សត្រូវបងប្អូនឯង៖ ការផ្គើល បំបាក់មុខមួយ ចំពោះប្រទេសចិន (វគ្គទី១៥)

...មុនឡើយ។ នៅពេលចុះពី លើយន្តហោះ យន់ ត្រូវបានទទួលដោយ តេង ស៊ាវពីង និងឥស្សរជន ល្បីល្បាញមួយក្រុម ដែលសុទ្ធតែជាមេដឹកនាំ ជាន់ខ្ពស់។ យន់បានដើរត្រូវ ជាប្រពៃណី ទៅរកជួរកងទ័ព រំដោះប្រជាជន ដែលឈរជារបងកិត្តិយស, ទទួលបាច់ផ្កា និងរបាំងស្វាគមន៍ ដែលសម្តែងដោយក្រុម យុវជនប៉េកាំង។ តេង ដែលកាលណោះអាយុ ៧១ ឆ្នាំ (ស្លាប់នៅឆ្នាំ១៩៩៧ ក្នុងជន្មាយុ៩៣ឆ្នាំ) កាលពីមុនធ្លាប់ត្រូវពួកឆ្មាំក្រហម ប្រមាថកាតទាន (ឆ្មាំក្រហម ជាចលនាយុវជនចិនដែល ម៉ៅ បង្កើតឡើង សម្រាប់ការពារបដិវត្តវប្បធម៌ នៅប្រទេសចិន ក្នុងអំឡុងឆ្នាំ១៩៦៦-១៩៦៩  កំណត់របស់អ្នកបកប្រែ) ដោយចាត់ទុកថាជា «អ្នកដឹកមុខលទ្ធិចក្រពត្តិនិយម» នោះបានទទួលរងទុក្ខទោស អស់រយៈបួនឆ្នាំនៅក្នុងបន្ទាយ ទាហានមួយ ក្នុងឋានៈជាអ្នកលាងសម្អាត សាលបរិភោគបាយរបស់ នាយទាហាននៅទីនោះ។

ត្រូវធ្វើឲ្យមាននីតិសម្បទា ឡើងវិញ ដោយ ជូ អេនឡាយ នៅឆ្នាំ១៩៧៣ ការទទួលធើ្វបដិសណ្ឋារកិច្ច ឡេ យន់  ប្រហែលជា ការលេចមុខចុងក្រោយ របស់គាត់ជា សាធារណៈ ហើយមើលទៅមុខ នឹងជោគជ័យតារាសី របស់គាត់ធ្លាក់ចុះជាថ្មីទៀត។ លើទីលាន ទៀន អានម៉េន នៅក្រុងប៉េកាំង គេឃើញមាន គោមពណ៌ក្រហម និងពណ៌ទឹកមាសធំៗ ទង់ជាតិនិងទង់ជ្វាលា ស្អេកស្អះដែលបង្ហាញឲ្យ ឃើញពីមិត្តភាពរវាង ប្រជាជនទាំងពីរ។ ប៉ុន្តែ បរិយាកាសរីករាយ ប្រែទៅជាសោះកកោះភ្លាម មួយរំពេច ក្នុងពិធីជប់លៀងជូនភ្ញៀវ។

តេង បានថ្លែងសុន្ទរកថា ស្វាគមន៍មួយដែលមានទម្រង់ជា «ធម៌ទេសនា» ស្តីពីគុណវិបត្តិផ្សេងៗ នៃនយោបាយ     «អនុត្តរភាពនិយម»។ ក្នុងការ វិនិច្ឆ័យពីមិត្តភាព រវាងវៀតណាម -សូវៀត តេង បានចៀសវាង មិននិយាយពី ពួកសូវៀត ចំៗឡើយ ដោយចូលចិត្តលើកឡើង ជាទូទៅពីពួកមហាអំណាច ផុតលេខជាង។ តេង បានក្រើន រំឭក វៀតណាមថា «ឥឡូវនេះ មានប្រទេសកាន់ តែច្រើនឡើងដឹងខ្លួនថា ការវាយប្រយុទ្ធនឹង អនុត្តរភាពនិយម របស់បណ្តាប្រទេស មហាអំណាច គឺជាភារកិច្ចមួយសំខាន់ ស្មើអាយុជីវិត របស់ប្រជាជន គ្រប់ប្រទេសទាំងអស់»។

នៅពេលរំឭកពី ទំនាក់ទំនងផ្សេងៗរវាង ប្រទេសចិន និងវៀតណាម តេង ពុំមានប្រើប្រាស់ឃ្លាប្រយោគ សម្រាប់ប្រើជាផ្លូវការ (ដែលស្ទើរ ដូចឃ្លាថា «សាមគ្គីស្អិតល្មូត ដូចបបូរមាត់ និងធ្មេញ» ឡើយ។ ចំពោះ ឡេ យន់ គាត់ត្រូវបានធ្វើឲ្យ ដឹងខ្លួនឡើងវិញថា ការឧបត្ថម្ភគាំពារ និងការអភិវឌ្ឍ ចំណងមិត្តភាព គឺជាផលប្រយោជន៍ សំខាន់ស្មើអាយុជីវិត រវាងប្រទេសយើងទាំងពីរ ។

យន់ ពុំមានមុខនៅពីធី ជប់លៀងដំបូង របស់គាត់ក្នុងមហាសាល នៃវិមានប្រជាជន ដែលតុបតែង លំអដោយជើង ទៀនជាច្រើនទេ។ នេះជាលើកទីមួយហើយ ដែល ឡេ យន់ មក កាន់ក្រុងប៉េកាំងពុំត្រឹមតែ មកសុំជំនួយមួយមុខ ប៉ុណ្ណោះទេ ប៉ុន្តែ ដើម្បីបញ្ជាក់អះអាងពីជំហរ របស់វៀតណាម ដែលរួមគ្នាតែមួយ និងឯករាជ្យផង។ គាត់បានថ្លែង សរសើរ យ៉ាងច្រើន ពីជោគ ជ័យរបស់ចិន ក្នងការកសាង លទ្ធិសង្គមនិយម។ វៀតៃណាមបាន សម្តែងនូវ «មនោសញ្ចេតនា យ៉ាងកក់ក្តៅបំផុត និងការដឹងគុណយ៉ាង ជ្រាលជ្រៅ ផុសចេញពីក្រអៅបេះដូងពិតៗ» ចំពោះជំនួយរបស់ចិន។

ដោយគួរសម ប៉ុន្តែ ម៉ឺងម៉ាត់ យន់  បានគូសបញ្ជាក់ថា គាត់ មិនយល់ស្របនឹង «ទស្សនៈពិភពលោក» របស់បណ្តាមេដឹកនាំគាត់ទេ។ ដោយកត់សម្គាល់ថា ជ័យជម្នះរបស់ វៀតណាម ពុំអាចកើតមានទេ បើសិនជាគ្មានសមានចិត្ត និងជំនួយដ៏សន្ធឹកសន្ធាប់ និងដ៏មានតម្លៃ របស់បណ្តាប្រទេសសង្គមនិយម ជាបងប្អូននិយាយដោយឡែក គឺប្លុកសូវៀត តែ  ម្តង។ យន់ បានបន្តដោយពាក្យពេចន៍របៀបនេះថា «ចំពោះមូលហេតុនេះ ជ័យជម្នះរបស់យើង គឺជាជ័យជម្នះរួមរបស់   បណ្តាកម្លាំងសង្គមនិយម ដែលស្រឡាញ់ឯករាជ្យជាតិប្រជាធិបតេយ្យ និងសន្តិភាពក្នុង ការតស៊ូ រួមប្រឆាំងនឹងចក្រពត្តិ និយម ដែលមានអាម៉េរិកាំងជាមេខ្លោង»។

ពោលដោយខ្លីវៀតណាម នឹងមិនចូលរួមជាមួយប្រទេសចិន ក្នុងយុទ្ធនាការ ប្រឆាំងសហភាពសូវៀតឡើយ។ ប៉ុន្តែ ថ្វីដ្បិតតែមានការខ្វែងមតិគ្នា ផ្នែកនយោបាយទាំងនេះ ក៏ដោយ ក៏ យន់ នៅតែទទួចសុំជំនួយរបស់ចិន។ គាត់បានរំឭកប្រាប់ម្ចាស់ផ្ទះថា ប្រជាជនវៀតណាម «ត្រូវធ្វើឲ្យជឿជាក់យ៉ាងម៉ឺងម៉ាត់ថា ក្នុងសម័យកាលថ្មីនេះ ក៏ដូចក្នុង អតីតកាល ពួកគេនឹងនៅតែ ទទួលគុណប្រយោជន៍ ពីការគាំទ្រដ៏កក់ក្តៅនិងជំនួយ ដ៏ច្រើនសន្ធឹកសន្ធាប់» របស់ប្រទេសចិនជានិច្ច។

នៅក្រុងហាណូយ ទីភ្នាក់ងារព័ត៌មានវៀតណាម បានហាមមិនឲ្យផ្សាយ ក្នុងសេចក្តីរាយការណ៍របស់គាត់ នូវការនិយាយយោងទាំងអស់ដែលលើកឡើងដោយ តេង ស្តីពីអនុត្តរភាពនិយ មរបស់មហាអំណាច ផុតលេខនានាទេ។ យន់ នៅតែធ្វើមិនដឹង មិនឮចំពោះ ទឡ្ហីករណ៍ផ្សេងៗ របស់ប្រទេសចិន ដែលជាផលនៃ ការពង្រឹងរបស់ ក្រុងប៉េកាំង ទៅលើបញ្ហាជំនួយខាងផ្នែកសេដ្ឋកិច្ច។

ប្រាំសប្តាហ៍មុន ឡេ ថាញ់ងី ដែលពួកចិន ដាក់រហស្សនាមថា «ស្មូមយាចក» ដោយសារតែការធ្វើដំណើរជា ញឹកញាប់របស់គាត់ ទៅទីក្រុងប៉េកាំងនោះ បានធ្វើដំណើរ មករដ្ឋធានី ចិនជាថ្មីម្តងទៀត ដើម្បីស្នើសុំជំនួយពីប្រទេសចិន។ នៅខែ មិថុនា ឆ្នាំ១៩៧៣ នៅពេលដែល ជូ បានសន្យាថា នឹងបន្តជំនួយឲ្យវៀតណាម រយៈពេល ប្រាំឆ្នាំទៀត លើមូលដ្ឋាននៃ ជំនួយឆ្នាំ១៩៧៣។ ប៉ុន្តែ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩៧៥ មតិរបស់ជនម្នាក់ មានលក្ខណៈខុសប្លែកទាំងស្រុង។ ងី បានទៅសួរសុខទុក្ខ ជូ ដែលកំពុងត្រដរ ខ្យល់ជិតផុតដង្ហើម ទៅហើយ។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយក្រោយមក ដោយកាសែត Peking Reuiw បានឲ្យដឹងថា ជូ បានថ្លែង ប្រាប់ភ្ញៀវរបស់គាត់ថា «ក្នុងសម័យសង្រ្គាម នៅពេល ដែលប្រទេស លោកត្រូវអត់ស្បៀង យើងបានដកយករបបពីកងទ័ពរបស់យើងផ្ទាល់ ដើម្បីយកទៅជួយពួកលោក។ យើងបានធ្វើ ការប្រឹងប្រែងមួយយ៉ាងសម្បើម។ សរុបទៅ សព្វថ្ងៃនេះជំនួយ របស់យើងដែលផ្តល់ឲ្យ ប្រទេសវៀតណាម នៅតែមានសារសំខាន់ជាងជំនួយ ដែលយើងបានសម្រេច ផ្តល់ដល់ បណ្តាប្រទេសក្រៅទៅទៀត។ សូមទុកឲ្យយើងធូរស្រាលបន្តិច ដើម្បីអនុញ្ញាតឲ្យយើង ពង្រឹងកម្លាំងឡើងវិញ»។

យន់ ពិនិត្យឃើញថា ក្រមអ្នកដឹកនំាចិន បានបង្កឲ្យមានបញ្ហាជាថ្មី ដោយម៉ឺនមាត់បំផុត អំពីជំនួយជាប្រាក់ និងស្បៀង អហារសរុបដែលចិន សន្យាផ្តល់ឲ្យកាលពី ពេលកន្លងមក។ ក្រុមមេដឹកនំាចិន បាននិយាយថា…(នៅមានត)

សត្រូវបងប្អូនឯង៖ ការផ្គើល បំបាក់មុខមួយ ចំពោះប្រទេសចិន (វគ្គទី១៥)

សត្រូវបងប្អូនឯង៖ ការផ្គើល បំបាក់មុខមួយ ចំពោះប្រទេសចិន (វគ្គទី១៥)