បើ​គ្មាន​ការបើក​ដៃ​ពី​លោក គង់ ផល្លា​គុណ ឈ្មួញ​មិនអាច​នាំ​ទំនិញគេចពន្ធ​ចូល​តាម​ច្រក​ព្រលានយន្តហោះ​សៀមរាប​បានទេ​

ថ្មីៗ​នេះ​ឈ្មួញ​មួយចំនួន​បាន​សារភាព​ប្រាប់​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ថា ការដែល​ពួកគេ​អាច​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប បាន​គឺ​ត្រូវ​បង់លុយ​ក្នុង​១​កេស​ពី​១០​ទៅ​២០​ដុល្លារ​។ ជាមួយគ្នានេះ​ភ្នាក់ងារ​គយ​តូចតាច​ក្នុង​ខេត្តសៀមរាប​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា បើ​គ្មាន​ការបើក​ដៃ​ពី​លោក គង់ ផល្លា​គុណ ប្រធាន​ស្នាក់ការ​គយ​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​ទេនោះ គឺ​ឈ្មួញ​មិនអាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​បានឡើយ​។ ដូច្នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ គួរ​ចាត់វិធានការ​ចំពោះ​ទង្វើ​មិន​ប្រក្រតី​របស់លោក គង់ ផល្លា​គុណ កុំ​ឲ្យ​ឃុបឃិត​ជាមួយ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​តទៅទៀត​។

ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹងថា លោក គង់ ផល្លា​គុណ និង​មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​ជាច្រើន​ប្រភេទ​តាម​ច្រក​នេះ​ដើម្បី​ថ្នូរ​នឹង​ផលប្រយោជន៍​។ ក៏ប៉ុន្តែ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ប្រហែល​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប មិន​ទទួលបាន​ផលប្រយោជន៍​ទើប​ចាត់វិធានការ​បង្ក្រាប​ទំ​និ​ញ​គេចពន្ធ​ដែល​ឈ្មួញ​នាំចូល​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​ជា​បន្តបន្ទាប់​។ តាមរយៈ​ការបង្ក្រាប​នោះ​ហើយ​ដែល​គេ​ដឹងថា មេ​គយ​និង​មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​នេះ គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​យ៉ាង​ពេញបន្ទុក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។

​គួរ​រំលឹក​ដែរ​ថា​កាលពី​ថ្ងៃ​យប់​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៦ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប បង្ក្រាប​ទំនិញគេចពន្ធ​មាន​ចំនួន​៥៤​កេស​ធំៗ​បិត​ជិត ១​វ៉ា​លី​ស​ធំ និង​៤​ថង់យួរ​ធំៗ ដែលមាន​ទម្ងន់​ជាង​១​តោន​។ នៅ​ថ្ងៃទី​២៦ ខែមីនា​ឆ្នាំ​២០១៦ សមត្ថកិច្ច​គយ​បង្ក្រាប​ជនជាតិ​កូរ៉េ​នាំចូល​ទូរស័ព្ទ​ទំនើបៗ​គេចពន្ធ បន្ទាប់ពី​រឿងនេះ​ត្រូវ​ដឹង​ដល់​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដែល​ត្រៀម​បង្ក្រាប​នៅ​ខាងក្រៅ​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​។ បញ្ហា​នេះ​បង្ហាញ​ឲ្យ​ឃើញថា ការដែល​ឈ្មួញ​អាច​នាំចូល​ទំនិញគេចពន្ធ​ជា​បន្តបន្ទាប់​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​នោះ គឺ​លោក គង់ ផល្លា​គុណ ជា​មេខ្លោង​ធំជាងគេ​។ បញ្ហា​នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ មិនគួរ​បណ្ដោយ​ឲ្យ​លោក គង់ ផល្លា​គុណ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​ទេ​ព្រោះ​រឿងអាស្រូវ​របស់​មន្ត្រី​គយ​រូបនេះ​ត្រូវបាន​គេ​ដឹងឮ​រួចទៅហើយ​៕

30លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ass-4 ass-3