កូរ៉េខាងជើងបាញ់កាំជ្រួចរយៈខ្លីមួយ រំលងលើសមុទ្រជប៉ុន

កាំជ្រួចមួយគ្រាប់ របស់ប្រទេសកូរ៉េខាងជើង បានហោះរំលង​ពីលើសមុទ្រជប៉ុន នៅថ្ងៃអង្គារនេះ នៅក្នុង​ចំងាយ​ប្រមាណជា ២០០គីឡូម៉ែត្រ។
កូរ៉េខាងជើងបាញ់កាំជ្រួចរយៈខ្លីមួយ រំលងលើសមុទ្រជប៉ុន

លោក គិម ជុងអ៊ុន (ខាងស្ដាំបំផុត) និងក្រុមឧត្ដមសេនីយ៍ របស់ប្រទេសកូរ៉េខាងជើង។ (រូបថតឯកសារ)

ប្រទេសកូរ៉េខាងជើង បានបាញ់កាំជ្រួចមួយគ្រាប់ សារជាថ្មី ដែលទំនងជាកាំជ្រួចរយៈខ្លី។ កាំជ្រួចនេះ​បាន​ផ្ទុះ នៅក្នុងលំហរសមុទ្រខាងកើត របស់ឧបទ្វីបកូរ៉េ ឬហៅថា សមុទ្រជប៉ុន។ នេះបើតាមការអះអាង របស់​កងទ័ព​របស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ។ ការបង្ហាញសាច់ដុំម្ដងទៀតនេះ បានធ្វើឡើង នៅក្នុង​ពេល​ដែល​ភាព​តានតឹង នៅក្នុងតំបន់ បានកើនឡើងដល់កំពូល។

អគ្គមេបញ្ជាការកងទ័ពកូរ៉េខាងត្បូង បានអះអាង នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «គ្រាប់បាញ់ផ្លោង សម្រាប់រយៈខ្លី ត្រូវបានបាញ់ចេញ នៅម៉ោង ៥និង៤០នាទី ព្រឹក នៅក្បែរក្រុង វុនសាន ភាគខាងកើត នៃ​ទឹកដី​កូរ៉េខាងជើង ហើយបាញ់បានចំងាយ ២០០គីឡូម៉ែត្រ។ (...) យើងបានតាមដានស្ថានការណ៍ យ៉ាងដិតដល់ ហើយ​យើង​បានត្រៀមខ្លួនគ្រប់ពេល ដើម្បីប្រឈមនឹងព្រឹត្តិការណ៍ ជាយថាហេតុណាមួយ។»

ការសាកល្បងនុយក្លេអ៊ែរលើកទីបួន...

កម្ដៅនៅលើឧបទ្វីបកូរ៉េ មិនបានចុះថមថយទេ រាប់ចាប់តាំងពីការសាកល្បងគ្រាប់បែក នុយក្លេអ៊ែរ លើក​ទី​បួន របស់ប្រទេសកុម្មុយនីស កូរ៉េខាងជើង នៅដើមខែមករានោះមក។ បន្ទាប់ពីការសាកល្បងនុយក្លេអ៊ែរ នៅ​ថ្ងៃ​ទី៧ ខែកុម្ភៈកន្លងមក របបក្រុងព្យុងយ៉ាង បានបាញ់កាំជ្រួចមួយទៀត ដែលត្រូវបានអ្នកតាមដានព្រឹត្តិការណ៍ ចាត់​ទុក​ថា នោះជាកាំជ្រួចរយៈឆ្ងាយ បំពាក់ឲ្យគ្រាប់បែក។

ក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ ក៏បានធ្វើការឆ្លើយតប កាលពីដើមខែមីនា កន្លងមកនេះ ដោយ​ទណ្ឌកម្មធ្ងន់ធ្ងរ បន្ថែមពីលើទណ្ឌកម្ម ដែលធ្លាប់ដាក់ លើរបបកុម្មុយនីសនេះ រួចមកហើយ។

សមយុទ្ធរួម...

ភាពតានតឹង បានកើនឡើងដល់កំពូល នៅពេលដែលប្រទេសសម្ព័ន្ធមិត្តទាំងពីរ កូរ៉េខាងត្បូង និងអាមេរិក បាន​ធ្វើសមយុទ្ធយោធារួមគ្នាមួយ ដែលប្រទេសទាំងពីរធ្លាប់ធ្វើបែបនេះ សឹងជារៀងរាល់ឆ្នាំ។ នៅចំពោះ​សមយុទ្ធ​រួមគ្នានេះ របបក្រុងព្យុងយ៉ាង តែងធ្វើការឆ្លើយតប ដោយការបាញ់កាំជ្រួចជាច្រើនដង និងថែមទាំងគម្រាម ពី​ការ​ប្រើប្រាស់​ការវាយប្រហារ ដោយគ្រាប់បែកនុយក្លេអ៊ែរនោះទៀតផង។

ដូចជាកាលពីថ្ងៃទី២១ ខែមីនាកន្លងមក ក្រុងព្យុងយ៉ាង បានធ្វើការបាញ់កាំជ្រួចរយៈខ្លី ចំនួនប្រាំគ្រាប់ រំលង​ពី​លើសមុទ្រជប៉ុន។ នៅមុននេះបីថ្ងៃ គឺនៅថ្ងៃទី១៨ ខែមីនា របបកុម្មុយនីស បានបាញ់កាំជ្រួចរយៈមធ្យម ដែល​មាន​បំពាក់ដោយគ្រាប់បែក ចំនួនពីរគ្រាប់រួចហើយ។ សកម្មភាពទាំងនេះ ត្រូវបានចាត់ទុកថា ជាការបង្ករឿង និង​បាន​ធ្វើ​ឲ្យ​សន្តិសុខតំបន់ កាន់តែធ្លាក់ចុះដុនដាបឡើង ជាពិសេសនៅពេលដែលគេដឹងថា កាំជ្រួច​ទាំង​នោះ សុទ្ធ​តែ​អាច​បាញ់​ដល់​ប្រទេសជប៉ុន៕