អាជ្ញាធរ​ខេត្តសៀមរាប មិន​ខ្វល់​រឿង​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ បំផ្លាញ​ផ្លូវ​ក្នុង​ក្រុង​

ប្រជាពលរដ្ឋ​នៅ​ក្រុង​សៀមរាប បាន​រិះគន់ថា​ទាំង​លោក ស៊ូ ប្លា​តុង អភិបាលក្រុង​សៀមរាប និង​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប មិន​ខ្វល់​ពី​រឿង​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ ធំៗ​បំផ្លាញ​ផ្លូវថ្នល់​ក្នុង​ក្រុង​ឲ្យ​ខូចខាត​ជា​បន្តបន្ទាប់​នោះទេ​។ ចំណែក​មន្ទីរ​ពាក់ព័ន្ធ ជាពិសេស​មន្ទី​សាធារណការ​និង​ដឹកជញ្ជូន ក៏ដូចជា​មន្ទីរ​បរិស្ថាន មិនបាន​ពិនិត្យ​ផលប៉ះពាល់​ដែល​កើតឡើង​ដោយសារ​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ នោះឡើយ​។ អាច​និយាយបានថា​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ខេត្តសៀមរាប និង​ថ្នាក់ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្តសៀមរាប ងាប់​ត្រគាក​ស្តូក​ទើប​មើលមិនឃើញ​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ បំផ្លាញ​ផ្លូវ​ក្នុង​ក្រុង​សៀមរាប​ជា​បន្តបន្ទាប់​។

​កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៦ មាន​រថយន្ត​ដឹក​ដី​១​គ្រឿង​ផ្ទុក​លើស​ទម្ងន់​យកទៅលក់​នៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប បានធ្វើ​ឲ្យ​ស្រុត​ផ្លូវ​កៅស៊ូ​ជម្រៅ​ប្រមាណ​កន្លះ​ម៉ែត្រ​ធ្វើ​ឲ្យ​រថយន្ត​នោះ​ទៅមុខ​មិន​រួច​។ ក្នុង​ហេតុការណ៍​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង ប៉ុន្តែ​លោក វណ្ណ ប៊ុណ្ណា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប ក៏ដូចជា​លោក ស៊ូ ប្លា​តុង អភិបាលក្រុង​សៀមរាប ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ករណី​រថយន្ត​ដឹក​ដី​ធ្វើ​ឲ្យ​ផ្លូវ​ស្រុត​។ ចំណែក​លោក ឃឹម ប៊ុន​សុង ក៏​មិនសូវ​យកចិត្តទុកដាក់​ទប់ស្កាត់​ករណី​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ បំផ្លាញ​ផ្លូវ​តាម​បណ្ដា​សង្កាត់​នានា​ក្នុង​ក្រុង​សៀមរាប ជា​បន្តបន្ទាប់​នោះឡើយ​។

ប្រភពពី​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ក្រុង​សៀមរាប ដែលជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ប្រាសាទបុរាណ​បាន​ឲ្យ​ដឹងថា ក្នុង​ក្រុង​សៀមរាប​បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ជីក​អាចម៍ដី​លក់​និង​ដឹក​ខ្សាច់​លក់​ដល់​ទៅ​រាប់រយ​ក្រុមហ៊ុន​។ រថយន្ត​ដឹក​ដី ដឹក​ខ្សាច់​ធំៗ ភាគច្រើន​ផ្ទុក​លើស​ទម្ងន់​បានធ្វើ​ឲ្យ​ខូច​ផ្លូវ​ជា​បន្តបន្ទាប់ ហើយ​បើកបរ​ក្នុង​ល្បឿន​លឿនៗ​ងាយ​ធ្វើ​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​។ អាចម៍ដី​ដែល​ឈ្មួញ​ជីក​កកាយ​ដឹក​លក់​ដោយ​មិន​គោរព​ទៅតាម​បទដ្ឋាន​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ​នោះ គឺ​គេ​ដឹក​ចេញពី​តំបន់​ព្រៃ​លិច​ទឹក​ក្នុង​សង្កាត់​សៀមរាប សង្កាត់​ជ្រាវ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប និង​ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង​។ ចំណែក​លោក វណ្ណ ប៊ុណ្ណា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប គិតគូរ​តែ​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ មិន​ខ្វល់​ពី​រឿង​ក្រុមហ៊ុន​ដឹក​ដី ដឹក​ខ្សាច់ ដែល​ធ្វើ​ឲ្យ​ខូច​ផ្លូវ និង​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ឡើយ​៕

240លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប b-car-land-500x375 car-land-sr1-500x375