ចាប់ខ្លួនក្មេងទំនើង ​២នាក់ យកដាវដេញកាប់ យុវជនម្នាក់ បណ្តាលឲ្យរបួស ឯ៣នាក់ទៀត រត់គេចខ្លួនអស់

ត្បូងឃ្មុំ៖ ក្រុមក្មេងស្ទាវមានគ្នា៥នាក់ ដែលសមត្ថកិច្ច សន្និដ្ឋានថា ជាក្មេងញៀនថ្នាំ បានធ្វើសកម្មភាព ជិះម៉ូតូប្រដាប់ដោយ ដាវ២ដើម ដេញកាប់យុវជនម្នាក់ បណ្តាលឲ្យរងរបួស ក្បាលយ៉ាងដំណំ នៅវេលាម៉ោង៧៖១៥នាទី យប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ នៅចំណុច តាមបណ្តោយផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិវាលកណ្តៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយករណីបង្កហឹង្សា អាណាធិបតេយ្យនេះ ជនល្មើសចំនួន២នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន។

មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាល ស្រុកត្បូងឃ្មុំ បានឲ្យដឹងថា នៅវេលាកើតហេតុដូចខាងលើ នៅលើថ្នល់ជាតិលេខ៧ ចំណុចមុខរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុន នីកូលីន ក្នុងភូមិវាលកណ្តៀង ឃុំជប់ ស្រុកត្បូងឃ្មុំ មានក្រុមក្មេងទំនើង សង្ស័យជាក្មេងញៀនថ្នាំ ចំនួន៥នាក់ ជិះម៉ូតូ២គ្រឿង ប្រើដាវ២ដើម ធ្វើសកម្មភាព ដេញកាប់យុវជនម្នាក់ឈ្មោះ អឿន ដារ៉ូ ភេទប្រុស អាយុ១៦ ឆ្នាំ រស់នៅភូមិជប់ក្រៅ ឃុំជប់ ស្រុកត្បូងឃ្មុំ ខណៈកំពុងជិះម៉ូតូ បណ្តាលឲ្យរងរបួសបែកក្បាល ដោយមិនដឹងពីមូលហេតុ។

មន្ត្រីនគរបាលបន្តថា ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាលស្រុក និងប៉ុស្តិ៍ជប់ បានស្រាវជ្រាវឈាន ទៅដល់ចាប់ខ្លួន ជនដៃដល់ បានចំនួន២នាក់ ទី១.ឈ្មោះ ស៊ាម ភារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិពោន ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ និង២.ឈ្មោះ ផៃ សុខម៉េង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិ សួងលិច សង្កាត់សួង ក្រុងសួង និងដកហូតបាន ដាវចំនួន២ដើម ផងដែរ។

ដោយឡែកជនល្មើស ៣នាក់ទៀត សមត្ថកិច្ចបានស្គាល់អត្តសញ្ញាណ ហើយកំពុងបន្តស្វែងរកចាប់ខ្លួន ។ ចំណែកជនសង្ស័យដែលចាប់បាន សមត្ថកិច្ច នគរបាលស្រុកត្បូងឃ្មុំ កំពុងសាកសួរកសាងសំណុំរឿង តាមនីតិវិធី បញ្ជូនទៅ តុលាការផ្តន្ទាទោសតាមច្បាប់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត