សហគមន៍​ទេសចរណ៍​ផលិត​ក្អម​ឆ្នាំង​ខេត្ត​កំពង់ឆ្នាំង​មាន​បញ្ហា​បែង​ចែក​ផល​ទេសចរណ៍

កសិករ​ផលិត​ក្អម​ឆ្នាំង និង​វត្ថុ​អនុស្សាវរីយ៍​នៅ​ភូមិ​អណ្ដូងឫស្សី នៃ​ខេត្ត​កំពង់ឆ្នាំង ខក​ចិត្ត​ចំពោះ​អាជ្ញាធរ និង​អ្នក​នាំ​ភ្ញៀវ​មួយ​ចំនួន​ចូល​ជាវ ឬ​ទស្សនា​តែ​ផ្ទះ​ដដែល នាំ​ឲ្យ​កសិករ​ដទៃ​ទៀត​មាន​បញ្ហា​ប្រាក់​ចំណូល។ មន្ត្រី​ទេសចរណ៍​កំពុង​រៀបចំ​អ្នក​ភូមិ​អណ្ដូងឫស្សី ឲ្យ​ក្លាយ​ជា​សហគមន៍​ទេសចរណ៍​មួយ​ត្រឹមត្រូវ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រាក់​ចំណូល​មិន​ស្មើ​គ្នា​នេះ។

នៅ​គ្រា​ដែល​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ទេសចរណ៍​ខេត្ត​កំពង់ឆ្នាំង មាន​មោទនភាព​ចំពោះ​កំណើន​ភ្ញៀវ​ចូល​ទស្សនា ឬ​ជាវ​វត្ថុ​អនុស្សាវរីយ៍​របស់​អ្នក​ភូមិ​អណ្ដូងឫស្សី មាន​កសិករ​ខ្លះ​ខក​ចិត្ត​ទៅ​វិញ។ ខក​ចិត្ត គឺ​ដោយសារ​អ្នក​នាំ​ភ្ញៀវ​ម្ដង ៣​ឡាន​ទៅ ៥​ឡាន សម្រុក​ចូល​ផ្ទះ​កសិករ​ម្នាក់ ឬ​ពីរ​នាក់ ខណៈ​ពលរដ្ឋ​ផលិត​វត្ថុ​អនុស្សាវរីយ៍​មាន​រហូត​ដល់​ជិត ១០០​គ្រួសារ ហើយ​កន្លង​មក អាជ្ញាធរ​មិន​សូវ​អើពើ​ដោះស្រាយ​ឡើយ។

លេខា​ភូមិ​អណ្ដូងឫស្សី និង​ជា​កសិករ​ផលិត​វត្ថុ​អនុស្សាវរីយ៍​ពី​ដី គឺ​លោកស្រី កែវ ចន្ធា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ថា ភ្ញៀវ​ទេសចរ​បរទេស​ផ្ដោត​សំខាន់​ទៅ​លើ​សកម្មភាព​ស្មូន​ក្អម​ឆ្នាំង ប៉ុន្តែ​របស់​ដែល​លក់​ដាច់​ជាង​គេ គឺ​វត្ថុ​អនុស្សាវរីយ៍​តូចៗ​ងាយ​ដាក់​តាម​ខ្លួន ឬ​ដឹក​តាម​យន្តហោះ។ លោកស្រី​ថា បើ​អ្នក​ផលិត​ទាំងអស់​បាន​ចងក្រង​ជា​សហគមន៍​តែ​មួយ​ដោយ​រៀបចំ​លក្ខន្តិកៈ ហើយ​ដំណើរ​ការ​បាន​ល្អ នោះ​ប្រជា​សហគមន៍​នឹង​លែង​មាន​បញ្ហា៖ «និយាយ​រួម​ចូល​មក​តែ​ខាង​ផ្ទះ​ធ្វើ​ក្អម​ឆ្នាំង និង​ឡើង​ត្នោត​អី​ធម្មតា ប៉ុន្តែ​ភ្ញៀវ​តាម​តុតុ (ម៉ូតូ​កង់​បី) ចូល​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ច្រើន ប៉ុន្តែ​បើ​មក​ម្ដង ៥ ទៅ ៦​ឡាន​ម៉ង គឺ ហ្គាយ (Guide = អ្នក​នាំ​ភ្ញៀវ) នាំ​ចូល​តែ​បី​ផ្ទះ​អី​ទេ»

ឆ្លើយ​តប​បញ្ហា​នេះ ទាំង​ប្រធាន​ការិយាល័យ​ផែនការ និង​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ឆ្នាំង អះអាង​ថា សហគមន៍​ទេសចរណ៍​ភូមិ​អណ្ដូងឫស្សី បាន​បោះឆ្នោត​ជ្រើសរើស​គណៈកម្មការ ហើយ​អាច​ដំណើរ​ការ​នៅ​ចុង​ឆ្នាំ​២០១៦ ខាង​មុខ។ មន្ទីរ​នឹង​ជួយ​សហគមន៍​ចេះ​រក​ចំណូល​ពី​វិស័យ​ទេសចរណ៍ តាម​រយៈ​ការ​បញ្ចេញ​សកម្មភាព​ស្មូន​ក្អម​ឆ្នាំង​ជូន​ភ្ញៀវ​ទស្សនា និង​ផ្ទះ​សម្រាប់​ស្នាក់នៅ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ឆ្នាំង លោក សេង សាលី ថ្លែង​ថា នៅ​ក្នុង​ដំណាក់​កាល​សហគមន៍​កំពុង​រៀបចំ​នេះ លោក​ជឿ​ថា កសិករ​ពិត​ជា​មាន​ការ​លំបាក និង​ប្រាក់​ចំណូល​ទាប ប៉ុន្តែ​កសិករ​នឹង​បង្កើន​ការ​ផលិត​ក្អម​ឆ្នាំង និង​វត្ថុ​អនុស្សាវរីយ៍ ព្រម​ទាំង​សេវាកម្ម​ទេសចរណ៍​ផ្សេង​ទៀត ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទេសចរ​ដែល​មាន​ការ​កើន​ឡើង​ជា​លំដាប់៖ «ដោយសារ​មាន​សក្ដានុពល​ទេសចរណ៍​ហ្នឹង ខ្ញុំ​ចង់​ធ្វើ​ឲ្យ​មាន​ចំណូល​ទាំងអស់ ហើយ​បែង​ចែក​ឲ្យ​ទៅ​តាម​សមធម៌​នៅ​ក្នុង​សហគមន៍​ហ្នឹង​តែ​ម្ដង»

បច្ចុប្បន្ន ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ បាន​ធ្វើ​ដំណើរ​តាម​ឡាន​ក្រុង និង​កប៉ាល់​ចូល​ទស្សនា​សកម្មភាព​ស្មូន​ក្អម​ឆ្នាំង និង​វត្ថុ​អនុស្សាវរីយ៍​ក្នុង​ភូមិ​អណ្ដូងឫស្សី ចន្លោះ​ពី ៥០​នាក់​ទៅ ៧០​នាក់​ក្នុង​មួយ​ថ្ងៃៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។