តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ ដើម្បី​ទាញ​ចិត្ត​ Crush របស់​​យើង​​បាន?​

មិន​មែន​មធ្យោបាយ​ទាំង​អស់​សុទ្ធតែ​ទទួល​បាន​ជោគជ័យ​នោះ​ទេ ប៉ុន្តែ ថ្ងៃ​នេះ យុវជន បី​រូប បាន​បង្ហាញ​បទ​ពិសោធន៍​ តាមរយៈ Sabay ដោយ​ប្រាប់​ពី​វិធីសាស្ត្រ​ជោគជ័យ ​ដើម្បី​ទាក់ទាញ​ចិត្ត​មនុស្ស​ ដែល​យើង​លួច​ស្រឡាញ់ ឲ្យ​មក​ចូលចិត្ត​យើង​បាន។ តើ​ត្រូវ​ធ្វើ​ដូចម្ដេច ​ដើម្បី​ទាញ​ចិត្ត Crush របស់​យើង​បាន?

 

សូមចុចអាន៖ វិធី​សាស្ត្រ​​៩​យ៉ាង ដើម្បី​យក​ឈ្នះ​បេះដូង​ Crush របស់​អ្នក

 
តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ ដើម្បី​ទាញ​ចិត្ត​ Crush របស់​​យើង​​បាន?​

 

ស្វែង​យល់​ពី​ចំណង់​ចំណូល​ចិត្ត

 

សុភាព វ័យ ២៥ ឆ្នាំ បាន​បង្ហាញ​ពី​បទ​ពិសោធន៍​ថា “កាល​ខ្ញុំ​តាម​ស្រឡាញ់​សង្សារ​ខ្ញុំ​បាន​ដោយ​ជោគជ័យ​ កាល​ពី ៣ ឆ្នាំ មុន​នោះ គឺ​ខ្ញុំ​ប្រើ​វិធី​ស្វែង​យល់​ចិត្ត​គេ​មុន​សិន”។សុភាព ដែល​ធ្វើ​ការ​ផ្នែក​ទីផ្សារ បាន​និយាយ​ថា មិន​ថា រក​ស៊ី ឬ តាម​ស្រឡាញ់​ស្រី​ទេ គឺ​ដូចគ្នា គឺ​អ្នក​គ្រប់​គ្នា​ត្រូវ​ស្វែង​យល់​ពី​ដៃគូ ជាមុន​សិន៖
 
១. ទម្លាប់​របស់​គេ
២. កម្រិត​វប្បធម៌
៣. អត្តចរិត
៤. ស្ថានភាព​គ្រួសារ
៥. ចំណង់​ចំណូល​ចិត្ត និង ការ​កាន់​សាសនា​ផ្សេងៗ​ ជាដើម។

 

ក្រោយ​យល់​ចិត្ត និង ការ​បង្ហាញ​សកម្មភាព

 

បន្ថែម​ពី​លើ​ សុភាព យុវជន មករា បាន​លើក​ឡើង​ដែរ​ថា ក្រៅ​ពី​ការ​ស្វែង​យល់​ចំណង់​ចំណូល​ចិត្ត​របស់​ដៃគូ​រួច​ហើយ ដូច្នេះ កត្តា​សំខាន់​នោះ គឺ​ត្រូវ​បង្ហាញ​សកម្មភាព​ ទៅ​តាម​អ្វី​ដែល​មនុស្ស​យើង​លួច​ស្រឡាញ់។ “ខ្ញុំ​លើក​ឧទាហរណ៍ កាល​ខ្ញុំ​តាម​ស្រឡាញ់​​សង្សារ​ខ្ញុំ​ កាល​ពី​ជាង ១ ឆ្នាំ មុន គឺ​នាង​ចូល​ចិត្ត​តុក្កតា ដូច្នេះ ពេល​មាន​ពិធី​ធំៗ ខ្ញុំ​បាន​ទិញ​ជា​វត្ថុ​អនុស្សាវរីយ៍​ឲ្យ​នាង ហើយ​មួយ​ទៀត​ ខ្ញុំ​ដឹង​ថា នាង​មិន​សូវ​ចេះ​ ភាសា​អង់គ្លេស​នោះ​ទេ ម៉្លោះ​រាល់​ការ​ផ្ញើ​សារ​ ខ្ញុំ​ព្យាយាម​សរសេរ​ជា​ពាក្យ​ខ្មែរ តាម​ឆាត​ហ្វេសបុក”។

 

ព្យាយាម​បំពេញ​ចន្លោះ​ខ្វះខាត​របស់​ Crush

 

វិចិត្រ និស្សិត​ឆ្នាំ​ទី ៣ ផ្នែក​ច្បាប់​ នៃ​សាកលវិទ្យាល័យ​នីតិសាស្ត្រ និង វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បាន​បញ្ចេញ​យោបល់​ដែរ​ថា ប្រសិន​បើ​យើង​អាច​ដឹង​អំពី​ប្រវត្តិ​នាង​បាន​ច្រើន​ គឺ​ល្អ ហើយ​មួយ​ទៀត​បើ​នាង​ធ្លាប់​មាន​សង្សារ​តែ​បែក​គ្នា​វិញ យើង​ត្រូវ​ដឹង​អំពី​ចំណុច​ខ្លាំង​ និង ចំណុច​ខ្សោយ​របស់​ដៃ​គូ​មុន ដូច្នេះ យើង​អាច​បំពេញ​តែ​ចន្លោះ​ខ្វះខាត​ ដែល​សង្សារ​មុន​មិន​​បាន​ធ្វើ មានន័យ​ថា យើង​អាច​ធ្វើ​ផ្ទុយ​ពី​សកម្មភាព​សង្សារ​មុន។

 

“ខ្ញុំ​មិន​ប្រកាន់​រឿង​អតីត​នោះ​ទេ សម័យ​នេះ មនុស្ស​ភាគច្រើន​សុទ្ធតែ​មាន​សង្សារ​ ប៉ុន្ដែ បើ​យើង​ព្រម​ទទួល​នាង​ហើយ​ យើង​ត្រូវ​រៀន​ទទួល​ស្គាល់​អ្វី​ៗ​ដែល​នាង​មាន។ ខ្ញុំ​មិន​លាក់លាម​ សង្សារ​ខ្ញុំ​សព្វថ្ងៃ គឺ​ធ្លាប់​មាន​សង្សារ​ពី​មុន​មក ហើយ​នាង​ស្អប់​បុរស​នោះ រឿង​ផឹកស៊ី និង ការ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នាង ដូច្នេះ ខ្ញុំ​អាច​បំពេញ​ចន្លោះ​នេះ​បាន​ ខណៈ​ខ្ញុំ​ក៏​មិនមែន​ជា​មនុស្ស​ចូល​ចិត្ត​ផឹក​ស៊ី (គ្រឿងស្រវឹង) ដែរ ហើយ​មួយ​ទៀត​ខ្ញុំ​ព្យាយាម​យក​ចិត្ត​ទុក​ដាក់​នឹង​នាង​ គ្រប់​បែប​យ៉ាង តាំង​ពី​ការ​ស្លៀកពាក់ ហូប​ចុក ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​ខ្ញុំ​ល្អ បាន​រយៈពេល ជិត ៣ ឆ្នាំ​ហើយ”។

 

លោក​ វិចិត្រ បាន​លើក​ឡើង​ថា ការ​ដឹង​អំពី​ចំណង់​ចំណូល​ចិត្ត crush របស់​យើង ​គឺ​សំខាន់​ណាស់ ព្រោះ​សកម្មភាព​ទាំង​អស់​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​យើង​ទៅ​ដៃគូ ដូច្នេះ ចង់​មិន​ចង់​ មនុស្ស​ដែល​យើង​លួច​ស្រឡាញ់ (Crush) នឹង​អាច​ងាក​ចិត្ត​មក​រក​យើង​ខ្លះៗ​ ឬ អាច​ស្រឡាញ់​យើង​វិញ​មិន​ខាន​ឡើង៕

 

អត្ថបទ៖ បុត្រ