ករណី​លោក ហែម យៀប មេឃុំ​ត្រពាំង​ផ្លុ​ង ស្តុក​ឈើ​គ្រញូង​១៧​តោន​កំពុង​ស្ថិតក្រោម​ការតាមដាន​

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់​ចំពោះ​ចំណាត់ការ​របស់​មន្ត្រី​ជំនាញ និង​តុលាការ​ទៅលើ​លោក ហែម យៀប មេឃុំ​ត្រពាំង​ផ្លុ​ង ដែល​រក្សាទុក​ឈើ​ប្រណីត​ប្រភេទ​គ្រញូង​១៧​តោន​។ ការតាមដាន​នេះ​បាន​កើតឡើង​ក្រោយ​ពេលដែល​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​មួយរូប​បាន​បញ្ជាក់ថា សំណុំរឿង​លាក់ទុក​ឈើ​គ្រញូង​១៧​តោន​ដែល​សង្ស័យថា​ជា​របស់​មេឃុំ​ត្រពាំង​ផ្លុ​ង​នោះ ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​រួចហើយ​។ ទោះជា​យ៉ាងណា​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល គ្មាន​ជំនឿ​ទៅលើ​វិធានការ​របស់​សមត្ថកិច្ច​និង​តុលាការ​នោះទេ​។

ជុំវិញ​បញ្ហា​ខាងលើនេះ​មជ្ឈដ្ឋាន​នានា​បាន​លើកឡើងថា លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោក ងី វីរៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ ក៏មាន​ចំណែក​ទទួលខុសត្រូវ​ផងដែរ​ដោយសារតែ​មិន​យកចិត្តទុកដាក់​អនុវត្តន៍​តាម​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន​។ អ្វីដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រពាំង​ផ្លុ​ង រិះគន់​ចំៗ​នោះ​គឺ​រហូតមក​ដល់ពេលនេះ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ មិនទាន់​បញ្ជាក់​ឲ្យ​ច្បាស់លាស់​អំពី​អត្តសញ្ញាណ​ម្ចាស់​ឈើ​គ្រញូង​ទាំង​១៧​តោន​នៅឡើយ​ទេ​។ បើទោះបី​ឈើ​គ្រញូង​ទាំង​១៧​តោន​នោះ​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ដី​កូនស្រី​លោក ហែម យៀប មេឃុំ​ត្រពាំង​ផ្លុ​ង យ៉ាងណាក៏ដោយ​ក៏​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ ហាក់ដូចជា​ចង់​លាក់លៀម​បញ្ហា​នេះ​យ៉ាង​គឃ្លើន​។

មជ្ឈដ្ឋាន​នានា​រង់​ចាំមើល​ចំណាត់ការ​របស់​តុលាការ​ទៅលើ​លោក ហែម យៀប មេឃុំ​ត្រពាំង​ផ្លុ​ង ដែល​ជាប់​ពាក់ព័ន្ធ​រឿង​រក្សាទុក​ឈើ​គ្រញូង​១៧​តោន​តាមផ្លូវ​ច្បាប់ បើទោះបី​មេឃុំ​ត្រពាំង​ផ្លុ​ង​រូបនេះ អះអាងថា​ជា​ឈើ​មិត្តភក្ដិ​កូនស្រី​ខ្លួន​យ៉ាងណាក៏ដោយ​។ ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ត្រពាំង​ផ្លុ​ង បាន​ឲ្យ​ដឹងថា លោក ហែម យៀប ជា​ឈ្មួញ​រកស៊ី​ជួញដូរ​ឈើ​ជា​យូរ​មកហើយ​ដោយ​មានកា​រ​ឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​លោក ងី វីរៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ​តែម្តង​។ ចំណែក​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ក៏​គួរ​ចាត់វិធានការ​ទៅលើ​សំណុំរឿង​មេឃុំ​ត្រពាំង​ផ្លុ​ង លាក់ទុក​ឈើ​គ្រញូង​១៧​តោន​ផងដែរ​៕

IMG_2736 IMG_2737