សុំលុយទិញ​ ស្រាផឹកមិនឲ្យ​ ដុតបំផ្លាញ​ ទ្រព្យសម្បត្តិ​ និងវាយប្រពន្ធ ឲ្យរបួស

ត្បូងឃ្មុំ៖ បុរសម្នាក់ ដោយសារតែខឹង សុំលុយទិញស្រាផឹក បន្តមិនបាន បានដុតបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និងឈានទៅ ប្រើអំពើហឹង្សាលើប្រពន្ធ បណ្តាលឲ្យរងរបួស ទើបទ្រាំលែងបាន ប្តឹងនគរបាលឲ្យចាប់ខ្លួន បុរសជាប្តី កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការទៅតាមនិតិវិធី។

មន្ត្រីនគរបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា នៅថ្ងៃទី២៩​ ខែមីនា​ ក្នុងភូមិវាលកណ្តៀង​ ឃុំជប់​ ស្រុកត្បូងឃ្មុំ​ ជនល្មើសឈ្មោះ ទូច ធឿន ភេទប្រុស អាយុ៣៨ ឆ្នាំ បានផឹកស្រាស្រវឹងហើយធ្វើសកម្មភាព ដុតបំផ្លាញទ្រព្យសម្បត្តិ និង វាយតប់ទាត់ធាក់ ទៅលើស្ត្រីរងគ្រោះ ជាប្រពន្ធ ឈ្មោះ ស៊ឹម ស៊ីណា អាយុ៣៧ ឆ្នាំ ពីព្រោះតែខឹងនិង ប្រពន្ធមិនឲ្យលុយយក ទៅទិញស្រាផឹក បន្តទៀត។

មិនត្រឹមតែ វាយប្រពន្ធបណ្តាលឲ្យ រងរបួសគ្រាំគ្រា ឈឺចាប់ក្នុងខ្លួនប៉ុណ្ណោះទេ ថែមទាំង ដុតបំផ្លាញទ្រព្យសម្បត្តិ ឆេះខូចខាតម៉ូតូ ម៉ាកសេ១០០ កូរ៉េ ចំនួន១គ្រឿងទៀតផង។

មន្ត្រីនគរបាលឲ្យដឹងទៀតថា កន្លងមកជនល្មើសរូបនោះ បានធ្វើសកម្មភាព ប្រើអំពើហិង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ក្នុងគ្រួសារជាញឹកញាប់ ជាមួយគ្នានោះ សមត្ថកិច្ចប៉ុស្តិ៍ជប់ ក៍ធ្លាប់បានធ្វើកិច្ច សន្យាអប់រំ ច្រើនលើកមកហើយ តែជនល្មើសនេះ មិនព្រមកែប្រែ ទើបហេតុការណ៍លើកនេះ ធ្វើឲ្យស្ត្រីរងគ្រោះជាប្រពន្ធ សម្រេចចិត្តប្តឹង សមត្ថកិច្ចឲ្យ ឃាត់ខ្លួន បញ្ជូនទៅតុលាការ ផ្តន្ទាទោសតាមច្បាប់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត