លោក កឹម សុខា បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវគេ​ប្រើ​យុ​ទ្ឋ​សាស្ត្រ​កាត់​ក្បាល​បំបែក​ខ្លួន​

នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តព្រៃវែង នា​ព្រឹក​ថ្ងៃ​ពុធ ទី​៣០ ខែមីនា ឆ្នាំ​២០១៦ នេះ កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា​ឥឡូវនេះ គេ​កំពុង​ប្រើ​យុទ្ធសាស្ត្រ​កាត់​ក្បាល​បំបែក​ខ្លួន​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​គេ​លេង​យុទ្ធសាស្ត្រ​ពុះ​ក្បាល​បំបែក​ខ្លួន​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ​មិនបាន​រួចមក​។​

ក្នុង​វេទិកា គណៈ​ប្រតិបត្តិ​សង្គ្រោះ​ជាតិ ដែល​ប្រារព្ធ​ធ្វើ​នៅក្នុង​សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង នៅថ្ងៃនេះ លោក កឹម សុខា បាន​បញ្ជាក់ថា រូបលោក និង​លោក សម រង្ស៊ី គឺជា​ក្បាល ហើយ​សមាជិក សមាជិកា និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ខ្លួន​។ យ៉ាងណាក្តី​លោក កឹម សុខា មិនបាន​បញ្ជាក់​ចំឈ្មោះ​ថា​បុគ្គល​ណា ឬ​គណបក្សនយោបាយ​មួយណា​ជា​អ្នកមាន​ចេតនា​មិនល្អ​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ ហើយ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ជា​អ្នក​វិនិច្ឆ័យ​។​

ក្នុងឱកាស​ខាងលើនេះ លោក កឹម សុខា បាន​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​លើ​ពីរ​ចំណុច​សំខាន់ៗ​៖ ទី​១-​សូម​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ក្នុង​តំណែង​ទាំងអស់ ប្រើប្រាស់​តួនាទី​របស់ខ្លួន ក្នុងនាម​ជា​អ្នកតំណាង​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​។ យុទ្ធសាស្ដ្រ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើកឡើងថា មិន​ឈ្លោះ មិន​ឆ្លើយ មិន​ឆ្លង មិនមែន​មានន័យថា សមាជិកសភា សមាជិក​ក្រុមប្រឹក្សា​ក្នុង​តំណែង​រដ្ឋ​ទាំងអស់ នៅ​ស្ងៀម​មិន​ប្រើប្រាស់​តួនាទី​របស់ខ្លួន​ជា​តំណាង​ប្រជាពលរដ្ឋ ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ​នោះឡើយ​។ ផ្ទុយទៅវិញ​តំណាង​ទាំងអស់នោះ ត្រូវធ្វើ​ការ​ឲ្យ​កាន់តែ​សកម្ម​ថែមទៀត ក្នុង​កាលៈទេស​នេះ​។ ទី​២-​ចំពោះ​ការទាក់ទាញ​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ សូម​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ក្នុង​តំណែង​ទាំងអស់ ត្រូវ​ចេះ​ឃោសនា ត្រូវ​ចេះ​និយាយ ឲ្យ​មាន​ដំណាក់កាល​៣​គឺ​៖ ទី​១-​ធ្វើ​ឲ្យ​គេ​ស្គាល់ ទី​២.​ធ្វើ​ឲ្យ​គេ​ជឿ និង ទី​៣.​ធ្វើ​ឲ្យ​គេ​ជួយ​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា ប្រជាពលរដ្ឋ​គប្បី​ត្រៀមខ្លួន​ចូលរួម​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ឆ្នាំ​២០១៧​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក យឹម សុវណ្ណ កន្លងមក​បានបញ្ជាក់​ថា អ្នកណា​ជា​អ្នក​បង្ករឿង និង​អ្នកណា​ជា​អ្នករងគ្រោះ ឬ អ្នកណា​ធ្វើ​ល្អ និង​អ្នកណា​ធ្វើ​អាក្រក់ ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់ឆ្នោត​បានឃើញ និង​យល់ដឹងបាន​ច្បាស់ ហើយ​ពួកគាត់​នឹង​វិនិច្ឆ័យ​ឲ្យ​អ្នកណា ឬ​គណបក្សនយោបាយ​ណាមួយ​ជា​អ្នកមាន​សិទ្ធិ​សម្រេច​ជោគវាសនា​របស់​ពួកគាត់ និង​ប្រទេសជាតិ តាមរយៈ​ការបោះឆ្នោត​នៅពេល​ខាងមុខនេះ ។ លោក យឹម សុវណ្ណ បាន​សង្កត់ធ្ងន់ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ទទួលបាន​ជ័យជំនះ​តាមរយៈ​គោលនយោបាយ​ល្អៗ​ដែល​ប្រជាពលរដ្ឋ​គាំទ្រ​៕

10399745_1324595584224404_2910873254419677969_n 12936545_1324595590891070_4137573893744118275_n