តើការធ្លាក់ទឹកចិត្ត និងជំងឺធ្លាក់ទឹកចិត្ត គឺជាអ្វី?

ការធ្លាក់ទឹកចិត្ត និងជំងឺធ្លាក់ទឹកចិត្ត គឺជាការធ្លាក់ចុះនៃអារម្មណ៍ ដែលនាំឱ្យមានភាពក្រៀមក្រំបាត់បង់ភាពសប្បាយ​រីក​រាយ និង​បាត់​បង់​ចំណាប់​អារម្មណ៍​ទៅ​លើ​អ្វីៗជុំវិញខ្លួន។ មនុស្សយើងអាចមានការធ្លាក់ទឹកចិត្តនៅពេលប្រឈមមុខនឹងការបាត់បង់ផ្សេងៗ ដូចជា បាត់បង់មនុស្សជាទីស្រលាញ់ បាត់បង់កិត្តិយសកេរ្តិ៍ឈ្មោះ បាត់បង់ការងារទ្រព្យសម្បត្តិ ឬ​ទទួល​បរា​ជ័យ​ក្នុង​ជីវិត…។ មូលហេតុផ្សេងទៀតនៃជំងឺធ្លាក់ទឹកចិត្តអាចបណ្តាលមកពីបុគ្គលនោះឆ្លងកាត់ព្រឹត្តិការណ៍គួរ​ឱ្យ​អាម៉ាស​ណា​មួយ ដូចជាការមានផ្ទៃពោះខុសប្រពៃណី បែកបាក់​ជីវិតអាពាហ៍ពិពាហ៍ ឬត្រូវគេបណ្តេញចេញពីការងារ។ល។
ការស្រាវជ្រាវបង្ហាញឱ្យដឹងថា ការធ្លាក់ទឹកចិត្ត និងជំងឺធ្លាក់ទឹកចិត្តកើតមានចំពោះស្រ្តីច្រើនជាងបុរស ដោយហេតុថា ស្រ្តីត្រូវប្រឈមនឹងការគ្រប់គ្រងកូនចៅផ្ទះសំបែង និងជីវភាពរស់នៅប្រចាំថ្ងៃ ហើយមិនមានឱកាសបញ្ចេញការតានតឹងចិត្តរបស់ខ្លួនបានល្អប្រសើរនៅក្នុងមជ្ឈមដ្ឋានដែលខ្លួនរស់នៅ។

អ្នកធ្លាក់ទឹកចិត្ត និងអ្នកជំងឺធ្លាក់ទឹកចិត្ត ត្រូវការយ៉ាងខ្លាំងបំផុតនូវការគាំទ្រផ្នែកផ្លូវចិត្ត និងការលើកទឹកចិត្ត ឬផ្តល់កម្លាំង​ចិត្ត​អំពី​គ្រួសារ និងមិត្តភកិ្តនៅជុំវិញខ្លួនគេ ដូចជា៖
ការផ្តល់ប្រឹក្សា៖ អ្នកធ្លាក់ទឹកចិត្ត ត្រូវការពិគ្រោះផ្តល់យោបល់លើបញ្ហា ដែលគេកំពុងតែមាន។ សមាជិកគ្រួសារ ឪពុក ម្តាយ បងប្អូន ឬមិត្តភក្តិ គប្បីជួយផ្តល់ការគាំទ្រផ្លូវចិត្ត ដោយផ្តល់គំនិតយោបល់ល្អៗដល់អ្នកជំងឺ និងជួយធ្វើឱ្យគេផ្លាស់ប្តូរគំនិត និងអាកប្បកិរិយាអវិជ្ជមាន ហើយគិតចាប់ធ្វើអ្វីដែលល្អសាជាថ្មី និងជាក្តីសង្ឃឹមសម្រាប់ជីវិតទៅថ្ងៃមុខ។
ការព្យាបាល៖ ជំងឺធ្លាក់ទឹកចិត្តជាជំងឺដែលអាចព្យាបាលបាន ចំពោះករណីធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ គឺត្រូវនាំអ្នកជំងឺទៅពិគ្រោះ និងទទួលការពិនិត្យព្យាបាលពីសំណាក់គ្រូពេទ្យ។ ក្រៅពីការផ្តល់ប្រឹក្សាគ្រូពេទ្យអាចព្យាបាលអ្នកជំងឺ ដោយឱសថកែរោគធ្លាក់ទឹកចិត្ត។
ការគាំទ្រពីសហគមន៍ និងគ្រួសារ៖ ឪពុក ម្តាយ បងប្អូន មិត្តភ័ក្តិ និងអ្នកស្រុក ភូមិ គម្បីយកចិត្តទុកដាក់ដល់អ្នកជំងឺ​ធ្លាក់​ទឹក​ចិត្ត ដោយផ្តល់ការគាំទ្រដល់ពួកគេឱ្យបានសមស្រប និងទាន់ពេលវេលា ជៀសវាងការស្តីបន្ទោស ឬដាក់ទណ្ឌកម្ម​ដល់​អ្នក​មាន​បញ្ហា ដោយយើងគិតថា គេបានប្រព្រឹត្តកំហុស ឬការខុស ឆ្គងអ្វីមួយ ដែលជាភាពអាម៉ាសសម្រាប់គ្រួសារ និងសហគមន៍ ឬជាការអាម៉ាស់សម្រាប់ខ្លួនគេផ្ទាល់។
ក្រុមគ្រួសារគប្បីព្យាបាល និងឃ្លាំមើលអ្នកជំងឺជាប្រចាំ ព្រោះអ្នកជំងឺអាចគិតខុសហើយអាចធ្វើទុក្ខទោសចំពោះខ្លួនឯងបាន (ធ្វើអត្ដឃាត) ក្នុង​រយៈពេល​មួយ​ដ៏ខ្លី។ ត្រូវយកវត្ដុ ឬរបស់ដែលអាចបង្កគ្រោះថ្នាក់ចេញឱ្យឆ្ងាយពីអ្នកជំងឺ ដូចជា ខ្សែ កាំបិត កន្ត្រៃ ឬកាំភ្លើង ជាដើម ដើម្បីបង្ការកុំអោយគេសម្លាប់ខ្លួន។ គប្បីស្តាប់ ដោយយកចិត្តទុកដាក់នូវរឿងរ៉ាវរបស់​អ្នក​មាន​បញ្ហា​ផ្លូវ​ចិត្ត ដោយឱ្យគេនិយាយបានហូរហែអំពីមូលហេតុដែលនាំឱ្យគេធ្លាក់ទឹកចិត្ត។ លើកទឹកចិត្តឱ្យអ្នកជំងឺបញ្ចេញអារម្មណ៍សោកសៅរបស់គេ ដូចជា បើនៅពេលគេយំត្រូវទុកឱ្យគេយំឱ្យអស់ចិត្ត។ ត្រូវពោលពាក្យលួងលោម និងលើក​ទឹក​ចិត្ត​ធ្វើឱ្យអ្នកជំងឺមានការគោរពជឿជាក់ចំពោះខ្លួនឯង ដោយយល់ថា ខ្លួនជាមនុស្សមានតម្លៃ៕
ប្រភព៖express

  • តើការធ្លាក់ទឹកចិត្ត និងជំងឺធ្លាក់ទឹកចិត្ត គឺជាអ្វី?已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/03/30  Category:សុខភាព
Tags: