ក្រុមហ៊ុន ម៉ុង ឬទ្ធី នឹង​ដាក់​ដំណើរ​ការ​រោងចក្រ​​ច្នៃកៅស៊ូ​ក្រេប​នៅ​ខេត្ត​ព្រះស៊ីហនុ​ក្នុង​ខែ​មិថុនា

ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប (Mong Reththy Group) ចាត់​ទុក​ដំណាំ​កៅស៊ូ​ជា​ដង្ហើម​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​របស់​កម្ពុជា។ ទន្ទឹម​គ្នា​នេះ​ដែរ​ក្រុមហ៊ុន​នេះ គ្រោង​នឹង​ដាក់​ដំណើរ​ការ​រោងចក្រ​កែច្នៃ​កៅស៊ូ​ក្រែប ​នៅ​ភូមិ​ឬទ្ធី២ ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះស៊ីហនុ នៅ​ដើម​ខែ​មិថុនា​ខាង​មុខ​នេះ។

អគ្គនាយក​ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប និង​ជា​ប្រធាន​ក្រុម​ការងារ​ផ្នែក​កសិកម្ម​និង​កសិ-ឧស្សាហកម្ម​ផ្នែក​ឯកជន លោក​ឧកញ៉ា ម៉ុង ឫទ្ធី បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី ៣០ ខែ​មីនា ថា រោងចក្រ​កែច្នៃ​កៅស៊ូ​ក្រែប នេះ​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​ជាង​១​លាន ៥សែន​ដុល្លារ​អាមេរិក។ ជាង​នេះ លោក​ថា រោងចក្រ​អាច​ផ្ដល់​ការងារ​ជូន​កម្មករ​បាន​ជិត​១ពាន់​នាក់ និង​មាន​ប្រសិទ្ធភាព​អាច​កែច្នៃ​កៅស៊ូ​ក្រែប​បាន​២​តោន​ក្នុង​១​ម៉ោង។

ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប រំពឹង​ថា រោងចក្រ​នេះ នឹង​រួម​ចំណែក​ជួយ​អភិវឌ្ឍ​វិស័យ​កសិកម្ម និង​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ពលរដ្ឋ​នៅ​ជនបទ។

ការ​ដាក់​ដំណើរ​ការ​រោងចក្រ របស់​ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប នៅ​ពេល​នេះ ធ្វើ​ឡើង​កៅស៊ូ​ពិភព​លោក​បន្ត​​ធ្លាក់​ថ្លៃ​៣ឆ្នាំ​ជាប់​គ្នា ចាប់​ពី ៦.០០០​ដុល្លារ​ក្នុង​មួយ​តោន មក​ត្រឹម​៨០០ ទៅ ១.០០០​ដុល្លារ ។ បញ្ហា​នេះ បណ្ដាល​ឲ្យ​វិនិយោគិន​ដំណាំ​កៅស៊ូ​នៅ​កម្ពុជា កំពុង​អស់​សង្ឃឹម និង​ជំរុញ​ឲ្យ​ពួក​គេ​ប្រឈម​ចំពោះ​ការ​ជំពាក់​បំណុល​ធនាគារ មិន​តែ​ប៉ុណ្ណោះ​បណ្ដាល​ឲ្យ​ចម្ការ​កៅស៊ូ​ជា​លក្ខណៈ​គ្រួសារ ត្រូវ​តែ​បោះបង់​អាជីវកម្ម​របស់​ខ្លួន។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។