ចោរ​អាកាស​មាន​គ្រឿងផ្ទុះ​ក្លែងក្លាយ​ចាប់ខ្លួន​ក្រោយ​ដោះ​លែង​អ្នកដំណើរ​ទាំងអស់

រដ្ឋមន្ត្រី​អាកាសចរណ៍​ស៊ី​វិល​អេ​ហ្ស៊ី​ប លោក SHERIF FATHY រាយការណ៍​ថា ចោរ​អាកាស​ដែល​ចាប់​ពង្វាង​កាលពី​ថ្ងៃ​ទី​២៩ មីនា នូវ​យន្តហោះ​អេ​ហ្ស៊ី​ប​១​គ្រឿង​ទៅ​ចុះ​ចត​នៅ​ប្រទេស​ស៊ី​ប​ត្រូវ​បាន​ចាប់ខ្លួន ។

រដ្ឋមន្ត្រី​រូប​នេះ​បញ្ជាក់​ថា មនុស្ស​៧​នាក់​ចុង​ក្រោយ​គេ​ដែល​ស្ថិត​ក្នុង​យន្តហោះ​ត្រូវ​បាន​ដោះ​លែង​រួច​អ្នកដំណើរ​ទាំងអស់ ព្រមទាំង​ក្រុម​យានិក​សុខ​សប្បាយ​ទាំងអស់​គ្នា ។

ចោរ​អាកាស​រូប​នេះ​អះអាង​ថា ខ្លួន​គេ​មាន​ខ្សែក្រវាត់​ភ្ជាប់​គ្រឿងផ្ទុះ ពេល​ចាប់​ពង្វាង​យន្តហោះ ។ លោក SHERIF FATHY ឱ្យ​ដឹង​ថា តាម​ពិត​ទៅ​ចោរ​អាកាស​នេះ​ពុំ​មាន​គ្រឿងផ្ទុះ​ជាប់​ខ្លួន​គេ​ឡើយ រួច​ការ​ស៊ើបអង្កេត​មួយ​កំពុង​ធ្វើ​រក​មូលហេតុ​ពិតប្រាកដ ។ អាជ្ញាធរ​បាន​សួរ​ចម្លើយ​ចោរ​អាកាស​នេះ​ចង់​ដឹង​ពី​ហេតុផល​ពិតប្រាកដ​នៃ​សកម្មភាព​របស់​គេ ។

ចោរ​អាកាស​មាន​គ្រឿងផ្ទុះ​ក្លែងក្លាយ​ចាប់ខ្លួន​ក្រោយ​ដោះ​លែង​អ្នកដំណើរ​ទាំងអស់

ម្យ៉ាងវិញទៀត នាយក​រដ្ឋមន្ត្រី​អេ​ហ្ស៊ី​ប លោក SHERIF ISMAEL ថ្លែង​ថា ចោរ​អាកាស​ជនជាតិ​អេ​ហ្ស៊ី​ប​រូបគេ​ពុំ​មែន​ជា​ចោរ​អាកាស​វិ​ជ្ចា​ជីវៈ​ឡើយ ហើយ​ការ​ទាក់ទង​តាម​ទូរស័ព្ទ​ជាមួយ​ជន​នេះ​ផ្តោត​តែ​លើ​សំណើ​ផ្ទាល់ខ្លួន​នានា​របស់​គេ​ដោយ​គេ​ស្នើ​សុំ​ជួប​ជាមួយ​បណ្តា​មន្ត្រី​អឺរ៉ុប តែ​ពុំ​មាន​អ្វី​ពិសេស​ឡើយ ។

អ្នកដំណើរ​ទាំងអស់​ដែល​ជិះ​ក្នុង​យន្តហោះ​ត្រូវ​ចាប់​ពង្វាង នា​យប់​ថ្ងៃ​ទី​២៩ មីនា បាន​មក​ដល​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ទីក្រុង​គែ​រហើយ ។ មុន​នេះ​អ្នកដំណើរ​ទាំង​៨១​នាក់ ក្នុង​នោះ​មាន​ជនបរទេស​២១​នាក់​ត្រូវ​បាន​ដោះ​លែង​នៅ​ប្រទេស​ស៊ី​ប ហើយ​ចោរ​អាកាស​ត្រូវ​ចាប់ខ្លួន ។

យន្តហោះ AIRBUS A 320 របស់​ក្រុមហ៊ុន​អាកាសចរណ៍ EGYPTAIR ដែល​ហោះហើរ​រវាង​ទីក្រុង​អា​ឡិច​សង់​ឌ្រី និង​ទីក្រុង​គែរ ត្រូវ​ចោរ​អាកាស​ម្នាក់​ចាប់​ពង្វាង​ទៅ​ចុះ​នៅ​ទីក្រុង LARNACA ប្រទេស​ស៊ី​ប​នា​ព្រឹក​ថ្ងៃ​ទី​២៩ មីនា ក្រោយ​ការ​ហោះ​ចេញ​បន្តិច ។ ក្នុង​ចំណោម​អ្នកដំណើរ​មាន​ជនជាតិ​អេ​ហ្ស៊ី​ប ព្រមទាំង​ជនជាតិ​អា​មេ​រិ​ក អង់គ្លេស ហូ​ឡង់ បារាំង អីុ​តា​លី ក្រិ​ក និង​ស៊ី​រី ។ ពេល​យន្តហោះ​ចុះ​នៅ​ព្រ​លាន​យន្តហោះ​ក្រុង LARNACA នា​វេលា​ម៉ោង​៨​និង​៥០​នាទី​ម៉ោង​ក្នុងស្រុក ចោរ​អាកាស​បាន​ដោះ​លែង​អ្នកដំណើរ​ភាគច្រើន លើកលែងតែ​សមាជិក​ក្រុម​យានិក​៤​នាក់ និង​អ្នកដំណើរ​៣​នាក់ ។ អាកាសចរណ៍​ស៊ី​វិល​អេ​ហ្ស៊ី​ប​ថ្លែង​នា​ពេល​មុន​នេះ​ថា ចោរ​អាកាស​បាន​គំរាម​ធ្វើ​ឱ្យ​គ្រឿងផ្ទុះ​របស់​គេ​ផ្ទុះ តែ​យោង​តាម​អាជ្ញាធរ​ស៊ី​ប​ថា តាម​ពិត​ទៅ​នោះ​ជា​ការ​កុហក​សោះ ។

ក្រោយ​ការ​ចរចា ចោរ​អាកាស​ចង់​បញ្ជូន​លិខិត​មួយ​ច្បាប់​មាន​៤​ទំព័រ​ទៅ​ឱ្យ​អតីត​ភរិយា​គេ​ដែល​បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ​មួយ​ជាមួយ​កូន​៤​នាក់ ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រ​លាន​យន្តហោះ LARNACA ។ ប្រធានាធិបតី​ស៊ី​បលោក NICOS ANASTADES ថ្លែង​នា​ថ្ងៃ​ទី​២៩ មីនា ថា ការ​ចាប់​ពង្វាង​យន្តហោះ​នេះ​ពុំ​មែន​ជា​អំពើ​ភេរវកម្ម​ឡើយ ។

តាម​ពិត​ទៅ ចោរ​អាកាស​ជា​ជនជាតិ​អេ​ហ្ស៊ី​ប​នេះ​ពុំ​មាន​អាវុធ ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​មនុស្ស​មាន​សតិ​មិនល្អ ។ រូបគេ​គ្រាន់តែ​គំរាម​អ្នក​បើក​យន្តហោះ​ថា គេ​មាន​គ្រឿងផ្ទុះ​ប៉ុណ្ណោះ ។

គេ​តាមដាន​រឿង​ចាប់​ពង្វាង​យន្តហោះ​នេះ​អស់​ពេល​៦​ម៉ោង ។ ដោយ​ពិភាក្សា​ជាមួយ​ចោរ​អាកាស ដែល​តាម​ពិត​មានឈ្មោះ​ថា SEIF AL DIN MOHAMED MOSTAFA អាយុ​៥៨​ឆ្នាំ អាជ្ញាធរ​ស៊ី​ប​អះអាង​ថា នេះ​ពុំ​មែន​ជា​រឿង​ភេរវកម្ម តែ​ជា​សកម្មភាព​បុគ្គល​ផ្ទាល់ខ្លួន​របស់​មនុស្ស​ម្នាក់​ដែល​មាន​សតិ​មិនល្អ ។ បណ្តា​សំណើ​របស់​គេ​ពុំ​សម​ហេតុផល​ហាក់ដូចជា​មិន​ច្បាស់លាស់ ។ ម្តង​គេ​ទាមទារ​ឱ្យ​អតីត​ភរិយា​ជា​ជនជាតិ​ស៊ី​ប​មានកូន​ជាមួយ​គ្នា​ច្រើន​នាក់​មក​កាន់​ព្រ​លាន​យន្តហោះ ដើម្បី​ប្រគល់​លិខិត​មួយ​ច្បាប់ ។ បន្ទាប់​មក​រូបគេ​គំរាម​ធ្វើ​ឱ្យ​ផ្ទុះ​ប្រសិនបើ​មិន​ចាក់​ប្រេង​យន្តហោះ ដើម្បី​ឱ្យ​រូបគេ​ចាក​ចេញពី​ស៊ី​ប​ទៅ​កាន់​ទីក្រុង​អីុស្លង់​ប៊ុល ប្រទេស​តួ​ក​គី​ទេ​នោះ ។ ពេល​សំណើ​របស់​គេ​ហាក់​មិន​ត្រូវ​បាន​បំពេញ​ចោរ​អាកាស​នេះ​ក៏​បាន​អនុញ្ញាត​ឱ្យ​អ្នកដំណើរ​ជនជាតិ​អង់គ្លេស​២​នាក់​ដែល​បង្ខាំង​ទុក​ចុះ​ពី​យន្តហោះ បន្ទាប់​មក​រូបគេ​ក៏​ចេញពី​យន្តហោះ​ដែរ ហើយ​ប៉ុនប៉ង​រត់​មុន​ពេល​ត្រូវ​ចាប់ខ្លួន ។

ការ​ឆែកឆេរ​ក្នុង​យន្តហោះ​បង្ហាញ​ថា ពុំ​មាន​គ្រឿងផ្ទុះ​ណាមួយ​ក្នុង​យន្តហោះ​ឡើយ ។ ពេល​ឆែក​ខ្លួន​គេ​ឃើញ​មាន​តែ ស្រោម​ដាក់​ទូរស័ព្ទ ដែល​គេ​បោក​ថា​ជា​គ្រឿងផ្ទុះ ។

ការ​ចាប់​ពង្វាង​យន្តហោះ​នេះ​កើត​មាន​៥​ខែ​ក្រោយ​ការ​ធ្លាក់​យន្តហោះ AIRBUS A-321 របស់​រុ​ស្ស៊ី​មួយ​គ្រឿង​នៅ​តំបន់​ស៊ី​ណៃ​អុ​ី​អេ​ហ្ស៊ី​ប​ជា​ស្នាដៃ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ដែល​ដាក់​គ្រឿងផ្ទុះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២២៤​នាក់ ៕