2020​សៀង​ហៃ​គ្រោង​ក្លាយជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​កំពូល​លើ​លោក

សៀង​ហៃ ៖ សៀង​ហៃ​គ្រោង​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​កំពូល​នាំមុខ​គេ​នៅ​លើ​ពិភពលោក​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ​នេះ តាម​រយៈ​ការ​ច្នៃប្រឌិត​បន្ថែម​ទៀត​លើ​ផ្នែក​ហិរញ្ញវត្ថុ ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Zheng Yang អគ្គនាយក​នៃ​ការិយាល័យ​សេវាកម្ម​ហិរញ្ញវត្ថុ​សៀង​ហៃ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក។

លោក Zheng Yang បាន​មាន​ប្រសាសន៍​ថា ៖ « សៀង​ហៃ​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ក្លាយជា​ទីផ្សារ​ហិរញ្ញវត្ថុ​សកល ជាមួយនឹង​ការ​គ្រប់គ្រង​លើ​ផលិតផល​ហិរញ្ញវត្ថុ និង​សមត្ថភាព​ដ៏​ខ្លាំង​ក្នុង​ការ​ប្រើប្រាស់​ធនធាន​ហិរញ្ញវត្ថុ​នៅ​ឆ្នាំ​២០២០ » ។

លោក​បន្ត​ថា ៖ « ក្នុង​រយៈពេល​៥​ឆ្នាំ​ក្រោយ គឺជា​ដំណាក់កាល​សំខាន់​ដែល​សៀង​ហៃ​ត្រូវ​បំពេញ​គោលដៅ​ដើម្បី​ក្លាយទៅជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ និង​ជាទី​ក្រុង​ដែល​មានការ​ផ្លាស់​ប្តូរ​ទៅ​កាន់​របត់​ថ្មី​មួយ ក៏​ដូច​ជា​ពង្រឹង​វិស័យ​សេវា​ហិរញ្ញវត្ថុ ដែល​គាំទ្រ​ដល់​ការ​ធ្វើ​កំណែទម្រង់​ផ្គត់ផ្គង់​របស់​ជាតិ » ។

គួរ​បញ្ជាក់​ថា កាលពី​៥​ឆ្នាំ​មុន វិស័យ​ហិរញ្ញវត្ថុ​របស់​សៀង​ហៃ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​កំណើន​ខ្លាំង និង​បាន​ក្លាយជា​តំបន់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ទីក្រុង​ដ៏​ធំ ។ ចំណែក​នៅ​ឆ្នាំ​២០១៥ វិស័យ​ហិរញ្ញវត្ថុ​របស់​សៀង​ហៃ មាន​កំណើន​៤០៥,២២​ប៊ី​យន់ (៦២,២៤​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ពោល​គឺ​ស្មើនឹង​២២,៩% និង​មាន​អត្រា​១៦,២% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ទីក្រុង ។

ទន្ទឹម​នឹង​នេះ ទំហំ​ហិរញ្ញប្បទាន​ដោយ​ផ្ទាល់​នៃ​ទីផ្សារ​ហិរញ្ញវត្ថុ​សៀង​ហៃ​មាន​បណ្តាញ​ជា​ច្រើន​រួម​មាន គុណភាព​ទីផ្សារ និង​ទីផ្សារ​ភាគហ៊ុន ដែល​មាន​តម្លៃ​៩,២​ទ្រី​លាន​យន់​នៅ​ក្នុង​ឆ្នាំ​២០១៥ ស្មើនឹង​ប្រមាណ​ជា​៣​ដង​ក្នុង​ឆ្នាំ​២០១០ ។ ដូចនេះ សៀង​ហៃ​បាន​ក្លាយទៅជា​មជ្ឈមណ្ឌល​សម្រាប់​បណ្តា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​អន្តរជាតិ ។ នៅ​ក្នុង​ឆ្នាំ​២០១៥ មាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បរទេស​ចំនួន​៤២៩​គ្រឹះស្ថាន​បាន​ធ្វើ​ប្រតិបត្តិការ​នៅ​សៀង​ហៃ ស្មើនឹង​៣០%​នៃ​ចំនួន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក្រុង​សរុប ៕