ទីតាំង​ស្តុក​ដំឡូង​មី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ស្រុក​ភ្នំព្រឹក ត្រូវ​សមត្ថកិច្ច​បង្ក្រាប​

​ទីតាំង​ប្រមូល​ទិញ​ដំឡូង​មី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​អូរ​ចំ​ណិ​ប ឃុំ​តា​ស្ដា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ចុះបង្ក្រាប​កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៦​។ ការបង្ក្រាប​ទីតាំង​ស្តុក​ដំឡូង​មី​ស្ងួត​មួយ​នេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​សាទរ​យ៉ាងខ្លាំង​ព្រោះ​កន្លងមក​ម្ចាស់​ទីតាំង​បាន​យក​ដីខ្សាច់​លាយ​ជាមួយ​ចំណិត​ដំឡូង​មី​ស្ងួត​ធ្វើ​ឲ្យ​ហុយ​ទៅលើ​លំនៅដ្ឋាន​របស់​ពួកគាត់ ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់​យ៉ាង​ពេញបន្ទុក​។ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​តាមច្បាប់​ទៅលើ​ម្ចាស់​ទីតាំង​នេះ ដើម្បី​ជាការ​ព្រមាន​ផងដែរ​។

​ប្រភពពី​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ដែល​ចូលរួម​ក្នុងការ​បង្ក្រាប​នោះបាន​ឲ្យ​ដឹងថា ទីលាន​ហាល​ដំឡូង​មី​លាយ​ខ្សាច់​មាន​ទីតាំង​ក្នុងភូមិ​អូរ​ចំ​ណិ​ប ឃុំ​តា​ស្ដា ស្រុក​សំពៅ​លូន មាន​ម្ចាស់​ឈ្មោះ ហុង ហាន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ​។ ប៉ុន្តែ​ពេល​សមត្ថកិច្ច​បង្ក្រាប​នោះ​ឈ្មោះ ហុង ហាន បាន​ឆ្លើយ​ដោះសា​ថា​ទីតាំង​ហាល​ដំឡូង​នេះ​គាត់​ជួល​ទៅ​ឲ្យ​បុរស​ជនជាតិ​សៀម​ម្នាក់ អាយុប្រមាណ​៤១​ឆ្នាំ​។ តាម​ចម្លើយ​របស់លោក ហុង ហាន បាន​ឲ្យ​ដឹង​ទៀតថា ជនជាតិ​សៀម​ម្នាក់​នោះ គឺជា​អ្នកបញ្ជា​ឲ្យ​កម្មករ​របស់គេ​យក​ដីខ្សាច់​មក​លាយ​ក្នុង​ដំឡូង​មី​ដែល​ចិត​រួច​ក្នុង​១​តោន​ប្រមាណ​៤០​ភាគរយ​។ ក្រោយ​ការបង្ក្រាប​គឺ​វត្ថុតាង​ដំឡូង​មី​លាយ​ដីខ្សាច់​ប្រហែល​១០០​តោន​ត្រូវបាន​ដុត​កម្ទេចចោល​នៅ​កន្លែង​នោះ​តែម្តង​។

អ្នកភូមិ​ដែល​រស់នៅ​ក្បែរ​ទីតាំង​ប្រមូល​ទិញ​ដំឡូង​មីនោះ បាន​អំពាវនាវ​យ៉ាងទទូច​ឲ្យ​សមត្ថកិច្ច​និង​តុលាការ​ចាត់វិធានការ​តាមច្បាប់​ទៅលើ​ម្ចាស់​ទីតាំង​ស្តុក​ដំឡូង​មី ទាំង​ជនជាតិខ្មែរ និង​ជនជាតិ​សៀម ព្រោះ​ពួកគេ​រកស៊ី​តាមរបៀប​ទុច្ចរិត​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ពាណិជ្ជកម្ម​នៅ​ស្រុក​ខ្មែរ​។ អ្នក​ជាប់​ពាក់ព័ន្ធ​ចំនួន​៣​នាក់​ត្រូវ​សមត្ថកិច្ច​នាំខ្លួន​ទៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​តាមច្បាប់​តទៅទៀត​។ ប្រជាពលរដ្ឋ​ដែល​ធ្លាប់​រង​ផលប៉ះពាល់​ដោយសារ​ធូលី​ខ្សាច់​ហុយ​លើផ្ទះ​សម្បែង​នាពេល​កន្លងមក​បានលើកឡើង​ថា វិធានការ​ផ្លូវច្បាប់​ទៅលើ​ឈ្មួញ​ខិលខូច​ដែល​រកស៊ី​បំផ្លាញ​សេដ្ឋកិច្ច​ស្រុក​ខ្មែរ គឺជា​បញ្ហាសំខាន់​បំផុត​កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​៕

354 long-dom-5-500x375 e545
​    ​