អធិការ​ស្រុក​ក្រូចឆ្មារ ​បង្ក្រាប​ឈើ​ ខុស​នីតិ​វិធី​

អធិការ​ស្រុក​ក្រូចឆ្មារ ​បង្ក្រាប​ឈើ​ ខុស​នីតិ​វិធី​



ត្បូងឃ្មុំ​ ៖ នៅ​ម៉ោង​២៣​យប់​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០១៦ កម្លាំង​អធិការ​ស្រុក​ក្រូចឆ្មារ បាន​ឃាត់​ទូក​ប្រហុក​១​គ្រឿង ដែល​មាន​ដឹកឈើ​ជំនា​សុក្រំ​២៥០​ដុំ ចំណុច​ទន្លេ​មុខ​ភូមិ​ទី​៤ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ។ ហើយ​កម្លាំង​ បាន​ឃាត់ខ្លួន​ម្ចាស់​ទូក ចំនួន​២​នាក់ រួច​ជំរិត​ទារ​ប្រាក់​ពី​ម្ចាស់​ទូក​នោះ។

ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​នោះ​មាន ទី​១-​ឈ្មោះ គីម ហ៊ី ភេទ​ស្រី អាយុ​៥៥​ឆ្នាំ និង​ម្នាក់​ទៀត​ ឈ្មោះ គីម គា ភេទ​ស្រី អាយុ​៤៥​ឆ្នាំ អ្នក​ទាំងពីរ រស់នៅ​ភូមិ​កំពង់​ស្តី ឃុំ​កំពង់​រាប ស្រុក​កោះ​សូទិន ខេត្តកំពង់ចាម ហើយ​សមត្ថកិច្ច​បាន​ជំរិត​ទារប្រាក់​ចំនួន​៥០០​ដុល្លារ ​ម្ចាស់​ទូក​គ្មាន​លុយ​ឲ្យ កម្លាំង​បាន​ឃុំខ្លួន​អ្នក​ទាំងពីរ​នាក់​រួច ​ទើប​លោក​អធិការ​សុំ​គោលការណ៍​ទៅ​លោក​ស្នងការ​ខេត្ត និង​លោក​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​នៅ​ម៉ោង​២៣​យប់​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៦ យ៉ាង​ឡូយ​ទៅវិញ។​ ​
​ ​
ម្ចាស់​ទូក​ទាំងពីរ​នាក់​ខាងលើ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ឈើ​ជំនា​សុ​ក្រំ​ទាំងនេះ​គាត់​ដឹក​យក​ទៅ​ភូមិ​កំពង់​ស្តី ដើម្បី​ដោះដូរ​កែច្នៃ​ធ្វើ​ទ្វារ បង្អួច គ្រែ ឈើ​ទាំងនេះ​ពួក​គាត់​បាន​លក់ ដូរ​ប្រហុក​ពី​ខេត្ត​ខាងលើ ពេ​ល​មកដល់​ទឹកដី​ស្រុក​ក្រូចឆ្មារ ក៏​ត្រូវ​ប៉ូលិស​មួយ​ក្រុម​ឃាត់ ហើយ​ប៉ូលិស​ម្នាក់ ​ឈ្មោះ ​វ៉េ បាន​ជំរិត​ទា​រ​លុយ​ចំនួន​៥០០​ដុល្លារ ដើម្បី​យក​ទៅ​ឲ្យ​លោក​អធិការ ហើយ​គាត់​ទាំងពីរ​នាក់​បាន​អង្វរ​ប៉ូលិស​មួយ​យប់ តែ​គេ​មិន​ព្រម ហើយ​គេ​បាន​បញ្ជា​ឲ្យ​ទូក​គាត់​ឡើង​ទៅ​ក្រូចឆ្មារ​វិញ។​
​ ​
លោក​វរសេនីយ៍ទោ សាំ ហេង អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ​បាន​អះអាង​ថា ហៅ​វា​មក​សួរ​ខ្លួនឯង​ទៅ គាត់​មិនបាន​ជួប​មុខ​អ្នក​ទាំង​នោះ​ទេ។ ធម្មតា​ទេ អ្នក​ដែល​រកស៊ី​បទល្មើស​ពេល​ដែល​ប៉ូលិស​ចាប់​វា​ខឹង វា​ចេះតែ​និយាយ​ថា អីចេះ ថា​អីចុះ វា​មាន​ភស្តុតាង​អី ថា​គេ​នឹង ម្ចាស់​ឈើ​វា​ស​ត្រូវ​នឹង​អ្នក​ចាប់​អីចឹង​ហើយ យើង​អត់​មាន​និយាយ​រឿង​លុយ​នោះ​ទេ ហើយ​ពេល​ចាប់​ភ្លាម​យើង​បាន​រាយការណ៍​ទៅ​លោក ស្នងការ និង​លោក​ព្រះរាជអាជ្ញា​តែម្តង។​

​ប្រភព​ពី​សាលាដំបូង​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃទី​២៩ ខែ​មីនា ​ឆ្នាំ​២០១៦​នេះ សាលាដំបូង​បាន​ដោះលែង​ឲ្យ​ម្ចាស់​ទូក​ទាំងពីរ​នាក់​មាន​សេរីភាព​វិញ​ហើយ៕