រឿង​លោក សាន់ ដា​រឹទ្ធ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តមណ្ឌលគិរី ចាក់ដី​លុប​បឹង​បុរាណ​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​

ប្រជាពលរដ្ឋ​នៅ​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី បាន​អំពាវនាវ​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ចាត់វិធានការ​លើ​លោក សាន់ ដា​រឹទ្ធ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តមណ្ឌលគិរី ជាបន្ទាន់​។ ដោយហេតុថា​លោក សាន់ ដា​រឹទ្ធ អាង​អំណាច​ខ្លួន​ជា​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តមណ្ឌលគិរី បាន​ចាក់ដី​លុប​បឹង​ស្តុក​ទឹក​មួយកន្លែង​នៅ​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មានជ័យ ដែលជា​បឹង​បុរាណ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​យ៉ាង​គឃ្លើន​បំផុត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​អាជ្ញាធរ មិន​ហ៊ាន​ចាត់វិធានការ​ទប់ស្កាត់​ករណី​លោក សាន់ ដា​រឹទ្ធ ចាក់ដី​លុប​បឹង​បុរាណ​នោះទេ​។

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ចំការ​តែ បាន​ឲ្យ​ដឹងថា បឹង​បុរាណ​ដែលជា​អាង​ស្តុក​ទឹក​មាន​ទំហំ​ជាង​១​ហិកតា​ត្រូវបាន​លោក សាន់ ដា​រឹទ្ធ ចាក់ដី​លុប​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​គឃ្លើន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ការដែល​លោក សាន់ ដា​រឹទ្ធ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​ជាមួយ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តមណ្ឌលគិរី​ផងដែរ ទើប​អាង​ដំណើរការ​ដោយ​រលូន​។ បញ្ហា​នេះ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់លោក សាន់ ដា​រឹទ្ធ ខ្លះ​ផង​ព្រោះ​ពេលនេះ​ប្រជាពលរដ្ឋ​កំពុង​រិះគន់​យ៉ាង​ខ្លាំងក្លា​។ ចំណែក​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ក៏​គួរពិនិត្យមើល​បញ្ហា​នេះ​ផងដែរ ព្រោះ​ករណី​លោក សាន់ ដា​រឹទ្ធ ចាក់ដី​លុប​បឹង​បុរាណ​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ គឺជា​អំពើ​ខុសច្បាប់​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ក៏ដូចជា​មន្ត្រីរាជការ​ក្នុង​ខេត្តមណ្ឌលគិរី បាន​រិះគន់​ពី​មហិច្ឆតា​ហួសហេតុ​របស់លោក សាន់ ដា​រឹទ្ធ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តមណ្ឌលគិរី ដែល​ប្រើ​អំណាច​ចាក់ដី​លុប​បឹង​បុរាណ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។ ជាងនេះទៅទៀត​គេ​បាន​រិះគន់ថា កន្លងមក​បទល្មើស​បូម​ខ្សាច់​និង​បទល្មើស​ជីក​កកាយ​រ៉ែ​មាស​ខុសច្បាប់​ក្នុង​ខេត្តមណ្ឌលគិរី គឺមាន​ការបើក​ដៃ​ពី​លោក សាន់ ដា​រឹទ្ធ ទើប​មិនដែល​ឃើញ​មានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ​។ មិនតែប៉ុណ្ណោះ​បទល្មើស​បំផ្លាញ​រ៉ែ​មាស​នៅតែ​បន្ត​កើតឡើង​ឥតឈប់ឈរ ព្រោះ​លោក សាន់ ដា​រឹទ្ធ គិតគូរ​តែ​រឿង​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​៕

suysem_305លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល M29-03-16-n11