ចិន​រារាំង​សកម្មជន​មិន​ឲ្យ​ទៅ​អាមេរិក​ដើម្បី​ទទួល​ពាន​រង្វាន់​ស្ត្រី​អន្តរជាតិ​នៃ​សេចក្តី​ក្លាហាន

ចិន​រារាំង​សកម្មជន​មិន​ឲ្យ​ទៅ​អាមេរិក​ដើម្បី​ទទួល​ពាន​រង្វាន់​ស្ត្រី​អន្តរជាតិ​នៃ​សេចក្តី​ក្លាហាន

រូប​ឯកសារ៖ លោក​ស្រី​ Ni Yulan ស្ថិត​នៅ​ក្នុង​សណ្ឋាគារ​មួយ​ក្នុង​ទី​ក្រុង​ប៉េកាំង។​ លោក​ស្រី​ត្រូវ​អាជ្ញាធរ​ចិន​បដិសេធ​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​អា​មេរិក​ ដើម្បី​ទទួល​ពាន​រង្វាន់​ស្ត្រី​អន្តរជាតិ​នៃ​សេចក្តី​ក្លាហាន។​

ចិន​រារាំង​សកម្មជន​មិន​ឲ្យ​ទៅ​អាមេរិក​ដើម្បី​ទទួល​ពាន​រង្វាន់​ស្ត្រី​អន្តរជាតិ​នៃ​សេចក្តី​ក្លាហាន

លោក​ John Kerry និង​ក្រុម​ស្រ្តី​ទទួល​ពាន​រង្វាន់​ស្រ្តី​អន្តរជាតិ​នៃ​សេចក្តី​ក្លាហាន​ ថត​រូប​រួម​គ្នា​មួយ។​

កាល​ពី​ថ្ងៃ​អង្គារ​ លោក​រដ្ឋ​មន្ត្រី​ការបរទេស​ស.រ.អា. John Kerry បាន​ទទួល​ស្គាល់​ស្ត្រី​១៤​នាក់​មក​ពី​ទូទាំង​ពិភពលោក​ជាមួយ​នឹង​ការ​ប្រគល់​រង្វាន់​ស្ត្រី​អន្តរជាតិ​នៃ​សេចក្តី​ក្លាហាន​ ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ International Women Of Courage Award​ ចំពោះ​ភាព​ជា​មេដឹកនាំ​របស់​ពួក​គេ​ក្នុង​ការ​ការពារ​យុត្តិធម៌​ សិទ្ធិ​មនុស្ស​ លទ្ធិ​ប្រជាធិបតេយ្យ​ សមភាព​ខាង​យេនឌ័រ​និង​ការផ្តល់​អំណាច​ដល់​ក្រុម​ស្ត្រី។​

ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ដែល​ទទួល​បាន​កិត្តិយស​នេះ​ គឺ​លោកស្រី​ Ni Yulan សកម្មជន​ខាង​សិទ្ធិ​មនុស្ស​នៃ​ប្រទេស​ចិន​ដែល​ត្រូវ​បាន​រារាំង​ដោយ​រដ្ឋាភិបាល​ប្រទេស​លោកស្រី​ មិន​ឱ្យ​លោកស្រី​ធ្វើ​ដំណើរ​មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​។​

លោក Kerry បាន​មាន​ប្រសាសន៍​ថា​ «នៅ​ឆ្នាំ​នេះ​យើង​ទទួល​ស្គាល់​ស្ត្រី​មួយ​ក្រុម​ដែល​បាន​បង្ហាញ​សេចក្តី​ក្លាហាន​របស់​ពួក​គេ​ក្នុង​វិស័យ​បី​សំខាន់ៗ។​ ក្រុម​ស្ត្រី​ទាំង​នេះ​បាន​លាត​ត្រដាង​និង​បាន​ប្រឆាំង​នឹង​អំពើ​ហិង្សា​ផ្អែក​លើយេនឌ័រ​ ពួក​គេ​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​និង​បាន​ពង្រឹង​វិធានច្បាប់​ ហើយ​ពួកគេ​បាន​ឧបត្ថម្ភ​ផ្ចុង​ផ្តើម​យុត្តិធម៌​និង​សិទ្ធិ​មនុស្ស​សម្រាប់​ជន​គ្រប់​គ្នា»។​

ក្រុម​ស្ត្រី​នៃ​សេចក្តី​ក្លាហាន​នៅ​ឆ្នាំ​នេះ​ មាន​រួម​បញ្ចូល​សកម្មនារី​ Yazidi ម្នាក់​មក​ពី​ប្រទេស​ស៊ីរី​ដែល​បាន​ប្តេជ្ញា​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិង្សា​ផ្អែក​លើ​យេនឌ័រ​ ក្រុម​មេធាវី​ខាង​សិទ្ធិ​មនុស្ស​ និង​ក្រុម​អ្នក​ការពារ​ពលរដ្ឋ​មាន​ការ​ចាញ់​ប្រៀប​និង​ជា​ពលរដ្ឋ​បន្ទាប់​បន្សំ​ ក្រុម​សកម្មនារី​និង​ក្រុម​អ្នក​ចាត់ចែង​កិច្ចការ​ប្រតិបត្តិ​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ជ្រុល​និយម​និង​ការ​រើសអើង​និង​ក្រុម​អ្នកការពារ​សិទ្ធិ​ក្រុម​មនុស្ស​ប្តូរភេទ​ និង​អ្នក​កាសែត​រុស្ស៊ី​ម្នាក់​ដែល​បាន​ជំរុញ​ឱ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​និង​សេរីភាព​នៃ​ការ​ផ្សាយ​ព័ត៌មាន។​

ចិន​រារាំង​សកម្មជន​មិន​ឲ្យ​ទៅ​អាមេរិក​ដើម្បី​ទទួល​ពាន​រង្វាន់​ស្ត្រី​អន្តរជាតិ​នៃ​សេចក្តី​ក្លាហាន

លោក​ John Kerry និង​ក្រុម​ស្រ្តី​ទទួល​ពាន​រង្វាន់​ស្រ្តី​អន្តរជាតិ​នៃ​សេចក្តី​ក្លាហាន​ ថត​រូប​រួម​គ្នា​មួយ។​

ស្ត្រី​ម្នាក់​ដែល​បាន​ទទួល​រង្វាន់​នេះ​ ជា​មន្ត្រី​ខាង​អន្តោប្រវេសន៍​ម្នាក់​មក​ពី​ប្រទេស​បេលី​ (Belize) ដែល​បាន​ជួយ​បង្ក្រាប​ក្រុម​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​និង​ក្រុម​អ្នក​ជួញ​ដូរ​មនុស្ស​ ស្ត្រី​ម្នាក់​ទៀត​ជា​មេធាវី​ស្រី​ដំបូង​គេ​នៃ​ប្រទេស​ម៉ូរីតានី​ (Mauritanie)។​

លោកស្រី​ Ni Yulan ដែល​មិន​អាច​ធ្វើ​ដំណើរ​មក​កាន់​ស.រ.អា.​បាន​មាន​ប្រសាសន៍​ប្រាប់ VOA ផ្សាយ​ជា​ភាសា​ចិន​កុកងឺ​ថា ​អាជ្ញាធរ​ចិន​បាន​ប្រកែក​មិន​ព្រម​ចេញ​លិខិត​ឆ្លង​ដែន​ឱ្យ​លោកស្រី​កាល​ពី​ចុង​ខែ​មុន។​

ឆ្នាំ​នេះ​ជា​ខួប​ឆ្នាំ​ទី​១០​នៃ​ការ​ផ្តល់​រង្វាន់​ស្ត្រី​អន្តរជាតិ​នៃ​សេចក្តី​ក្លាហាន។​ ស.រ.អា.បាន​ជូន​កិត្តិយស​ដល់​ស្ត្រី​១០១នាក់​មក​ហើយ​ចំពោះ​សមិទ្ធិផល​របស់​ពួកគេ​ចាប់​តាំង​ពី​មាន​ការ​បង្កើត​រង្វាន់​នេះ​មក៕​