អភិបាលខេត្ត​បាត់ដំបង មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​បំផ្លាញ​ព្រៃ​លិច​ទឹក​នៅ​ស្រុក​សង្កែ​

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​កាច់​រទេះ ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ក្នុង​មូលដ្ឋាន​ពួកគាត់​មាន​បទល្មើស​អ្នកមាន​លុយ អ្នកមានអំណាច កាប់​ទន្ទ្រានព្រៃ​លិច​ទឹក​ឬ​ហៅថា​ព្រៃរនាម​រំលោភ​យក​ដី​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​អនាធិបតេយ្យ​។ ក៏ប៉ុន្តែ​អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឡើយ ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​រាលដាល​កាន់តែខ្លាំង​ថែមទៀត​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​កាច់​រទេះ អំពាវនាវ​ឲ្យ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃរនាម​ប្រកបដោយ​ប្រសិទ្ធភាព​។​

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ចុះ​ទៅដល់​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ព្រៃ​លិច​ទឹក​រាប់រយ​ហិកតា​ត្រូវគេ​កាប់​ទន្ទ្រាន​រំលោភ​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​មន្ត្រីរដ្ឋបាល​ជល​ផល មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​អាជ្ញាធរ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ តំណាង​ប្រជាពលរដ្ឋ​ក្នុងភូមិ​កាច់​រទេះ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៦​ថា អាជ្ញាធរ​មូលដ្ឋាន​ឃុបឃិត​គ្នា​ជួល​ឲ្យ​ពលរដ្ឋ​ទៅ​កាប់​ព្រៃ​លិច​ទឹក​នៅ​តំបន់​២ ឃុំ​កំពង់​ព្រៀង ដើម្បី​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។ រហូតមកដល់​ពេលនេះ​ព្រៃរនាម​មាត់បឹង​ទន្លេសាប​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ត្រូវ​ហិនហោច​អស់​ជាង​១០០​ហិកតា​ហើយ មិនទាន់​ឃើញ​មាន​មន្ទីរ​ពាក់ព័ន្ធ​និង​មន្ត្រី​អាជ្ញាធរខេត្ត​បាត់ដំបង ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នៅឡើយ​ទេ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ការទន្ទ្រាន​កាន់កាប់​ព្រៃ​លិច​ទឹក​នៅ​ស្រុក​សង្កែ ខេត្តបាត់ដំបង ធ្វើឡើង​ដោយ​អ្នកមាន​លុយ អ្នកមានអំណាច ចំណែក​ប្រជាពលរដ្ឋ​តូចតាច​ក្នុងភូមិ​មិន​ហ៊ាន​ប្រព្រឹត្ត​បទល្មើស​នោះទេ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​បញ្ជាក់ថា ការអះអាង​របស់​ប្រជាពលរដ្ឋ​រឿង​កាប់​ទន្ទ្រានព្រៃ​លិច​ទឹក​រំលោភ​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ពី​សំណាក់​អ្នកមាន​លុយ អ្នកមានអំណាច គឺជា​ការពិត ចំណែក​លោក សំ ណេ​ត មេឃុំ​កំពង់​ព្រៀង បែរជា​ព្យាយាម​បិទបាំង​ការពិត​យ៉ាង​គឃ្លើន​ទៅវិញ​។ អ្នកភូមិ​កាច់​រទេះ ក៏ដូចជា​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​បញ្ជាក់ថា មួយ​រយៈពេល​កន្លងទៅ​នេះ​ដីព្រៃ​លិច​ទឹក​នៅ​តំបន់​២ ស្រុក​សង្កែ ដែលមាន​ទំហំ​ជាង​២៥០០​ហិកតា​នោះ ត្រូវបាន​ក្រុម​ជនល្មើស​ទន្ទ្រាន​កាន់កាប់​ជាង​១៥០​ហិកតា​ហើយ​។ ដូច្នេះ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ កុំ​ឲ្យ​បទល្មើស​រាលដាល​យ៉ាង​ពេញបន្ទុក​តទៅទៀត​៕

chansophal2លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង