លោក សម រង្ស៊ី បញ្ជាក់ថា តុលាការ​បារាំង​បើក​ការស៊ើបអង្កេត​ឡើងវិញ​ក្នុងករណី​គប់​គ្រាប់បែក​ឆ្នាំ ១៩៩៧

នៅថ្ងៃនេះ  លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ពី​ប្រទេស​បារាំង ទៅកាន់​គ្រួសារ​ជនរងគ្រោះ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​រយ​នាក់​ថា សំណុំរឿង​គប់​គ្រាប់បែក​កាលពី​ឆ្នាំ​១៩៩៧ ត្រូវ​តុលាការ​នៅ​ប្រទេស​បារាំង បានសម្រេច​សើរើ​ឡើងវិញ​ហើយ​។​

​ថ្លែង​តាមរយៈ​វីដេអូ ខន់​ហ្វ​រ​រិ​ន  ពី​ប្រទេស​បារាំង​នៅ​ចំពោះមុខ​ក្រុមគ្រួសារ​ជនរងគ្រោះ ដែល​ប្រារព្ធ​ពិធី​បង្សុកូល​នៅ​ចេតិយ​ក្បែរ​វត្ត​បុ​ទុម​វ​ត្តី​នៅថ្ងៃនេះ លោក សម រង្ស៊ី ដែលជា​ជនរងគ្រោះ​ម្នាក់​ក្នុងចំណោម​ជនរងគ្រោះ​រាប់រយ​នាក់​ផ្សេងទៀត បាន​អះអាងថា តុលាការ​នៅក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង បានសម្រេច​សើរើ​សំណុំ​រឿងនេះ​ឡើងវិញ​ហើយ ដើម្បី​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ​។​

​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​គប់​គ្រាប់បែក​ក្នុង​ឆ្នាំ​១៩៩៧ មិន​ត្រឹមតែ​ប្រជាពលរដ្ឋ​កម្ពុជា​ទេ ដែល​ចងចាំ តែ​ពលរដ្ឋ​នៅលើ​ពិភពលោក ក៏​ចងចាំ​ករណី​នេះដែរ​។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា ប្រព័ន្ធយុត្តិធម៌​នៅ​ប្រទេស​កម្ពុជា​ជា​ប្រព័ន្ធយុត្តិធម៌​ក្លែងក្លាយ ហើយ ១៩ ឆ្នាំ​មកនេះ ជន​ដែល​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​នេះ និង​មេខ្លោង​នៅតែ​មិនអាច​រកមុខ​ឃើញ ដែល​លោក​ចាត់ទុកថា​ជា​អំពើ​និ​រ​ទណ្ឌ​ភាព​នៅក្នុង​សង្គម​កម្ពុជា​។​

​គួររំលឹកថា ព្រឹត្តិការណ៍​គប់​គ្រាប់បែក​មកលើ​អ្នក​តវ៉ា ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី កាលពី​ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ១៩៩៧ ដែល​កាលនោះ លោក​ជា​ប្រធាន​គណបក្ស​ជាតិខ្មែរ បាន​បណ្តាល​បាតុករ​ស្លាប់​ចំនួន ១៦ នាក់ និង​មនុស្ស​ប្រមាណ ១៥០ នាក់​ផ្សេងទៀត រងរបួស​ធ្ងន់​ស្រាល​។

​លោក  សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានចាត់ទុក​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​ពេលនោះ​ថា ជា​អំពើ​ភេរវកម្ម ដែល​រៀបចំឡើង​ដោយ​រដ្ឋអំណាច​។ លោក សម រង្ស៊ី បាន​សម្តែង​ការយល់ឃើញថា ១៩ ឆ្នាំ កន្លងផុតទៅ​ក៏ពិតមែន តែ​ហាក់បីដូចជា​ព្រឹត្តិការណ៍​បំផ្ទុះ​គ្រាប់បែក​កាលពី​ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ១៩៩៧ ទើបតែ​កើតឡើង​កាលពី​ថ្ងៃ​ម្សិលមិញ​ប៉ុណ្ណោះ​។​

​លោក អេង ឆៃអ៊ាង ដែលជា​ជនរងគ្រោះ​ម្នាក់​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​នៅ​គ្រានោះ ហើយ​បច្ចុប្បន្ន​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌលកណ្តាល​បានចាត់ទុក​ថា​វា​ជា​អំពើ​ព្រៃផ្សៃ ហើយ​សម្តែង​ការសោកស្តាយ​ថា​ពន្លឺយុត្តិធម៌​ស្ថិតនៅ​ឆ្ងាយ​ពី​ជនរងគ្រោះ​នៅឡើយ​។ លោក អេង ឆៃអ៊ាង បាន​សង្កត់ធ្ងន់ថា​មន្ត្រីជាន់ខ្ពស់​នៅ​ក្រសួងមហាផ្ទៃ​បានអនុញ្ញាត​ឲ្យ​មានការ​ធ្វើបាតុកម្ម​អហិង្សា តែ​ពួកគេ​បណ្តែតបណ្តោយ​ឲ្យ​មាន​បញ្ហា និង​មិនអាច​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​៕

12924502_1072050206185045_8463768945324099420_n12512419_1072049579518441_244415421415416124_n 12294699_1074053969318002_4129581055127269198_n 12936703_1074054102651322_7473942332140382392_n 12933040_1074054155984650_1141721565507055472_n