លោក សម រង្ស៊ី បញ្ជាក់ថា​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ធ្វើការ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្មីៗ​នេះ​បាន​បញ្ជាក់ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ មិន​ស្គា​ល់ពី​តួនាទី​របស់ខ្លួន ហើយ​ធ្វើការ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។ លោក សម រង្ស៊ី បាន​ថ្លែងថា​លោក​មិន​ចាប់អារម្មណ៍​នឹង​ការព្រមាន​បញ្ចេញ​ព័ត៌មាន​ពុករលួយ​របស់លោក ពី​សំណាក់​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះទេ​។​

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ពន្យល់​ដល់​អ្នកសារព័ត៌មាន​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រោម​ការដឹកនាំ​របស់​លោក ឱម យ៉ិនទៀង មិន​ស្គាល់​តួនាទី​របស់ខ្លួន​ព្រោះ​រឿង​អំពើពុករលួយ​ពិតប្រាកដ​មិន​អើពើ តែ​បែរជា​ទៅតាម​ដាន​រឿង​អត់​ប្រយោជន៍ រឿង​ផ្ទាល់ខ្លួន ដែល​គ្មាន​ប៉ះពាល់​ទៅនឹង​ផលប្រយោជន៍​សាធារណៈ​។ លោក សម រង្ស៊ី បាន​បញ្ជាក់ថា ការកេងប្រវ័ញ្ច​ទ្រព្យសម្បត្តិ​ជាតិ ទ្រព្យសម្បត្តិ​រាស្ត្រ កេងប្រវ័ញ្ច​ថវិកា​រាស្ត្រ បាន​គេ​ហៅថា​អំពើពុករលួយ​ពិតប្រាកដ ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរ​ណាស់​តាមដាន​។ ប៉ុន្តែ​រឿង​បុគ្គល​ខ្លះ​ជា​រឿង​ផ្ទាល់ខ្លួន វា​គ្មាន​បះ​ពាល់​ទ្រព្យសម្បត្តិ​សាធារណៈ​សោះ និង​ប្រជាពលរដ្ឋ​សោះ​។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា​ការយក​រឿង​ផ្ទាល់ខ្លួន យក​សំឡេង​ពីនេះ​ពី​នោះ ប៉ុន្តែ​វា​មិន​ប៉ះពាល់​ដល់​អាយុជីវិត​នរណា​សោះ មិន​ប៉ះពាល់​ដល់​ជាតិ​សោះ មិនគួរ​យកចិត្តទុកដាក់​សោះ គួរ​យកចិត្តទុកដាក់​ពេលណា​មាន​សម្លាប់​មនុស្ស ដូច រឿង​សម្លាប់ ពិសិដ្ឋ ពី​លិ​កា រឿង​ទូច ស៊ុន​និ​ច រឿង​ជះ​ទឹក​អាស៊ីត ជាដើម បាន​យើង​ត្រូវ​យកចិត្តទុកដាក់​។ ដូច្នេះ​ធ្វើ​អ្វី​ធ្វើ​ឲ្យ​មាន​តម្លាភាព តាមច្បាប់ ពេលនោះ​បានដឹង ស ខ្មៅ មិន​ខាន​។​

គួរ​បញ្ជាក់ថា លោក សម រង្ស៊ី កន្លងមក​បាន​បន្ត​ពន្យល់ថា រឿង​ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ត្រូវ​រវីរវល់ មាន​ច្រើនណាស់ ដូចជា ៖ ទី​១- ការ​ប្លន់​ដី​ប្រជារាស្ត្រ យកទៅ​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ឯកជន ដែល​ផ្តល់​សំណូក​សូកប៉ាន់ ទី​២- ការកាប់បំផ្លាញ​ព្រៃឈើ ដើម្បី​នាំ​ឈើ​ទៅ​លក់​ក្រៅប្រទេស ដោយ​លួចលាក់ ទី​៣- ការធ្វើ​អាជីវកម្ម បំផ្លាញ​បរិស្ថាន ដូច​ជាការ​វាយកម្ទេច​ភ្នំ និង​ការ​បូម​ខ្សាច់ ទី​៤- ការយក​ទ្រព្យសម្បត្តិ​រដ្ឋ ដូចជា​អគារ​សាធារណៈ ទៅ​លក់ ដើម្បី​ប្រមូល​លុយ​ដាក់ចូល​ហោប៉ៅ​បុគ្គល​ឬ​បក្ខពួក ទី​៥- ការ​កិបកេង​ថវិការដ្ឋ យកទៅ​ចាយវាយ ដើម្បី​គ្រាន់តែ​បម្រើ​ផលប្រយោជន៍​បុគ្គល​ឬ​បក្ខពួក ទី​៦- ការផ្តល់​កិច្ចសន្យា​ជាមួយ​រដ្ឋ ឲ្យ​ទៅ​តែ​បក្ខពួក​របស់ខ្លួន ដែល​ជាការ​បំប៉ោង​ចំណាយ​របស់​រដ្ឋ ទី​៧- ការរត់ពន្ធ តាម​ផែស្ងួត និង​ផែ​ឯកជន របស់​អ្នកមានអំណាច ដែល​ធ្វើ​ឲ្យ​រដ្ឋ​បាត់ប្រាក់​ចំណូល​ជាច្រើន ទី​៨- ការស៊ីសំណូក​សូកប៉ាន់​ពី​ថៅកែ​រោងចក្រ ដើម្បី​ឲ្យ​ថៅកែ​គាបសង្កត់​កម្មករ និង​ទី​៩ – បែងចែក​ឡូត៍​នេសាទ តាមតែ​សំណូក​សូកប៉ាន់​៕

sam-rainsy omyintieng610