លោកស្រី ស៊ូ​ជី ក្លាយជា​រដ្ឋមន្ត្រីការបរទេស​ថ្មី និង​ត្រូវ​ដឹកនាំ​ក្រសួង​បី​ផ្សេងទៀត​ជា​ផ្លូវការ​

ដូច​ការរំពឹងទុក ប្រមុខ​បក្ស​ឈ្នះឆ្នោត​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​លោកស្រី អ៊ុង​សាន ស៊ូ​ជី (Aung Sann Suu Kyi) បាន​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រីការបរទេស​ថ្មី​មី​យ៉ាន់​ម៉ា​។ ជាមួយគ្នានេះ លោកស្រី ក៏​នឹងត្រូវ​ដឹកនាំ​ក្រសួង​បី​ផ្សេងទៀត​ផងដែរ​។

​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៣០ ខែមីនា​នេះ ប្រធានសភា​សហភាព​មី​យ៉ាន់​ម៉ា លោក Mann Win Khaing Than បានអនុម័ត និង​ប្រកាស​ជា​ផ្លូវការ​នូវ​តំណែង​របស់​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ដែល​លោកស្រី ត្រូវ​ក្លាយ រដ្ឋមន្ត្រីការបរទេស​ថ្មី និង​ដឹកនាំ​ក្រសួង​បី​បន្ថែមទៀត​រួមមាន​ក្រសួង​នៃ​ការិយាល័យ​ប្រ​ធានា​ធីប​តី ក្រសួង​អប់រំ និង​ក្រសួង​អគ្គិសនី និង​ថាមពល​ផងដែរ​។​

​ការប្រកាស​នេះ ធ្វើឡើង​ក្នុងឱកាស​នៃ​ពិធី​ស្បថ​ចួ​ល​តំណែង​គណៈរដ្ឋមន្ត្រី ដែល​រាប់បញ្ចូល​ទាំង​ប្រធានាធិបតី និង​អនុ​ប្រធានាធិបតី​ទាំងពីរ​រូប​ផងដែរ​។ បើតាម​ការប្រកាស​រប​ស់​សភា​សហភាព​មី​យ៉ាន់​ម៉ា កន្លងទៅ រដ្ឋាភិបាល​ថ្មី នឹងត្រូវ​ចូល​បម្រើការ​ផ្លូវការ​នៅ​ថ្ងៃទី​០១ ខែមេសា ដែល​ថ្ងៃនោះ ក៏មាន​ន័យ​ដែរ ថា​វា ក៏​ជា​ថ្ងៃ​កំណត់​ចុងក្រោយ​នៃ​អាណត្តិ​ប្រធានាធិបតី​លោក ថេ​ន សេន​ផងដែរ​។

​ជុំវិញ​ការឡើង​កាន់តំណែង​រប​ស់លោក​ស្រី ស៊ូ​ជី ជា​រដ្ឋមន្ត្រី​ថ្មី​នេះ លោកស្រី ក៏បាន​លាឈប់​ពី​តំណែង​តំណាងរាស្ត្រ និង​ត្រូវ​បញ្ឈប់​សកម្មភាព​នយោបាយ​ផងដែរ​។ នោះ​ក៏​ព្រោះតែ យោងតាម​មាត្រា​២៣២ នៃ​រដ្ឋមន្ត្រី​ធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​ឆ្នាំ​២០០៨ ជា​រដ្ឋមន្ត្រី មិន​អាចមាន​តំណែង​នៅក្នុង​សភា និង​ធ្វើ​សកម្មភាព​នយោបាយ​នោះទេ​។​

​សូមបញ្ជាក់​ផងដែរ​ថា គណៈរដ្ឋមន្ត្រី​ថ្មី​ដែល​នឹងត្រូវ​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី​ថ្មី​មី​យ៉ាន់​ម៉ា ធិ​ន ច (Htin Kyaw) ដែលជា​មន្ត្រី​ជំនិត​របស់លោក​ស្រី​អ៊ុង​សាន ស៊ូ​ជី មាន​ក្រសួង​សរុប​តែត្រឹម ១៨ និង​រដ្ឋមន្ត្រី​១៨​រូប​តែប៉ុណ្ណោះ​។ ចំនួន​នេះ ត្រូវបាន​កាត់បន្ថយ​ពី​អាណត្តិ​របស់លោក​ប្រធានាធិបតី​ជិត​ផុត អាណត្តិ​ថេ​ន សេន ដែលមាន​ក្រសួង​សរុប​រហូតដល់​៣៦​នោះ​។​

​ជុំវិញ​ក្បាលម៉ាស៊ីន​ថ្មី​នេះដែរ លោក ធិ​ន ច បានបញ្ជាក់​ហើយ​ថា «​គណៈរដ្ឋមន្ត្រី​របស់លោក​មានបំណង​ផ្តល់​អាទិភាព​លើ​គុណភាព​ជាជាង​បរិមាណ​, ធានា​ឲ្យ​បាន​នូវ​ការមិន​មាន​អំពើពុករលួយ​នៅក្នុង​ស្ថាប័ន​សាធារណៈ​, ផ្តោត​សំខាន់​លើ​ផល ប្រយោជន៍​ជាតិ​, សន្សំ​ថវិកា​សាធារណៈ និង​បង្កើត​រដ្ឋាភិបាល​ដ៏​ខ្លាំង និង​មាន​ប្រសិទ្ធភាព​»​។ លោក បន្ថែមថា ការកាត់បន្ថយ​ក្រសួង​មួយចំនួន គឺ​ដើម្បី​សន្សំ​កញ្ចប់​ថវិការដ្ឋ​ប្រមាណ​៥​លាន​ដុល្លារ​ដោយ​យកទៅ​ប្រើប្រាស់​សម្រាប់​វិស័យ​អប់រំ សុខភាព និង​ការអភិវឌ្ឍ​ជនបទ​វិញ​។​