អ្នកនាំពាក្យ​ថា រដ្ឋសភា​អាច​កោះហៅ​ឯកឧត្តម កឹម សុខា មក​បំភ្លឺ​ដោយផ្ទាល់​ពី​រឿងអាស្រូវ​ស្នេហា​

​អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង បាន​បញ្ជាក់ថា រដ្ឋសភា​អាច​កោះអញ្ជើញ​ឯកឧត្តម កឹម សុខា មក​បំភ្លឺ​ដោយផ្ទាល់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ស្នេហា នៅ​ចំពោះមុខ​សមាជិក​រដ្ឋសភា​បាន បើសិនជា​ករណីនេះ ឈានដល់​ដំណាក់កាល​ចាំបាច់​។ ការ​ថ្លែង​របស់​អ្នកនាំពាក្យ​រូបនេះ​ធ្វើឡើង​ក្នុង​សន្និសីទ​ស្តីពី​របៀប​វីរៈ​ប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍​រដ្ឋសភា​។​

​ទោះជា​ប​ញ្ចូ​ន​លិខិត​ទៅ​ឯ​កឧ​ត្ត​ម កឹម សុខា ចំនួន​ពីរលើក​ដើម្បី​ស្នើសុំ​ការឆ្លើយបំភ្លឺ​ព័ត៌មាន​រឿងអាស្រូវ​ស្នេហា ដែល​ក្រុមយុវជន​នាំគ្នា​ដាក់​ញត្តិ​មក​រដ្ឋសភា​នោះ​ក្ដី តែ​ឯកឧត្តម កឹម សុខា ក៏​នៅតែ​មិន​ឆ្លើយតប​តាម​លិខិត​របស់លោក ឡេង ប៉េងឡុង ដែរ​។ អ្នកនាំពាក្យ​រដ្ឋសភា​រូបនេះ ទទួលស្គាល់ថា បើទោះជា​ឯកឧត្តម កឹម សុខា មិន​ឆ្លើយតប​ក្ដី ក៏​រដ្ឋសភា​គ្មាន​សិទ្ធិ​អ្វី​ដាក់ទោស​លោក កឹម សុខា ឡើយ​។ តែបើ​តាម​លោក ឡេង ប៉េងឡុង រដ្ឋសភា​អាចមាន​ចំណាត់​ការបន្ត​ដោយ​កោះអញ្ជើញ​ឯកឧត្តម កឹម សុខា មក​បំភ្លឺ​ដោយផ្ទាល់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ស្នេហា នៅ​ចំពោះមុខ​សមាជិក​រដ្ឋសភា​ទាំងអស់​បាន តាមរយៈ​ការស្នើ​ពី​សមាជិក​រដ្ឋសភា ១​ភាគ​១០ បើសិនជា​ករណីនេះ ឈានដល់​ដំណាក់កាល​ចាំបាច់ និង​ជា​រឿង​សារៈសំខាន់​ពិសេស​។​

​ថ្លែង​ក្នុង​សន្និសីទ​ស្តីពី​របៀប​វីរៈ​ប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍​រដ្ឋសភា​ព្រឹក​នេះ អ្នកនាំពាក្យ​រូបនេះ​បានបញ្ជាក់​ដូច្នេះ​ថា​៖«​មាត្រា​៨៩​រដ្ឋធម្មនុញ្ញ បាន​បញ្ជាក់ថា តាម​ការស្នើសុំ​របស់​ស​មា​ជិ​ក​ចំនួន​មួយ​ភាគ​ដប់​យ៉ាងតិច រដ្ឋសភា​អាច​អញ្ជើញ​ឥស្សរជន​ដ៏​ឧ​ត្ត​ម​ណាមួយ​មក​បំភ្លឺ​រដ្ឋសភា អំពី​បញ្ហា​សារៈសំខាន់​ពិសេស​។ នេះ​បើសិនជា​រដ្ឋសភា​យល់ថា ករណី​លោក កឹម សុខា មាន​សារៈសំខាន់​ពិសេស​លោក​អាច​ដំណាល​រឿង​មួយ​ភាគ​ដប់ អាចធ្វើ​ញត្តិ​មួយ​ឲ្យ​រដ្ឋសភា​កោះអញ្ជើញ​ឯកឧត្តម កឹម សុខា មក​»​។​

​លោក ឡេង ប៉េងឡុង បន្ថែមថា មុននឹង​កោះអញ្ជើញ​ឯកឧត្តម កឹម សុខា មក​បំភ្លឺ​នោះ រដ្ឋសភា​ក៏មាន​សិទ្ធិ​អាចបង្កើត​គណៈកម្មការ​ពិសេស​ស៊ើបអង្កេត​លើ​ករណី​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​នេះដែរ បើសិនជា​មានការ​ស្នើសុំ​ពី​តំណាងរាស្ត្រ ។ តែ​លោ​កថា រហូតមក​ពេលនេះ​លោក​មិន​ទទួលបាន​ការស្នើសុំ​ពី​តំណាងរាស្ត្រ ដើម្បី​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​លើ​ករណី​ឯកឧត្តម កឹម សុខា នៅឡើយ​ទេ​។​

​ជុំវិញ​ករណី​ឯកឧត្តម កឹម សុខា នេះ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​លោក អេង ឆៃអ៊ាង ចាត់ទុកថា ជា​រឿង​មួយ​ដែល​ឥតប្រយោជន៍ ដែល​រដ្ឋសភា​មិនគួរ​ចាប់អារម្មណ៍​និង​ផ្ដោត​សំខាន់​លើ​បញ្ហា​នេះ​ពេក​នោះទេ​។ លោក​ថា រដ្ឋសភា​គួរតែបង្កើត​គណៈកម្មកា​រ​ពិសេស​ស៊ើបអង្កេត​លើ​បញ្ហា​ករណី​ជាតិ​ធំៗ ដែលជា​រឿង​សំខាន់​ជាង​ករណី​ឯ​ឧ​ត្ត​ម កឹម សុខា នេះ​។ «​រឿង​ខ្លះ​ជា​រឿង​ឥតប្រយោជន៍ និយាយ​ឲ្យ​ខ្លី​ដូច​ពាក្យ​មួយ​គេ​ថា​រឿង​ខ្សែក្រវ៉ាត់ ជា​រឿង​ឥតប្រយោជន៍​ទេ​។ យើង​គួរ​នាំគ្នា​គិតពី​រឿង​ផលប្រយោជន៍​ជាតិ​ធំៗ​។ ហើយ​ខ្ញុំ​គាំទ្រ​បើ​ឲ្យ​គណៈកម្មការ​អចិន្ត្រៃយ៍​រដ្ឋសភា បង្កើត​គណៈកម្មការ​ដើ​ម្បី​ស៊ើបអង្កេត​រឿង​សំខាន់ៗ​របស់​ជាតិ នេះ​យើង​គាំទ្រ ប៉ុន្ដែ​បើ​ស៊ើបអង្កេត​រឿង​ឥតប្រយោជន៍​គឺ​អត់​គាំទ្រ​ទាំងអស់​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក អេង ឆៃអ៊ាង​។​

​គួរ​បញ្ជាក់ថា ក្រុមយុវជន​ដឹកនាំ​ដោយ​លោក ស្រី ចំរើន ដែល​អះអាង​ជា​និស្សិត​នោះ បានដាក់​ញ​តិ​ទៅ​រដ្ឋសភា​ចំនួន​៣​លើក ដើម្បី​ស្នើសុំ​ឲ្យ​រដ្ឋសភា​អន្តរាគមន៍​កោះហៅ​ឯកឧត្តម កឹម សុខា មក​បំភ្លឺ​រឿង​សំឡេង​ខ្សែអាត់ ដែល​ពួកគេ​សង្ស័យថា ជា​សំឡេង​ឯកឧត្តម កឹម សុខា ដែល​សាសង​ស្នេហា​ជាមួយ​នារី​ម្នាក់​។ ក្រៅ​ដាក់​ញត្តិ​នៅ​រដ្ឋសភា​ក្រុមយុវជន​ក៏បាន​ដាក់​ញត្តិ​ទៅ​នៅ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ ទីស្នាក់ការ​កណ្តាល​គណ​បក្ស​សង្គ្រោះ​ជាតិ និង​ប្ដឹង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជាដើម​។ តែ​មកដល់ពេលនេះ​មិនទាន់មាន​ការឆ្លើយតប​បែបណា​ពី​លោក កឹម សុខា ឡើយ ក្រោយពី​លោក​ប្រកាសថា «​មិន​ឈ្លោះ មិន​ឆ្លើយ មិន​ឆ្លង​»៕