ជើងខ្លាំងកម្ពុជា ៣រូបប៉ះអ្នកលេងឆ្លងដែន ៣រូប សង្វៀនកំបូលនារសៀល ថ្ងៃអាទិត្យ

ភ្នំពេញ៖ ស្ថានីយទូរទស្សន៍ អប្សរា បានសហការជាមួយ សហព័ន្ធកីឡាប្រដាល់កម្ពុជា នៅលើសង្វៀនកំបូល នៅទីតាំងថ្មីរបស់ សង្វៀនអប្សរា (Apsara)  នារសៀលថ្ងៃអាទិត្យ ទី៣ ខែមេសា ឆ្នាំ២០១៦ខាងមុខនេះ អ្នកប្រដាល់កម្ពុជា៣រូប ប៉ះអ្នកប្រដាល់ឆ្លងដែនថៃ ៣រូបគ្នាធ្វើឲ្យ រញ្ជួយ សង្វៀនកំបូល។

អ្នកប្រដាល់សែន រ៉ាដេត ក្លឹបអប្សរាគុនខ្មែរប៉ះអ្នកប្រដាល់ Sea thanong ក្នុងប្រភេទទម្ងន់ ៥១ គ.ក្រ ចំពោះ អ្នកប្រដាល់ យ៉េន ឌីណា ក្លឹបក្រសួង កសិកម្មប្រកួត ជាមួយអ្នកប្រដាល់ថៃ Pheth namEk ក្នុងប្រភេទទម្ងន់៦០ គ.ក្រ និងអ្នកប្រដាល់ ម៉ឺន សុភា ក្លឹបក្រសួងការពារជាតិ ប្រកួតជាមួយអ្នក ប្រដាល់ថៃ Pheth Aronn ក្នុងប្រភេទទម្ងន់៦៩ គ.ក្រ។

អ្នកប្រដាល់ថៃម្នាក់នេះ មិនដែលមកប្រកួត នៅកម្ពុជា ម្តងណានៅឡើយទេកន្លងមក ។ រូបគេមានប្រវត្តិប្រកួត៦៧ ដង ឈ្នះ៥៧ដង ចាញ់៨ដង ស្មើ២ដងប៉ុណ្ណោះ ខណៈដែល សែន រ៉ាដេត ទើបប្រកួតបាន២៥ដង ឈ្នះ១៨ដង និង ចាញ់៧ដងនោះ ។  កីឡាករ Sen Thanong នេះនៅស្រុកថៃ គេជាជើងខ្លាំងគ្មាន អ្នកណាឈ្នះគេទេ ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។ Sen Thanong កាលដែល គេមកជួប សែន រ៉ាដេត នេះគឺដោយសារ ចង់សាកកណ្ដាប់ដៃជាមួយ រ៉ាដេត តែប៉ុណ្ណោះ។ទោះជាយ៉ាងណាអ្នក ប្រដាល់ថៃរូបនេះ មិនប្រាកដថា អាចសងសឹកឲ្យមិត្ត របស់គេបាន សម្រេចនោះទេ ព្រោះថា សែន រ៉ាដេត ដែលជា ប្អូនបង្កើតរបស់ សែន រ៉ាឌី ជើងខ្លាំងរបស់កម្ពុជានេះ មានថ្វីដៃមិនចាញ់ បងប្រុសរបស់គេ នោះឡើយ ហើយថែមទាំង ធ្លាប់បំបាក់ថៃច្រើននាក់មកហើយ។

ចំណែក យ៉េន ឌីណា នឹងត្រូវធ្វើការប្រកួត ជាមួយកីឡាករថៃ Pheth nam Ek ក្នុងទម្ងន់ ៦០ គីឡូក្រាម។ អ្នកប្រដាល់ថៃមានកម្ពស់ ១,៦៨ ម៉ែត្រម្នាក់នេះ ធ្លាប់ប្រកួតបានចំនួន ៦២ ដង ឈ្នះ ៤៨ និងចាញ់ ១២  ស្មើ២ដង គឺលើស យ៉េន ឌីណា ត្រឹម២ដងប៉ុណ្ណោះ ព្រោះយ៉េន ឌីណា ជើងខ្លាំងរបស់កម្ពុជានេះ ធ្លាប់បំបាក់ថៃ និងអឺរ៉ុបអស់ប្រមាណជិត ២០នាក់ មកហើយ ឌីណា មានកណ្ដាប់ដៃល្អ វាយចេញចូលរហ័ស ហើយស្នៀតទាត់ និងជង្គង់ កែង ក៏ល្អថែមទៀត។ ឌីណា ដែលមានកម្ពស់ ១,៧០ ម៉ែត្រ អាយុ ២០ ឆ្នាំ ធ្លាប់ប្រកួតបានចំនួន ៦០ ដង ឈ្នះ ៥៦ ចាញ់៣ ស្មើ ១ ដង និងធ្លាប់ផ្តួលគូប្រកួតឲ្យសន្លប់ចំនួន ៨ ដង។

ដោយឡែក ម៉ឺន សុភា អ្នកប្រដាល់ក្លិបក្រសួង ការពារជាតិ ប្រកួតជាមួយអ្នកប្រដាល់ថៃ Pheth Aronn ។ និយាយរួមក្នុងការ ប្រកួតជាមួយ អ្នកប្រដាល់បរទេស ចម្រុះជាតិសាសន៍ ចំនួន១៧នាក់ ដែលមានថៃ បារាំង អង់គ្លេស ប្រេស៊ីល និងអ៊ីរ៉ង់នោះ សុភា វាយចាញ់ពិន្ទុប្រេស៊ីលម្នាក់ និងបារាំងម្នាក់ប៉ុណ្ណោះ ក្រៅពីហ្នឹងគេវាយឈ្នះទាំងអស់។ ចំពោះអ្នកប្រដាល់ថៃ រូបនេះមានស្នៀតប្រដាល់ល្អ និងខ្លាំងគួរសមដែរ តែគេមិនដឹង ពីកំណត់ត្រាប្រកួត របស់គេមានចំនួន ប៉ុន្មានដងនោះឡើយ។ ម៉ឺន សុភា មានប្រវត្តិប្រកួតត្រឹមតែ៤១ដង ក្នុងនោះឈ្នះ៣៥ដង ចាញ់៥ដង និងស្មើម្តង ហើយ សុភាធ្លាប់ផ្តួលគូប្រកួត ឲ្យសន្លប់បានចំនួន៩ដង៕

ជើងខ្លាំងកម្ពុជា ៣រូបប៉ះអ្នកលេងឆ្លងដែន ៣រូប សង្វៀនកំបូលនារសៀល ថ្ងៃអាទិត្យ