រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រឈម​នឹង​ការរិះគន់​ជា​បន្តបន្ទាប់​

ថ្មីៗ​នេះ​ទីប្រឹក្សា​គណៈកម្មាធិការ​ដើ​ម្បី​ការបោះឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា​ខុមហ្វ្រែល​(COMFREL) លោក ម៉ៃ​ឃើ​ល ស៊ូ​ល​លី​វ៉ាន់​(MICHAEL Sulivan) បាន​វាយតម្លៃ​អំពី​ស្ថានការណ៍​នៅ​កម្ពុជា​តាមរយៈ​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៦​។ លោក ម៉ៃ​ឃើ​ល ស៊ូ​ល​លី​វ៉ាន់ បាន​រំ​ឡឹ​កថា​នៅ​ឆ្នាំ​២០១៥ មានការ​បង្ក្រាប​ដោយ​អាជ្ញាធរ​រដ្ឋាភិបាល អំពើហិង្សា​បំពាន​លើ​រា​ង្គ​កាយ​និង​ការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ ជាងនេះទៅទៀត​លោក ម៉ៃ​ឃើ​ល ស៊ូ​ល​លី​វ៉ាន់ បាន​ហៅ​ប្រទេស​កម្ពុជា​ថា ជា​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​បែប​ផ្ដាច់ការនិយម​។

​លោក ម៉ៃ​ឃើ​ល ស៊ូ​ល​លី​វ៉ាន់ បាន​លើកឡើងថា គណបក្សប្រឆាំង​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត ប៉ុន្តែ​មិនអាច​តទល់​ប្រឆាំងនឹង​ប្រព័ន្ធ​នៃ​ការរៀបចំ​បោះឆ្នោត​ដែលមាន​ស្រាប់​បានឡើយ ហើយ​មានការ​បង្ក្រាប​ទៅលើ​គណបក្សប្រឆាំង​តាំងពី​មុន​ការបោះឆ្នោត ស្រប​ពេលដែល​គណបក្ស​កាន់អំណាច​គឺ​រដ្ឋាភិបាល​សន្យា​កែទម្រង់​និង​ខិតខំ​ធ្វើ​អ្វី​ផ្សេងៗ​នោះ​។ ទីប្រឹក្សា​អង្គការ​ខុមហ្វ្រែល​រូបនេះ បាន​ថ្លែងថា​«​របប​ផ្ដាច់ការនិយម​តាមបែប​ការបោះឆ្នោត​វា​តែងតែ​ធ្វើ​ឲ្យ​មានដំណើរ​ការបោះឆ្នោត​ជាធម្មតា ហើយ​ដំណើរការ​បោះឆ្នោត​នេះ​ជា​ចំណុច​សំខាន់​ដែល​ធ្វើ​ឲ្យ​គណបក្សកាន់អំណាច​មាន​លទ្ធភាព​ប្រើប្រាស់​ដំណើរការ​បោះឆ្នោត​ជា​មធ្យោបាយ ដើម្បី​គ្រប់គ្រង​និង​អនុវត្តន៍​ដំណើរការ​ផ្ដាច់ការ​រប​ស់​ខ្លួន​តាមរយៈ​ការបោះឆ្នោត ពោលគឺ​ការប្រើប្រាស់​ការបោះឆ្នោត​គ្រាន់តែ​ជា​ឧបករណ៍​ដើម្បី​បាន​អំណាច​»​។​

សូមបញ្ជាក់ថា​លោក ម៉ៃ​ឃើ​ល ស៊ូ​ល​លី​វ៉ាន់ វាយតម្លៃ​ដូចខាងលើ​នេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​«​របាយការណ៍​ប្រជាធិបតេយ្យ ការបោះឆ្នោត និង​កំណែទម្រង់​ប្រចាំឆ្នាំ​២០១៥» នៅ​ការិយាល័យ​ខុមហ្វ្រែល​។ លោក ម៉ៃ​ឃើ​ល ស៊ូ​ល​លី​វ៉ាន់ បាន​បញ្ជាក់ថា​មានការ​បង្ក្រាប​ទៅលើ​សេរីភាព​បញ្ចេញមតិ មាន​ការប្រើ​អំពើហិង្សា​វាយប្រហារ​លើ​អ្នក​តវ៉ា ការចាប់ខ្លួន​អ្នកតំណាងរាស្ត្រ និង​សកម្មជន​គណបក្សប្រឆាំង​នៅក្នុង​អំឡុង​ពេលមុន​ការប្រកួតប្រជែង​បោះឆ្នោត​មកដល់​។ របាយការណ៍​បាន​វាយតម្លៃថា​នៅ​ឆ្នាំ​២០១៥ មានការ​បង្ក្រាប​ដោយ​អាជ្ញាធរ​រដ្ឋាភិបាល មាន​អំពើហិង្សា​បំពាន​ទៅលើ​រា​ង្គ​កាយ និង​ការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

ក្រុម​សង្គម​ស៊ីវិល​នៅ​កម្ពុជា​មួយចំនួន​បាន​គាំទ្រ​ទៅលើ​របាយការណ៍​នោះ​ដោយហេតុថា មានការ​កើនឡើង​នូវ​អំពើហិង្សា​បំពាន​លើ​រូ​បរាង្គ​កាយ​និង​ការ​ធ្វើទុក្ខបុកម្នេញ​ផ្សេងៗ ក្នុងនោះ​រួមមាន​ការចេញ​ដីកាចាប់ខ្លួន​លោក សម រង្ស៊ី និង​តំណាងរាស្ត្រ​មាន​អភ័យឯកសិទ្ធិសភា​ដោយ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ជាងនេះទៅទៀត​មានការ​បោះឆ្នោត​ទម្លាក់​លោក កឹម សុខា ចេញពី​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា ការចោទប្រកាន់​និង​ការចាប់ខ្លួន​តំណាងរាស្ត្រ សកម្មជន​គណបក្សជំទាស់​ដាក់ពន្ធនាគារ ព្រមទាំង​ចាប់ខ្លួន​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី ផងដែរ​។ អង្គការ​ខុមហ្វ្រែល បានស្នើ​ឲ្យ​ម្ចាស់ជំនួយ​និង​សហគមន៍​អឺរ៉ុប​យល់​ឲ្យ​បាន​ច្បាស់ កុំ​គ្រាន់តែ​គាំទ្រ​ដើម្បី​ស្ថិរភាព​ដែល​អាច​យល់ច្រឡំ​ថា ការគាំទ្រ​នោះបាន​តែ​បង្កើត​នូវ​របប​ផ្ដាច់ការនិយម​បែប​បោះឆ្នោត​។ ប៉ុន្តែ​គួរ​គាំទ្រ​ឲ្យ​មានដំណើរ​ការបោះឆ្នោត​និង​ប្រជាធិបតេយ្យ​មានការ​រីកចម្រើន​ពិតប្រាកដ​នៅ​ប្រទេស​កម្ពុជា​៕

image លោក ម៉ៃ​ឃើ​ល ស៊ូ​ល​លី​វ៉ាន់​(MICHAEL Sulivan) 1f98b0a7-5d96-4b9d-95bf-682d9dbf1134លោក ហុង សុខហួរ សមាជិកគណបក្សសមរង្ស៊ី