វិនិយោគិន​ក្នុង​វិស័យ​កាត់​ដេរ​ជំរុញ​ឲ្យ​រដ្ឋសភា​កែ​សម្រួល​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព

វិនិយោគិន​មក​ពី​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា ជីម៉ាក់ (GMAC) និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា ហៅ​កាត់​ថា ខែមហ្វ៊ីបា (CAMFEBA) បង្ហាញ​ក្ដី​បារម្ភ​របស់​ខ្លួន​មួយ​ចំនួន​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​សហជីព។ ទន្ទឹម​គ្នា​នេះ វិនិយោគិន​ក៏​ជំរុញ​ឲ្យ​រដ្ឋសភា កែ​សម្រួល​មាត្រា​មួយ​ចំនួន​នៃ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព ដែល​នៅ​មាន​ភាព​ចម្រូងចម្រាស ប៉ុន្តែ​សំណើ​សុំ​របស់​វិនិយោគិន ត្រូវ​បាន​សហជីព​ចាត់​ទុក​ថា មាន​ចេតនា​ជ្រៀតជ្រែក​ការងារ​សហជីព​កម្ពុជា។

វិនិយោគិន​ក្នុង​វិស័យ​កាត់​ដេរ ជំរុញ​ឲ្យ​រដ្ឋសភា​កែ​មាត្រា​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​សហជីព​ចំនួន ៧​ចំណុច គឺ​មាត្រា​ចែង​អំពី​ការ​កំណត់​ចំនួន​សមាជិក​ក្នុង​ការ​បង្កើត​សហជីព ការ​ផ្ដល់​ប្រភព​ថវិកា​ដល់​ក្រសួង​ការងារ ការ​រក្សា​បញ្ជិកា ការ​លុប​បញ្ជិកា និង​ការ​ផ្ដល់​សិទ្ធិ​ដល់​ក្រសួង​ការងារ ដើម្បី​ព្យួរ​ការ​ចុះ​បញ្ជិកា​របស់​សហជីព ជាដើម។

ការ​លើក​ឡើង​របស់​វិនិយោគិន​ក្នុង​វិស័យ​កាត់​ដេរ​នៅ​ពេល​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ជំហរ និង​សំណើ​របស់​និយោជក​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សហជីព ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន តំណាង​ក្រុមប្រឹក្សាភិបាល​នៃ​សហព័ន្ធ​វិនិយោគ និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា ខែមហ្វ៊ីបា លោក ណាង សុធី មាន​ប្រសាសន៍​ថា ការ​ដាក់​ជូន​សំណូមពរ​ទាំង ៧​ចំណុច គឺ​ចង់​ធ្វើ​ឲ្យ​ការ​កែប្រែ​ច្បាប់​ស្ដីពី​សហជីព​មាន​ភាព​ស្មើ​គ្នា​រវាង​សហជីព និង​និយោជក និង​ដើម្បី​ការពារ​ផល​ប្រយោជន៍​កម្មករ។ លោក​អះអាង​ថា មាត្រា​ទាំង​នេះ​មិន​ទាន់​បាន​ការពារ​ផល​ប្រយោជន៍​ទាំង​និយោជក និង​កម្មករ​និយោជិត​នៅ​ឡើយ។ លោក​បញ្ជាក់​ថា ជាក់ស្តែង​ក្នុង​មាត្រា​១០ រដ្ឋសភា​ត្រូវ​កែ​សម្រួល​ការ​កំណត់​ចំនួន​សមាជិក​ចំនួន ២០% នៃ​កម្លាំង​ពលកម្ម​សរុប​ក្នុង​សហគ្រាស​មួយ ទើប​អាច​បង្កើត​សហជីព​បាន ព្រោះ​ថា បើ​កំណត់​ត្រឹម​ចំនួន ១០​នាក់ អាច​បង្កើត​សហជីព​បាន ដូច​ក្នុង​សេចក្ដី​ព្រាង​នៃ​ច្បាប់​នេះ គឺ​នាំ​ឲ្យ​មាន​សហជីព​ច្រើន​ពេក​ក្នុង​រោងចក្រ​សហគ្រាស​មួយ និង​ធ្វើ​ឲ្យ​កង្វល់​ទៅ​លើ​ស្ថិរភាព​នៃ​បរិយាកាស​អាជីវកម្ម​កម្ពុជា៖ «យើង​ជឿជាក់​ថា បញ្ហា​ដែល​យើង​ប្រឈម​ជាមួយ​សហជីព នឹង​នៅ​តែ​ដដែល គុណភាព​នៃ​មេ​ដឹក​នាំ​សហជីព​នៅ​តែ​មិន​ទាន់​សមស្រប អ្នក​វិនិយោគ គេ​នឹង​ពិចារណា ហើយ​ទន្ទឹម​នឹង​អ្នក​វិនិយោគិន​ក្នុង​ស្រុក​គេ​កំពុង​តែ​ឈប់​បណ្ដាក់​ទុន​បណ្ដើរ​នៅ​ក្នុង​ស្រុក ដោយសារ​ពលកម្ម​កាន់​តែ​ថ្លៃ និង​ដោយសារ​តែ​ច្បាប់​មិន​ទទួល​ការ​អភិវឌ្ឍ»

ក្រៅ​ពី​នេះ ខាង​ក្រុម​វិនិយោគិន​ក្នុង​វិស័យ​កាត់​ដេរ ក៏​យល់​ថា មាត្រា​២០ នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ អាច​បង្ក​ក្តី​បារម្ភ​សម្រាប់​និយោជក​ផង​ដែរ ពីព្រោះ​ច្បាប់​នេះ​បាន​កំណត់​កម្រិត​អប់រំ​ទាប​ពេក​សម្រាប់​មេ​ដឹក​នាំ​សហជីព​ដែល​ត្រូវ​កាន់​តួនាទី​គ្រប់គ្រង​ក្នុង​សហជីព​មួយៗ។ មិន​តែ​ប៉ុណ្ណោះ វិនិយោគិន​ក៏​សុំ​ឲ្យ​រដ្ឋសភា​កែ​សម្រួល​មាត្រា​១៩ ដែល​ចែង​ថា មាន​តែ​តុលាការ​ការងារ​ប៉ុណ្ណោះ​ដែល​អាច​ព្យួរ​បញ្ជិកា​សហជីព​មិន​ឲ្យ​ប្រតិបត្តិការ ប្រសិន​បើ​សហជីព​ត្រូវ​បាន​រក​ឃើញ​ថា បាន​អនុវត្ត​ការងារ​ដោយ​រំលោភ​ច្បាប់។

ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​វិនិយោគិន​ចំពោះ​ចំណុច​នេះ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ យល់​ថា ចំណុច​នានា​ដែល​ខាង​វិនិយោគិន​លើក​ឡើង គឺ​ចង់​បំផ្លាញ​សហជីព និង​សិទ្ធិ​កម្មករ​ក្នុង​ការ​បង្កើត​សហជីព ពិសេស​ជា​ចេតនា​ជ្រៀតជ្រែក​ការងារ​របស់​សហជីព​នៅ​កម្ពុជា ប៉ុណ្ណោះ៖ «បច្ចុប្បន្ន​ច្បាប់​មិន​ទាន់​ទាំង​កំណត់ ១​នាក់ ឬ ៣​នាក់ ដើម្បី​បង្កើត​សហជីព​បាន​ផង សម្រាប់​សហជីព​ឯករាជ្យ ចឹង​អា​នេះ​ជា​ចេតនា​អាក្រក់​មួយ​ដែល​រារាំង​សិទ្ធិ​សហជីព និង​កម្មករ​នៅ​កម្ពុជា»

ឆ្លើយ​តប​នឹង​ការ​ស្នើសុំ​របស់​ក្រុម​អ្នក​វិនិយោគិន មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ការ​ស្នើសុំ​របស់​តំណាង​វិនិយោគិន វា​មាន​ទិសដៅ​ផ្ទុយ​គ្នា​ពី​ការ​ស្នើសុំ​របស់​ក្រុម​សហជីព។ លោក​ថា គណៈកម្មការ​ចំពោះ​កិច្ច​គណបក្ស​ទាំង​ពីរ​គណបក្ស បាន​ឯកភាព​គ្នា​ថា ការ​កំណត់​ចំនួន​សមាជិក​បង្កើត​សហជីព​មូលដ្ឋាន​មួយ​បាន គឺ​មាន​សមាជិក​យ៉ាង​តិច ១០​នាក់​នៃ​កម្មករ​ក្នុង​រោងចក្រ ឬ​សហគ្រាស​មួយ។ ដូច​នេះ ការ​សម្រេច​កែ ឬ​មិន​កែ​យ៉ាង​ណា គឺ​អាស្រ័យ​លើ​រដ្ឋសភា៖ «ឥឡូវ​បើ​សភា​ពេញ​អង្គ​បាន​ជជែក​គ្នា​ហើយ ដូច្នេះ​ទុក​លទ្ធភាព​ឲ្យ​សភា​ពេញ​អង្គ​ពិភាក្សា​គ្នា ហើយ​ចុង​បញ្ចប់ យក​ការ​អនុម័ត​ពាក្យ​បាន​ការ ៥០%+១ នៃ​ចំនួន​សមាជិក​សភា»

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​នេះ គឺ​មាន​ភាព​ចម្រូងចម្រាស​រវាង​តំណាង​កម្មករ និង​តំណាង​ថៅកែ ដែល​ភាគី​ទាំង​ពីរ​កំពុង​ទាមទារ​ឲ្យ​កែ​សេចក្ដី​ព្រាង​ច្បាប់​នេះ ដើម្បី​ការពារ​ផល​ប្រយោជន៍​រៀងៗ​ខ្លួន។

ទោះ​បី​ជា​បែប​នេះ​ក្ដី រដ្ឋសភា​គ្រោង​នឹង​លើក​យក​សេចក្ដី​ព្រាង​ច្បាប់​នេះ​មក​ពិភាក្សា ពិនិត្យ និង​សម្រេច​អនុម័ត​នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ខាង​មុខ​នេះ ប៉ុន្តែ​ក្រុម​វិនិយោគិន​ក្នុង​វិស័យ​កាត់​ដេរ ប្រកាន់​ជំហរ​ថា ប្រសិន​បើ​រដ្ឋសភា​មិន​មាន​ការ​កែប្រែ​មាត្រា​មួយ​ចំនួន​ដែល​បាន​ស្នើសុំ​នេះ វិនិយោគិន​អាច​នឹង​ពិចារណា​បញ្ឈប់​វិនិយោគ​ក្នុង​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា ហើយ​ងាក​ទៅ​បោះ​ទុន​វិនិយោគ​នៅ​បណ្ដា​ប្រទេស​ដទៃ​ទៀត។ រីឯ​ខាង​សហជីព​វិញ​ប្រកាស​ដែរ​ថា បើ​សិន​ជា​រដ្ឋសភា​មិន​ទទួល​សំណើ​ដែល​ពួក​គេ​បាន​ទាមទារ​ឲ្យ​កែប្រែ​ចំណុច​មួយ​ចំនួន​ទេ​នោះ ក្រុម​កម្មករ​នឹង​ធ្វើ​ការ​បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។