យុវជន​សាលា​បាល់ទាត់​ជាតិ​កម្ពុជា ឈ្នះ​U-18 Kagoshima FC ២-០ នៅទឹកដីជប៉ុន

រូបថត៖ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជាសម្រាប់​ការ​ប្រកួត​បើក​ឆាក​ក្នុងព្រឹត្តិការណ៍ 2016 J.League Under-16 Challenge League ក្រុម​យុវជន​សាលា​កីឡា​បាល់ទាត់​ជាតិ​អាយុក្រោម​១៦​ឆ្នាំរបស់​កម្ពុជា បាន​យក​ឈ្នះ​ក្រុម​យុវជន Kagaoshima អាយុក្រោម​១៨​ឆ្នាំ ក្នុងលទ្ធ​ផល ២-០ នា​ជំនួប​នៅទីលាន Global Arena ក្រុង Fukuoka ប្រទេស​ជប៉ុន នាថ្ងៃទី​៣០ ខែមីនា នេះ។

ក្រុម​យុវជន​សាលា​កីឡា​បាល់ទាត់​ជាតិ​អាយុក្រោម​១៦​ឆ្នាំរបស់​កម្ពុជា ត្រូវបាន​អញ្ជើញ​ឲ្យ​ចូល​រួម​ព្រឹត្តិការណ៍  J.League Under-16 Challenge League នា​ឆ្នាំនេះ ជាមួយ​ក្រុម​ផ្សេង​ទៀត​នៅក្នុងតំបន់អាស៊ី ដែល​ក្នុងនោះមាន ក្រុម Pohang Steelers របស់កូរ៉េខាងត្បូង Chonburi FC របស់ថៃ PVF របស់​វៀតណាម Frenz United របស់ម៉ាឡេស៊ី។

ការប្រកួត​ប្រព្រឹត្តទៅ​ពី​ថ្ងៃទី៣០ ខែមីនា ដល់​ថ្ងៃទី​៦ ខែមេសា។ ព្រឹត្តិការណ៍​នេះ ធ្វើ​ឡើង​ក្រោម​ការសហការរវាង​ស្ថាប័ន J.League និងមូលនិធិ Japan Foundation Asia Center ក្នុង​បំណង​ឲ្យ​យុវជន​ក្នុងតំបន់អាស៊ី និងជប៉ុន ផ្លាស់​ប្តូរ​បទពិសោធន៍​គ្នា​លើ​ជំនាញ​បាល់ទាត់ និង​វប្បធម៌៕