ​ចម្រៀង​ផ្សេងៗ​ទៀត​ជា​ដើម។

 

សោភា អះអាង​ថា យ៉ាង​ហោច​ណាស់ មាន​បទ​ចម្រៀង​ថ្មី​ប្រមាណ ២៥ បទ​ហើយ ដែល​នាង​បាន​សហការ​ជាមួយ​អ្នក​និពន្ធ និង​តារា​ចម្រៀង ងួន ចាន់ដេវីដ ផលិត​ឡើង​សម្រាប់​ផលិតកម្ម​ហង្ស​មាស។ បទ​ចម្រៀង​ទាំង​អស់ បាន​បែងចែក​ឱ្យ​តារា​ចម្រៀង​ល្បីៗ​ក្នុង​ផលិតកម្ម​ដ៏​ធំ​មួយ​នេះ​ដូច​ជា​លោក ព្រាប សុវត្ថិ, ឆន សុវណ្ណរាជ, រិន សាវ៉េត និង​តារា​ចម្រៀង​ចំណូល​ថ្មី​មួយ​ចំនួន​ទៀត។

 

អតីត​អ្នក​លក់​អំពៅ​សាង​ដដែល​បញ្ជាក់​ថា បទ​ចម្រៀង​នីមួយៗ គឺ​មើល​ទៅ​តាម​អត្តចរិត និង​សំឡេង​របស់​អ្នក​ច្រៀង ហើយ​មិនមែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ​សម្រាប់​រូប​នាង ព្រោះ​ត្រូវ​ប្រុង​ប្រយ័ត្ន​គ្រប់​ជ្រុងជ្រោយ​ទាំង​ចំណង​ជើង និង​ខ្លឹមសារ​បទ​នីមួយៗ ដើម្បី​ជៀសវាង​ការ​រិះគន់។ ពេជ្រ សោភា បញ្ជាក់​ថា៖ “ ពួក​ខ្ញុំ​រីករាយ​ចែក​រំលែក​នូវ​អ្វី​ដែល​មាន។ ប្រសិន​បើ​ធ្វើ​ថ្ងៃ​ហ្នឹង​មិន​ជោគជ័យ និង​ធ្វើ​បន្ត​ទៀត​រហូត​ទាល់​តែ​ជោគជ័យ ខ្ញុំ​មិន​ជឿ​ថា មិន​កែ​ប្រែ​នោះ​ទេ”៕

 

អត្ថបទ៖ សំ ជំនាញ